​ដំណឹង​ថ្មី​ចំពោះ​អ្នក​មាន​បញ្ហា​ជាមួយ​កូលេ​ស្តេ​រ៉ុល​៖ វ៉ាក់សាំង​បង្ការ​មួយ​កំពុងតែ​ត្រូវ​គេ​រៀបចំ​បង្កើត​ឡើង​ហើយ​

​ដំណឹង​ថ្មី​ចំពោះ​អ្នក​មាន​បញ្ហា​ជាមួយ​កូលេ​ស្តេ​រ៉ុល​៖ វ៉ាក់សាំង​បង្ការ​មួយ​កំពុងតែ​ត្រូវ​គេ​រៀបចំ​បង្កើត​ឡើង​ហើយ​

ព័ត៌មាន​មួយ​នេះ ដែល​មាន​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្តប័ត្រ Vaccine  ក្នុង​ពេល​ថ្មីៗ​នេះ ស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូងៗ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of New Mexico និង National Institutes of Health ពិតជា​កំពុងតែ​រៀបចំ​បង្កើត​វ៉ាក់សាំង​មួយ ដើម្បី​បង្ការ​ការឡើង​ជាតិ​កូលេ​ស្តេ​រ៉ុល​នៅក្នុងឈាម​ប្រាកដមែន ហើយ​ការអនុវត្ត​សាកល្បង​លើ​សត្វ​កណ្តុរ​និង​សត្វ​ស្វា​បាន​បង្ហាញ​ឱ្យឃើញ​ថា​វា​គួរ​ឱ្យ​មាន​សង្ឃឹម​ច្រើន​។​
​កន្លងមក មាន​មនុស្ស​រាប់លាន​នាក់​លេប​ឱសថ​ដែល​គេ​ហៅថា​cholesterol-lowering statins ដើម្បី​បញ្ចុះ​អត្រា​កូលេ​ស្តេ​រ៉ុល​។ នៅពេលណា​ដែល​វ៉ាក់សាំង​នេះ​ត្រូវបាន​ផលិតឡើង នោះ​គេ​នឹង​លែង​មាន​ការពិបាក​ទៀត​ហើយ​។​

​វ៉ាក់សាំង​ថ្មី​នេះ​នឹង​ធ្វើ​ប្រតិកម្ម​ទៅ​លើ​ប្រូតេអ៊ីន​មួយ​ឈ្មោះថា PCSK9 ដែលជា​អ្នក​គ្រប់គ្រង​កម្រិត​កូលេ​ស្តេ​រ៉ុល​នៅក្នុងឈាម ហើយ​ការចាក់​វ៉ាក់សាំង​ត្រឹមតែ​១​ម្ជុល​អាច​បំបាត់​កូលេ​ស្តេ​រ៉ុល​អាក្រក់​(LDL) ចេញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​លោក​វេជ្ជបណ្ឌិត Dr. Bryce Chackerian មកពី​សាកលវិទ្យាល័យ University of New Mexico និង​ជា អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​វ៉ាក់សាំង​នេះ​ឡើង បាន​និយាយថា​"​អ្វី​ដែល​គួរឱ្យ​រំភើប​នោះ​គឺថា​វ៉ាក់សាំង​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ឱសថ​លេប​"​។ ណាមួយ​ឱសថ​លេប​អាច​នឹង​មាន​ផលវិបាក​បន្ទាប់បន្សំ​ផ្សេងៗ​ជាច្រើន​ផង​។​

​កន្លងមក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ចេញ​ការអនុញ្ញាតិ​លើ​ឱសថ​ប្រភេទ PCSK9-inhibitors រួចមកហើយ​។​

​បើទោះជា​យ៉ាងណាក្តី គេ​ត្រូវ​ធ្វើ​ការសិក្សា​ច្រើន​តទៅទៀត ដើម្បី​ប្រាកដថា​វ៉ាក់សាំង​បង្ការ​ការឡើង​កូលេ​ស្តេ​រ៉ុល​មួយនេះ អាច​យកមក​ប្រើ​លើ​មនុស្ស បាន​ដែរឬទេ​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។