កម្ពុ​ជាមាន​ពិន្ទុ​ទាប​ជាងគេ នៃ​ស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា ស្ថិតក្នុង​ចំណោម​៣២​ប្រទេស​

​របាយការណ៍​សកល​នៅ​ឆ្នាំ​២០១៥​នេះ បាន​វាយតម្លៃ​លើ​ប្រទេស​ចំនួន ១០២ នៅ​ជុំវិញ​ពិភពលោក ដោយបាន​រកឃើញថា ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​៣២​ប្រទេស ដែលមាន​ពិន្ទុ​ទាប​ជាងគេ នៅ​លើស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា ហៅ​កាត់​ថា OBI ។ របាយការណ៍​សកល​នេះ​ជា​របាយការណ៍​ទី​ប្រាំ និង​ជាការ​អង្កេត​ប្រៀបធៀប និង​ឯករាជ្យ​នៅ​កម្រិត​សកល​តែមួយគត់ លើ​តម្លាភាព​ថវិកា ការចូលរួម​របស់​ប្រជាពលរដ្ឋ និង ស្ថាប័ន​ត្រួតពិនិត្យ​ឯករាជ្យ​នៅក្នុង​កិច្ចដំណើរការ​រៀបចំ​ថវិកា​។

​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បានបង្ហាញ​របាយ​ការ​ស្ដី​ពីស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា ឬ ហៅ​កាត់​ថា OBI ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​វាយតម្លៃ​ពិន្ទុ​តម្លាភាព​ថវិកា​ទៅលើ​ប្រទេស​នីមួយៗ​។ តាមរយៈ​ស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា​នេះ បាន​បង្ហាញថា កម្ពុជា​ទទួលបាន OBI ៨ ពិន្ទុ ដែល​មានន័យថា កម្ពុ​ជាមាន​ពិន្ទុ​ទាប​ជាងគេ ហើយ​ពលរដ្ឋ​មានលទ្ធភាព​តិចតួច ឬ គ្មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន​ថវិកា ពី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​គណនេយ្យភាព​ថវិកា​នៅឡើយ​។​

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ដែល​បានធ្វើការ​ស្រាវជ្រាវ​សម្រាប់​ប្រទេស​កម្ពុជា បញ្ជាក់ថា តម្លាភាព​ថវិកា​មាន​សារៈសំខាន់ ណាស់ សម្រាប់​ប្រជាជន​កម្ពុជា​ដែលជា​ម្ចាស់​ប្រទេស និង​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា គប្បី​ផ្តល់​លទ្ធភាព​ថែមទៀត​ឲ្យ​ប្រជាជន​កម្ពុជា និង អង្គការ​សង្គម​ស៊ីវិល​ចូលរួម​នៅក្នុង​កិច្ចដំណើរការ​ទាំងស្រុង​នៃ​ការរៀបចំ​ថវិកា និង សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឲ្យ​មាន​គ​នេ​យ្យ​ភាពត្រឹមត្រូវ​។​

​នាយក​ប្រតិបត្តិ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​«​ព័ត៌មាន​ថវិកា គប្បី​ត្រូវ​ផ្សព្វផ្សាយ​ថែមទៀត​នៅលើ​គេហទំព័រ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឲ្យ​បាន​ថា​សាធារណជន​អាច​រកបាន​ព័ត៌មាន​នោះ​យ៉ាង​ងាយ​។ តម្លាភាព​ថវិកា គឺជា​ការរួមចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា និង​ការកសាង​ទំនុកចិត្ត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នានា​។ យើង​សង្ឃឹមថា នៅក្នុង​ការវាយតម្លៃ​ខាងមុខ ប្រទេស​កម្ពុជា​នឹង​បង្កើន​ពិន្ទុ​របស់ខ្លួន​។ ចំណុច​នេះ នឹង​កើតឡើង​បាន លុះត្រាតែ​រាជរដ្ឋាភិបាល​ប្តេជ្ញា​ចំពោះ​ការអនុវត្ត​អនុសាសន៍​ទាំងឡាយ​នៅក្នុង​របាយការណ៍​នៃ​ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​»​។​

​លោក វ៉ា​រ៉ិ​ន ក្រា​ហ្វ​ឈិ​ក (Warren Krafchik) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ បាន​បញ្ជាក់ថា សាធារណជន​ត្រូវការ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ថវិកា គួបផ្សំ​ជាមួយ​ការត្រួតពិនិត្យ​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ និង ស្ថាប័ន​សវនកម្ម ដែល​ប្រការនេះ​ជាការ​រួមចំណែក​ដល់​ការប្រើប្រាស់​ថវិកា​សាធារណៈ ឲ្យ​កាន់​តែមាន​គណនេយ្យភាព​។ លោក​បន្ថែមថា ភស្តុតាង​កាន់តែច្រើន បង្ហាញថា​តុល្យភាព​អំណាច​ផ្នែក​ថវិកា សម្រេចបាន​លទ្ធផល​ប្រសើរ​ជាង​មុន ជូន​ប្រជាជន ជាពិសេស​ប្រជាជន​ដែល​ក្រីក្រ ឬ​ងាយ​រងគ្រោះ​។​

​អ្នក​អង្កេត​ការ​សកល​រកឃើញថា ផ្នែក​នីតិកម្ម សមត្ថភាព​វិភាគ និង ប្រព័ន្ធ​ធានា​គុណភាព​នៅតាម​បណ្តា​ស្ថាប័ន​សវនកម្ម​ជាតិ​នៅក្នុង​ប្រទេស​ចំនួន ៣២ នៅមាន​លក្ខណៈ​ខ្វះខាត លើសរ​សរ​ស្តម្ភ​ទាំងបី​នៃ​គណនេយ្យភាព​នេះ​។ ប្រទេស​ចំនួន ៣២ ដែល​នៅ​មិនទាន់មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន​តម្លាភាព​ថវិកា​ត្រឹមត្រូវ​នោះ រួមមាន​ប្រទេស អាល់​ហ្សេ​រី បូ​លី​វី កម្ពុជា ចិន ហ្គី​ណេ​អេក្វាទ័រ ហ្វី​ជី អ៊ីរ៉ាក់ មី​យ៉ាន់​ម៉ារ កាតា និង អា​រ៉ា​ប៊ី​សា​អូ​ឌី​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​