តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទទូច​ឲ្យ​តុលាការ​បន្ថែម​ល្បឿន​ស៊ើប​អង្កេត​ករណី​ហិង្សា

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប ដែល​ត្រូវ​បាន​បាតុករ​វាយ​ប្រហារ​ឲ្យ​របួស​ធ្ងន់ បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​យុត្តិធម៌​ជូន​ពួកគាត់ ខណៈ​ដែល​ពួកគេ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ។ ទន្ទឹម​នឹង​នេះ​ដែរ សកម្មជន​ការពារ​សិទ្ធិមនុស្ស ក៏​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដើម្បី​បញ្ចៀស​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

លោក ញ៉យ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទទូច​ឲ្យ​អាជ្ញាធរ និង​តុលាការ បន្ថែម​ល្បឿន​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​រូបលោក ដោយ​លោក​ស្នើ​ឲ្យ​ស្វែងរក​ជន​ដៃដល់​ពិត​ប្រាកដ និង​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សុភា ត្រូវ​បាន​បាតុករ​មួយ​ក្រុម​ចាប់​ទាញ​ចេញ​ពី​ក្នុង​ឡាន រួច​ព្រួត​គ្នា​វាយ​រហូត​ដល់​សន្លប់ ខណៈ​ដែល​តំណាងរាស្ត្រ​ទាំងពីរ​កំពុង​បើក​រថយន្ត​ចេញ​ពី​រដ្ឋសភា។

ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​នេះ តំណាងរាស្ត្រ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។ មក​ទល់​ពេល​នេះ លោក ញ៉យ ចំរើន រៀបរាប់​ថា របួស​របស់​លោក​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ៖ «»។

ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​វាយ​ប្រហារ​នេះ ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ស្វែងរក​ក្រុម​មនុស្ស​ដែល​វាយ​អ្នក​តំណាងរាស្ត្រ​យក​មក​ផ្ដន្ទាទោស។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា កម្លាំង​នៅ​ក្រសួង​របស់​លោក​នឹង​ធ្វើ​ការ​សហការ​ជាមួយ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​សមាជិក​សភា​ដែល​ត្រូវ​បាន​គេ​វាយដំ​នោះ៖ «»។

តាម​រយៈ​មេធាវី​របស់​ខ្លួន តំណាងរាស្ត្រ​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ព្រម​ទាំង​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល។

មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប គឺ​លោក ជូង ជូងី។ លោក​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ពាក្យ​បណ្ដឹង​ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ៖ «»។

ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ជន​ដៃដល់​ចេញ​មុខ​មក​ទទួលទោស ជនសង្ស័យ​ចំនួន​បី​នាក់​បាន​ស្ម័គ្រចិត្ត​ចេញ​សារភាព​ថា ពួកគេ​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង។ បន្ទាប់​មក ពួកគេ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ថា តុលាការ​គួរ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដោយ​ស្វែង​រក​ជន​ដៃដល់​ពិត​ប្រាកដ​ឲ្យ​ឃើញ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា  ករណី​នេះ ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ស្វែង​រក​ជន​ដៃ​ដល់​ពិតប្រាកដ​មក​ផ្ដន្ទាទោស​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា ហើយ​រឹតតែ​ធ្វើ​ឲ្យ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ថែម​ទៀត៖ «»។

​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល បញ្ចប់​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ស្នើ​ថា ជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស គួរ​ត្រូវ​នាំ​ខ្លួន​មក​ទទួលទោស។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​ចេញ​លិខិត​ណែនាំ​ដល់​អភិបាល​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ខេត្ត រាជធានី ទាំង​អស់ ពង្រឹង​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ដល់​អ្នក​នយោបាយ អ្នក​ការទូត និង​អ្នក​រក​ស៊ី ដោយ​មិន​ប្រកាន់​និន្នាការ។ យ៉ាង​ណា អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​តែ​បារម្ភ​ពី​សន្តិសុខ សុវត្ថិភាព​របស់​ពួកគេ ជាពិសេស​ក្នុង​ពេល​ដែល​កម្ដៅ​នយោបាយ​កំពុងតែ​កើន​ឡើង​ខ្លាំង​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។