មាន​ផ្ទៃពោះ​ជាមួយគ្នា​ហើយ ទើប​ដឹងថា​គាត់​មាន​ប្រពន្ធ​

Sanofi

​បន្ទាប់ពី​បាន​ស្គាល់គ្នា ស្រឡាញ់គ្នា និង បាន​ឡើង​គ្រែ​ជាមួយគ្នា ព្រមទាំង​មាន​ផ្ទៃពោះ​ទៀត​នោះ រឿងរ៉ាវ​បែរជា​ប្តូរផ្លាស់​ទាំងស្រុង ដោយសារ​គាត់​បាន​កុហក​នាង​ខ្ញុំ ដែល​តាមពិត​គាត់​មាន​ប្រពន្ធ​រួចហើយ ។ ​នាង​ខ្ញុំ និង គាត់​បាន​ស្គាល់គ្នា​តាំងពី​នាង​ខ្ញុំ​ទើប​បញ្ចប់​ការសិក្សា ។ អត្តចរិត​ស្លូតបូត សម្តី​ផ្អែមល្ហែម​របស់គាត់​ធ្វើឱ្យ​នាង​ខ្ញុំ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដ៏​សែន​ជ្រៅ ។ ឥរិយាបថ​ខាងក្រៅ​របស់គាត់​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​ស្មោះត្រង់ ហើយ​នាង​ខ្ញុំ​ក៏​ទុកចិត្ត​លើ​គាត់ ព្រមទាំង​បាន​ណែនាំ​គាត់​ឱ្យ​ឪពុកម្តាយ​នាង​ខ្ញុំ​ស្គាល់​ផងដែរ ។

ពេល​យើង​នៅ​ជាមួយគ្នា ឡើង​គ្រែ​ជាមួយគ្នា គាត់​ប្រាប់ថា​គាត់​ចង់​មានកូន​ជាមួយ​នាង​ខ្ញុំ​មុនពេល​រៀបការ ។ ​យើង​ជួបគ្នា​ជា​ញឹកញាប់ ហើយ​ក្រោយពី​ឡើង​គ្រែ​បាន​ប៉ុន្មាន​ថ្ងៃ គាត់​តែងតែ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​មកឱ្យ​នាង​ខ្ញុំ ព្រោះ​គាត់​ពិតជា​ចង់​បានកូន​ខ្លាំងណាស់ ។ សេចក្តីសង្ឃឹម​បានក្លាយ​ជាការ​ពិត​នាង​ខ្ញុំ​ក៏​ប្រាប់ ដំណឹង​ល្អ​នេះ​ដល់​គាត់​បន្ទាប់ពី​ពិនិត្យ​ដឹងថា​កូន​ក្នុង​ផ្ទៃ​មាន​អាយុ ៨ សបា្តហ៍ ។

ពេលនេះ​គាត់​ប្រាប់ថា ញាតិ​ខាង​គ្រួសារ​គាត់​កំពុងកាន់​ទុក្ខ ដោយមាន​មនុស្ស​ស្លាប់ និង ហេតុផល​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើឱ្យ​ម្តាយ​គាត់​មិន​ព្រមឱ្យ​រៀបការ ។ គាត់​ថា​នឹង​ជួល​ផ្ទះមួយ​កន្លែង​ឱ្យ​នាង​ខ្ញុំ​រស់នៅ ហើយ​ថា​នឹង​ចិញ្ចឹម​នាង​ខ្ញុំ និង កូន គាត់​ជឿថា​មិនយូរ​មិនឆាប់​ម្តាយ​របស់គាត់​នឹង​ទទួលស្គាល់ ។ នាង​ខ្ញុំ​ជឿ​លើស​ម្តី​គាត់ ប៉ុន្តែ​នាង​ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅ​ប្អូនស្រី​គាត់​ដើម្បី​សុំឱ្យ​ជួយ​អង្វរ​ម្តាយ​គាត់​ទទួលស្គាល់​កូនប្រសា និង ចៅ​ពេលនោះ​ប្អូនស្រី​គាត់​បាន​ណាត់ជួប​នាង​ខ្ញុំ ។

នៅពេល​បាន​ជួប​ប្អូនស្រី​គាត់​ទើប​ដឹងថា​គាត់​មាន​ប្រពន្ធ​រួចហើយ ប៉ុន្តែ​ប្រពន្ធ​គាត់​មិនអាច​មានកូន​ទេ ។ ទន្ទឹមនឹងនេះ​រឿង​មួយចំនួន​ដែល​គាត់​ធ្លាប់​និយាយប្រាប់​នាង​ខ្ញុំ​កាលពីមុន​ក៏​ជា​រឿងប្រឌិត របស់គាត់ ។ ក្រោយមក​គាត់​បាន​ទូរស័ព្ទ​មកសុំ​ទោស និង សុំឱ្យ​នាង​ខ្ញុំ​រក្សា​កូន​ក្នុង​ផ្ទៃ​នេះ ហើយ​ថា​គាត់​នឹង​លែងលះ​ប្រពន្ធ ។ នាង​ខ្ញុំ​មិន​ចង់​បាត់បង់​កូន ហើយក៏​មិន​ចង់​បាត់បង់​គាត់​ដែរ ប៉ុន្តែ​ម្តាយ​របស់​នាង​ខ្ញុំ​មិន​ព្រមឱ្យ​រៀបការ ព្រោះតែ​អំពើ​បោកប្រាស់​របស់គាត់ ។

ដោយ​មិន​ចង់ឱ្យ​ឪពុកម្តាយ​ខ្មាស​អ្នកភូមិ​នាង​ខ្ញុំ​ក៏​សម្រេច​បោះបង់​កូន​ក្នុង​ផ្ទៃ និង ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់ ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​មករក​នាង​ខ្ញុំ ។ ថ្វីបើ​នាង​ខ្ញុំ​បាន​បដិសេធ​ជាច្រើនលើក ប៉ុន្តែ​ទីបំផុត​យើង​នៅតែ​បន្ត ទំនាក់ទំនង​ស្នេហា​ដដែល ។ នាង​ខ្ញុំ​ដឹងខ្លួន​ថា​នៅតែ​ស្រឡាញ់​គាត់ ប៉ុន្តែ​ចិត្ត​ស្ត្រី​ដូចគ្នា​នាង​ខ្ញុំ​ពិតជា​យល់ច្បាស់​ពី​អារម្មណ៍​របស់​ប្រពន្ធ​គាត់​ដែល​ត្រូវ គេ​ក្បត់​ត្រូវគេ​បោះបង់ ដូច្នេះ​នាង​ខ្ញុំ​ពេលនេះ​មិនដឹងថា​ត្រូវ​បន្ត ឬក៏​ត្រូវ​បញ្ចប់​ក្តី​ស្នេហ៍​មួយ​នេះដែរ​ឬ​យ៉ាងណា ?

ចំពោះ​នារី​មាន​វិបត្តិ​

តាម​ការរៀប​រាប់រប​ស់​នាង​«​ប្រជាប្រិយ​»​ជឿថា បញ្ហា​នេះ​ហាក់ដូចជា​មិន​ស្មុគស្មាញ​ប៉ុន្មាន​ទេ ។ កូន​ក្នុង​ផ្ទៃ​របស់​នាង​អាច​បោះបង់​បាន ចុះ​ហេតុអ្វី​មិនអាច​បោះបង់​បាន​ចំ​ញេះ​មនុស្ស​ដែល​បង្ក​ឱ្យ​នាង និង អ្នកដទៃ​ឈឺចាប់ ? «​ប្រជាប្រិយ​»​ទទួលស្គាល់ថា ប្តី​ប្រពន្ធ​រស់នៅ​ជាមួយគ្នា​ដោយ​មិនអាច​បង្កើតកូន​បាន​គឺជា​រឿង​ដែល​ពិបាក​នឹង​ទទួលយក ក៏ប៉ុន្តែ​មាន​ប្តី​ប្រពន្ធ​ច្រើនណាស់​ដែល​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​ទោះ​គ្មាន​កូន​ក៏ដោយ ។

ម្យ៉ាងទៀត សម័យនេះ​គ្រូពេទ្យ​មាន​វិធី​ជាច្រើន​ធ្វើឱ្យ​ក្តី​ប្រាថ្នា​ចង់​មានកូន​ក្លាយជា​ការពិត ហេតុអ្វី​មិត្ត​ប្រុស​របស់​នាង និង ភរិយា​របស់គាត់​មិន​ទៅរក​សេវាកម្ម​ដូច ដែល​បាន​រៀបរាប់​ខាងលើ​បែរជា​ចង់​មានកូន​ជាមួយ​ស្រី​ផ្សេង​ទៅវិញ ? «​ប្រជាប្រិយ​»​ជឿថា គាត់​ក៏​ប្រហែល​ជាមាន​បញ្ហា​ផ្ទាល់ខ្លួន ដូចជា​មិនមាន​ប្រាក់ ដើម្បី​ទៅរក​ពេទ្យ​ចង់បាន​កូន​ឆាប់​ពេក គាត់​ជា​មនុស្ស​អាត្មានិយម ។​ល​។

