ក្រុមហ៊ុន​ចំនួន​៣៤​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​សេវា​ទូរគមនាគមន៍​ ប្រឈម​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ​

​ក្រុមហ៊ុន​ចំនួន​៣៤​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​បណ្តាញ​ និង​សេវា​ទូរគមនាគមន៍​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​ មានឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ ប្រាក់ សុខុន ជារដ្ឋមន្ត្រី តាម​រយៈ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា មានឯកឧត្តម ម៉ូវ ចរិយា ជាប្រធាន​ អាច​ប្រឈម​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ​វិញ​ បន្ទាប់​ពី​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​រឹងរូស​មិន​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​បណ្តាញ​ និង​សេវា​ទូរគមនាគមន៍​ ស្រប​តាម​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ​ ទៅ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​តាម​ការ​ជូនដំណឹង​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុ​ជានា​ពេល​កន្លង​មក​ និង​បើ​នៅ​តែ​បន្ត​មិន​ព្រម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ត្រឹម​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ទេ​នោះ​ ។​

​យោង​តាម​សេចក្តីជូនដំណឹង​លេខ​១៧៦៨​ ប​.​ក​.​ទ​.​ក​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​ធ្វើការ​រំលឹក​ដល់​ក្រុមហ៊ុន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍​ ហើយ​មិន​ចាប់ផ្តើម​ដំណើរការ​សេវា​ទូរគមនាគមន៍​ឲ្យ​មក​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជា​កំហិត​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មិន​អនុវត្តន៍​តាម​ការ​ណែនាំ​នេះ​ទេ​ នឹង​ធ្វើការ​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំងនោះ​ជា​ស្ថាពរ​(​សូម​មើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ទាំង​៣៤​ជូន​ភ្ជាប់​មក​ជាមួយ​)​ ។​

​តាម​ការ​កត់សម្គាល់​របស់​មន្ត្រី​ជំនាញ​ផ្នែក​ទូរគមនាគមន៍​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​ចំណាយ​លុយ​ដើម្បី​សុំ​អាជ្ញាប័ណ្ណ​សេវា​ទូរគមនាគមន៍​ ដូច​ជា​ VoIP​ ក្តី​ ឬ​ ISP​ ក្តី​ ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​ ប៉ុន្តែ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​មិន​ដំណើរការ​សេវា​ទូរគមនាគមន៍​អ្វី​ឡើយ​ គឺ​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​ស្វែងរក​ឱកាស​លក់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ប៉ុណ្ណោះ​ ៕​

ក្រុមហ៊ុន​ចំនួន​៣៤​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​សេវា​ទូរគមនាគមន៍​ ប្រឈម​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ​ ក្រុមហ៊ុន​ចំនួន​៣៤​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​សេវា​ទូរគមនាគមន៍​ ប្រឈម​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ​