ពលរដ្ឋ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ថា​មាន​អារម្មណ៍​ឯកោ

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច នៅ​ឃុំ​ទីប៉ូ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា អាជ្ញាធរ​មិន​បាន​ខ្វាយខ្វល់​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ដី​សម្បទាន​សង្គមកិច្ច​ដែល​ពួក​គាត់​ទទួល​បាន​ពី​អាជ្ញាធរ គឺ​កំពុង​មាន​បញ្ហា ស្រប​ពេល​អ្នក​ភូមិ​ទាំង​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ​ហាក់​មាន​អារម្មណ៍​ឯកា ពីព្រោះ​ពួក​គេ​មិន​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ ការ​យល់​ឃើញ​បែប​នេះ ពីព្រោះ​ដី​សម្បទាន​សង្គមកិច្ច​ដែល​ពួក​គាត់​ទទួល​បាន​ពី​រាជ​រដ្ឋាភិបាល​ក្រោម​ជំនួយ​បរទេស គឺ​មាន​ជម្លោះ​រហូត​មក​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដូច​គ្នា។

តំណាង​ពលរដ្ឋ​មួយ​រូប គឺ​លោក វ៉ាន់ ណាត។ លោក​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ពលរដ្ឋ​ដូច​គ្នា​នោះ គឺ​មាន​ជាង ១០​គ្រួសារ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ ពីព្រោះ​ពួក​គាត់​មិន​អាច​អ្វី​បាន​សោះ​នៅ​លើ​ដី​ចម្ការ​ដែល​អាជ្ញាធរ​បាន​ចែក​ឲ្យ​ពួក​គាត់ កាល​ពី​ឆ្នាំ​២០១២។ លោក​បន្ត​ថា ជា​រឿយៗ​ពលរដ្ឋ​តែង​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ប៉ុន្តែ​លទ្ធផល​ត្រូវ​ខក​បំណង៖ «ខ្ញុំ​សួរ​ថា​អ៊ីចេះ ដំណោះស្រាយ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ម្តង​ជា​ពីរ​ដង​រហូត​បី​ដង អត់​មាន​ដោះស្រាយ​ឲ្យ​ខ្ញុំ​បាន​ច្បាស់លាស់»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត លោក សន វណ្ណា យល់​ថា ខាង​អាជ្ញាធរ គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ឡើយ ត្បិត​អី​អាជ្ញាធរ​មិន​បាន​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ទេ។ លោក​ថា ពេល​ខ្លះ​ពួក​គាត់​ត្រូវ​អស់​សង្ឃឹម ព្រោះ​ដី​សម្បទាន​សង្គមកិច្ច​ជា​ប្រភេទ​ដី​ចម្ការ គឺ​មាន​តែ​ចំនួន​នៅ​លើ​ក្រដាស ប៉ុន្តែ​ជាក់ស្តែង​មិន​អាច​ចូល​ធ្វើ​អ្វី​បាន៖ «ហើយ​ឲ្យ​ដី​មក ឲ្យ​ដី​ពាក់ព័ន្ធ​អ៊ីចឹង»

កាល​ពី​ឆ្នាំ​២០១២ ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់ ហៅ​កាត់​ថា ជី.អាយ.ហ្សេត (GIZ) សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ជូន​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ៣០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ចំនួន ៣០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ និង​ដី​ចម្ការ​ចំនួន ២​ហិកតារ។

ជុំវិញ​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​ទីប៉ូ លោក ឡាច គាម មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា កន្លង​មក​មិន​មាន​បញ្ហា​ឡើយ។ លោក​បន្ត​ថា ចំណែក​ករណី​នេះ ពួក​គាត់​អាច​មិន​បាន​គោរព​តាម​កិច្ចសន្យា​នៃ​ការ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច ព្រោះ​ជួន​កាល ពួក​គាត់​ទុក​ដី​ទាំង​នោះ​ចោល។ ម្យ៉ាង អាច​ការ​បែង​ចែក​ដី​កាល​ណោះ គឺ​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក ឬ​អាច​ដី​មាន​ជម្លោះ គឺ​ជា​ប្រភេទ​ដី​ស្ថិត​នៅ​ក្រៅ​តំបន់​ដី​សម្បទាន ជាដើម៖ «ពលរដ្ឋ​ត្រូវ​នៅ​លើ​ដី​សម្បទាន​ហ្នឹង​មួយ​ឆ្នាំ ៦​ខែ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​គាត់​អាច​នៅ​លើ​ដី​សម្បទាន​ហ្នឹង​បាន។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​អ៊ីចឹង​ទេ»

ទោះ​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ឲ្យ​បាន​ដាច់​ស្រឡះ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​ដី​បង្កបង្កើនផល​បាន​ដោយ​ស្ងប់​ចិត្ត។

ចំពោះ​ករណី​នេះ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា ការ​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន​នៅ​ខេត្ត​នេះ ធ្វើ​ឡើង​ហាក់​មាន​ភាព​ស្មុគស្មាញ ពោល​គឺ​តែង​មាន​បញ្ហា​ចោទ​ឡើង​រវាង​ពលរដ្ឋ​ជាមួយ​ប្រជាពលរដ្ឋ៖ «បើ​ពិនិត្យ​មើល​ទៅ​រឿង​ហ្នឹង​ក៏​ជា​បញ្ហា​ដែល​ត្រូវ​កង្វល់​ដែរ នៅ​ពេល​រដ្ឋ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ប្រជាពលរដ្ឋ​ជាន់​លើ​ដី​ពលរដ្ឋ​កាន់​កាប់​ហ្នឹង វា​អាច​បង្ក​អំពើ​ហិង្សា»

លោក ឈូម រុណ យល់​ថា ប្រសិន​បើ​មាន​វិវាទ​ណា​មួយ​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ដូច​គ្នា អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជា​សំណង​ផល​ប៉ះពាល់​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​បាន​សមរម្យ និង​ឆាប់​រហ័ស ជៀសវាង​អូស​បន្លាយ​ពេលវេលា​ត​ទៅ​ទៀត ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជា​អំពើ​ហិង្សា​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។