តាម​ការរៀបរាប់ «​ប្រជាប្រិយ​»​ក៏​យល់ថា គាត់​ប្រហែលជា​មិន​ស្រឡាញ់​នាង​ប៉ុន្មាន​ទេ គោលដៅ​ចម្បង​របស់គាត់ គឺ​ចង់​បានកូន ដូច្នេះ​គាត់​ប្រហែលជា​មិន​លែងប្រពន្ធ​របស់គាត់​ដើម្បី​មក​នៅក្បែរ​នាង​ឡើយ ។ គាត់​ធ្លាប់បាន និយាយ​កុហក​នាង​ពី​រឿង​ដ៏​សំខាន់​ទាក់ទង​នឹង​ភាព​នៅ​លីវ និង ក្រោយពី​មានកូន​នឹង​រៀបការ ប៉ុន្តែ​ជាក់ស្តែង​គាត់​បាន​បដិសេធ ដូច្នេះ​ពាក្យសន្យា​ដែល​គាត់​ថា​នឹង​លែងប្រពន្ធ​ក៏​ជា​រឿង​ពិបាក​នឹង​ទុកចិត្ត​ដែរ ប្រសិនបើ​គ្មាន​លិខិតបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ តុលាការ ព្រោះថា​លិខិតបញ្ជាក់​ពី​ការ​លែងលះ​គេ​អាចធ្វើ​ក្លែងក្លាយ​បាន ។

ក្នុងសង្គម បញ្ហា​«​អង្ករ​ក្លាយជា​បាយ​»​តែង​កើតមាន​ច្រើន​ករណីខ្លះ ឪពុកម្តាយ​ទាំងសងខាង​ត្រូវ​បង្ខំចិត្ត​ទទួលយក ហើយ​ករណី​ខ្លះទៀត​ពេលវេលា​គឺជា​អ្នកដោះស្រាយ ប៉ុន្តែ​មុននឹង​បញ្ហា​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ ក្រុមគ្រួសារ ពិសេស​គឺ​ឪពុកម្តាយ​ខាង​ស្រី​ត្រូវ​រង​ភាពអាម៉ាស់​អាប់ឱន​កិត្តិយស​រួចទៅហើយ ។ យោបល់​របស់​«​ប្រជាប្រិយ​»​នាង​គួរតែ​គេចចេញ​ឱ្យ​ឆ្ងាយ​ពី​បុរស​ម្នាក់​នោះ ព្រោះថា ទីមួយ​ដើម្បី​កុំឱ្យ​ក្តី​សុខ​របស់ខ្លួន​បង្ក​ជាការ​ឈឺចាប់​ដល់​អ្នកដទៃ ( ប្រពន្ធ​របស់គាត់ ) ។ ទី​ពីរ​ដើម្បី​កុំឱ្យ​ខ្លួនឯង​ក្លាយជា​សត្រូវ​របស់​ឪពុកម្តាយ ( ព្រោះ​ពួកគាត់​បាន​ជំទាស់​រួចហើយ ) ។

ទី​បី​ដើម្បី​កុំឱ្យ​ខ្លួន​ធ្លាក់​ក្នុង គន្លង​ចាស់ ពោល​គឺមាន​ផ្ទៃពោះ​ហើយ បែរជា​ត្រូវ​មិត្ត​ប្រុស​បដិសេធ​មិន​រៀបការ​ទៅវិញ ។ ក្រៅពីនេះ​ចំណង​ស្នេហ៍​ដែល​ត្រូវ​ប្រឆាំង​ជំទាស់​ពី​គ្រួសារ​ទាំងសងខាង​តែង​នាំមក​នូវ​ផល​លំបាក និង បង្ក​ជា​បញ្ហា​ធំ​ពិបាក​ដោះស្រាយ ។ ទាំងនេះ​គឺជា​ចំណុច​សំខាន់​ដែល​នាង​គួរតែ​ពិចារណា​ឡើងវិញ​មុននឹង​សម្រេចចិត្ត​ទទួល ឬ បដិសេធ​រូបគាត់ ។ ចូរ​ប្រាកដថា គូជីវិត​របស់​នាង​ជាម​នុស្ស ដែល​ស្រឡាញ់​នាង​ច្រើនជាង​នាង​ស្រឡាញ់​គាត់ ៕


Related