កម្ពុជា ចាញ់​ជប៉ុន ២ ទល់នឹង ០ ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ជុំ​ទី​២ កម្ពុជា​នៅសល់​មួយ​ប្រកួត​ទៀត​

ភ្នំពេញ: ​នៅ​តង់​ទី​២ ជប៉ុន​បាន​យកឈ្នះ​កម្ពុជា ដោយ​លទ្ធផល ២ ទល់នឹង ០ ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ជុំ​ទី​២ នៅ​ទឹកដី​កម្ពុជា នា​យប់​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក​។ នៅតង់ទី១ ក្នុងការប្រកួតនៅយប់នេះ កម្ពុជា បានទប់ស្មើជប៉ុន។

កាលពី​ជើង​ទី​១ កម្ពុជា បាន​ចាញ់​ជប៉ុន ៣ ទល់នឹង ០ នៅ​ទឹក​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ក្នុងការ​ប្រកួត​បាល់ទាត់​ជា​ប្រវត្តិសាស្ត្រ ដែល​ជប៉ុន ទើបតែ​មកលេង​នៅ​ទឹកដី​កម្ពុជា ជា​លើកដំបូង នា​យប់​ថ្ងៃទី​១៧​វិច្ឆិកា​នេះ គឺ​ក្រុម​អ្នក​ស្នេហា​កីឡា បាល់ទាត់ ពិសេស​យុវជន​កម្ពុជា បាន​ទិញ​សំបុត្រ ចូលទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​រវាង​កម្ពុជា និង​ជប៉ុន យ៉ាងច្រើន​កោះករ ហៀរ​ពេញ​ស្តា​ត ដែល​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​ដល់​ទៅ​ជាង ៦ ទៅ ៧ ម៉ឺន​នាក់​។​

​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ជួប​ជាមួយនឹង​ជប៉ុន កាលពី​ម៉ោង ៧ និង ១៥ នាទី យប់​ថ្ងៃទី​១៧​វិច្ឆិកា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជា​លើក​ទី​២ នៃ​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ក្នុង​ពូ​ល E​។

​កាលពី​ជួបគ្នា ជើង​ទី​១ កាលពី​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១៥ នៅ​ទឹកដី​ប្រទេស​ជប៉ុន គឺ​ក្រុមបាល់ទាត់​ជំរើសជាតិ​កម្ពុជា បាន​ចាញ់​ជប៉ុន ដោយ​លទ្ធផល ៣ ទល់នឹង ០​។ ក្រុមបាល់ទាត់​កម្ពុជា ក៏បាន​ធ្លាក់​ពី​ការប្រកួត​ជម្រុះ នៅក្នុង​ពូ​ល E ព្រោះតែ​ការប្រកួត​កន្លងមក កម្ពុជា មិនដែល​ឈ្នះ​សោះ សូម្បីតែ​ស្មើ ក៏​មិន​ដែលមាន​ដែរ​។ ពូ​ល E មាន ៥ ក្រុម គឺ​កម្ពុជា សឹង្ហ​បុរី ជប៉ុន អាហ្គានីស្ថាន និង​ស៊ី​រី​។​

​បន្ទាប់ពី​ការប្រកួត​ជាមួយ​ជប៉ុន នៅ​ថ្ងៃទី​១៧​វិច្ឆិកា​នេះ គឺ​កម្ពុជា នៅសល់​មួយ​ប្រកួត​ចុងក្រោយ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ដោយ​កម្ពុជា ត្រូវ​ជួប​ស៊ី​រី ប្រកួត​នៅ​ទឹកដី​កណ្តាល គឺ​ប្រទេស​អ៊ីរ៉ង់​។​

​សូម​រម្លឹកថា នៅ​ជុំ​ទី​១ ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ ជើង​ទី​១ កម្ពុជា បាន​យកឈ្នះ​ម៉ា​កាវ ៣ ទល់នឹង ០​។ នៅ​ជើង​ទី​២ ដែល​ម៉ា​កាវ ជា​ម្ចាស់ផ្ទះ កម្ពុជា ស្មើនឹង​ម៉ា​កាវ ១ ស្មើ​។ ដូច្នេះ​កម្ពុជា បាន​ឡើង​មកដល់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ដោយ​កម្ពុជា ស្ថិតនៅ​ពូ​ល E​។​

​នៅ​ជុំ​ទី​២ កាលពី​ថ្ងៃទី​១១​មិថុនា កម្ពុជា ចាញ់​សឹង្ហ​បុរី ៤ ទល់នឹង ០ ប្រកួត​នៅ​កម្ពុជា​

​នៅ​ថ្ងៃទី​១៦​មិថុនា កម្ពុជា ជួប​ជាមួយ អាហ្គានីស្ថាន ប្រកួត​នៅ​កម្ពុជា ដោយ​កម្ពុជា ចាញ់​អាហ្គានីស្ថាន ១ ទល់នឹង ០

​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ កម្ពុជា ជួប​ជាមួយ​ជប៉ុន ប្រកួត​នៅ​ទឹកដី​ជប៉ុន​។ លទ្ធផល កម្ពុជា ចាញ់​ជប៉ុន ៣ ទល់នឹង ០

​ថ្ងៃ​៨​កញ្ញា កម្ពុជា និង​ស៊ី​រី ប្រកួត​នៅ​កម្ពុជា ដោយ​លទ្ធផល កម្ពុជា ចាញ់​ស៊ី​រី ៦ ទល់នឹង ០

​ថ្ងៃទី​១៣ តុលា កម្ពុជា ប៉ះ​សឹង្ហ​បុរី ប្រកួត​នៅ​សឹង្ហ​បុរី ដោយ​លទ្ធផល កម្ពុជា​ចាញ់​សឹង្ហ​បុរី ២ ទល់នឹង ១

​ថ្ងៃទី​១២ វិច្ឆិកា កម្ពុជា ជួប​អាហ្គានីស្ថាន ប្រកួត​នៅ​ទឹកដី​អាហ្គានីស្ថាន គឺ​លទ្ធផល កម្ពុជា បាញ់​អាហ្គានីស្ថាន ៣ ទល់នឹង ០

​ថ្ងៃទី​១៧​វិច្ឆិកា កម្ពុជា ជួប​ជប៉ុន ប្រកួត​នៅ​ទឹកដី​កម្ពុជា ដោយ​លទ្ធផល កម្ពុជា ចាញ់​ជប៉ុន ២ ទល់នឹង​០

​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ កម្ពុជា ជួប​ស៊ី​រី ប្រកួត​នៅ​ទឹកដី​ប្រទេស​អ៊ីរ៉ង់​