​ការសិក្សា​ថ្មី​មួយ​និយាយ​ថា អ្នក​ផឹក​កាហ្វេ​រស់​បាន​យូរ​ជាង​

​ការសិក្សា​ថ្មី​មួយ​និយាយ​ថា អ្នក​ផឹក​កាហ្វេ​រស់​បាន​យូរ​ជាង​

មាន​ការច្របូកច្របល់​មួយទៀត​ហើយ​ជាមួយនឹង​កាហ្វេ ដែល​កន្លងមក​មាន​កា​រ​ទទួលស្គាល់​ថា​មិន​ល្អ​ចំពោះ​សុខភាព​ទេ ស្រាប់តែ​ឥឡូវនេះ​មានការ​អះ​អាច​ថា វា​មិន​គ្រាន់តែ​ល្អ​ចំពោះ​សុខភាព​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ធ្វើឱ្យ​រស់​នៅ​មាន​អាយុ​វែង​ថែមទៀត​ផង​។​

​ពួក​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​ធ្វើ​ការសិក្សា​លើ​មនុស្ស​មិន​ជក់បារី​ជាង​២០​ម៉ឺន​នាក់​អស់​ពេល​២៨​ឆ្នាំ ហើយ​បាន​រកឃើញថា អ្នក​ដែល​ផឹក​កាហ្វេ​ពី​៣​ទៅ​៥​ពែង​ក្នុង​១​ថ្ងៃ ទោះជា​កាហ្វេ​ដែលមាន​ឬ​ក៏​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​យ៉ាងណាក្តី មាន​អត្រា​ស្លាប់​ដោយ​ជំងឺ​១៥%​តិច​ជាង​អ្នក​ដែល​មិន​ផឹក​កាហ្វេ​សោះ​។​

​លោក​វេជ្ជបណ្ឌិត Frank Hu, M.D., Ph.D., M.P.H. អ្នកដឹកនាំ​ការសិក្សា​បាន​និយាយថា នេះ​គឺ​មក​ពី​កាហ្វេ​សម្បូរ​ទៅដោយ​អាស៊ីត​មួយ​ឈ្មោះថា chlorogenic acid​។ អាស៊ីត​មួយ​នេះ​ក៏​ជួយ​ឱ្យ​អ្នក​ផឹក​មាន   អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង​ថយចុះ​១៩% និង​អត្រា​ស្លាប់​ដោយ​ជំងឺ​ទឹកនោម​ផ្អែម​ថយ​ចុះ​បាន​២៤% ផងដែរ​។ វា​មាន​ការ​រលាក​ច្រើន​នៅក្នុង​ជំងឺ​ទាំង​២​នេះ ហើយ chlorogenic acid អាច​ជួយ​កាត់បន្ថយ  បាន​។​

​ពួក​អ្នក​ស្រាវជ្រាវ​ក៏​បាន​រកឃើញ​ផងដែរ​ថា អ្នក​ដែល​ផឹក​កាហ្វេ​ពី​៣​ទៅ​៥​ពែង​ក្នុង​១​ថ្ងៃ មាន​អត្រា​ស្លាប់​ដោយ​ជំងឺ​ចុះខ្សោយ​សរសៃប្រសាទ ដូច​ជា​ជំងឺ Parkinson ជាដើម ដល់​ទៅ​៣៧%​តិច​ជាង​អ្នក​ដែល​មិន​ផឹក​កាហ្វេ​សោះ​។ លោក​វេជ្ជបណ្ឌិត Hu. ពន្យល់ថា គឺ​ដោយសារ​កាហ្វេ​ភ្ញោ​ច​ឱ្យ​មាន​ការបង្កើតឡើង​នូវ dopamine ដែល​មាន​ការខ្វះខាត​ជា​ខ្លាំង​នៅក្នុង​ជំងឺ​នេះ​។ មិនតែប៉ុណ្ណោះ កាហ្វេ​ក៏​ជួយ​ជំរុញ​ឱ្យ​មាន​ការបញ្ចេញ​នូវ neurotransmitters នៅ​ក្នុង​ខួរក្បាល​ផងដែរ ដែល​នឹង​ជួយ​ឱ្យ​កាត់បន្ថយ​កត្តា​ធ្វើឱ្យ​មាន​ការ​ធ្លាក់​ទឹកចិត្ត​។​

​លោក​វេជ្ជបណ្ឌិត​បាន​និយាយ​បន្ថែមទៀតថា មិន​មាន​ខ្នាត​ថា​មនុស្ស​ម្នាក់​ត្រូវ​ផឹក​កាហ្វេ​ប៉ុន្មាន​នោះទេ​។ ៣​ទៅ​៥​ពែង​អាច​ជា​ការល្អ ក៏​ប៉ុន្ត​បរិមាណ​តិច​ជាង​នេះ​ក៏​ល្អ​ដែរ​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។