នគរបាល​ក្រុង​តាខ្មៅ​ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​៥​អង្គ​ដោះ​ស្បង់​ចីវរ​បញ្ជូនទៅ​តុលាការ

កណ្តាល: សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​សហការ​ជាមួយ​មន្ត្រី​សាលា​អនុគុណ​ខេត្ត​ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​ចំនួន​៥​អង្គ​ពេល​កំពុង​និមន្ត​បិណ្ឌបាត កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បញ្ជូនទៅ​សាលា​អនុគុណ​ធ្វើ​ពិធី​ដោះ​ស្បង់​ចីវរ​ចេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។​

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា សង្ឃ​ក្លែងក្លាយ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ទី​១-​ឈ្មោះ លី ឆែ​ឡាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ម ឃុំ​ត្រពាំង​ស្រែក ស្រុក​មេសាង ខេត្តព្រៃវែង ទី​២-​ឈ្មោះ រី ស៊ឺ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៣-​ឈ្មោះ សម្បត្តិ ខេមរា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៤-​ឈ្មោះ ព្រាប ប្រុស​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៥-​ឈ្មោះ ឡុង សាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​លើ ឃុំ​ពពែ​ល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ខាងលើនេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន បាត្រ​លោក​ចំនួន​០៥ ,​ឆ័​ត្រ​តូច​ចំនួន​៥ ,​ស្បង់​ចីវរ​ចំនួន​៥​កំ​ផ្លេ ,​សំពត់​ងូត​ចំនួន​៥ ,​ថង់យាម​ចំនួន​៥ ,​សំបុត្រ​បុណ្យ​កឋិនទាន​វត្ត​គី​រី​វង្ស​ចំនួន​១២​សន្លឹក ,​ប្រាក់​ដុល្លារ​ចំនួន​១០​ដុល្លារ និង​ប្រាក់រៀល​ចំនួន​១៨៧.៧០០​រៀល​ផងដែរ ។​

​ប្រភព​ដដែល​បន្តថា នៅវេលា​ម៉ោ​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ូលិស​ក្រុង​តាខ្មៅ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ព្រែក​ហូរ​ថា មានការ​សង្ស័យ​ទៅលើ​ព្រះសង្ឃ​ចំនួន​៥​អង្គ​និមន្ត​បិណ្ឌ​បាត្រ​ម្រូ​វ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​បាត្រ ក្នុង​ម្នាក់ៗ​៤​ម៉ឺន​រៀល ដើម្បី​យក​បច្ច័យ​ទៅ​ទិញ​ត្រៃ​ធ្វើបុណ្យ​កឋិនទាន​នៅ​វត្ត​ក្រពើ​ហារ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​រួចមក សមត្ថកិច្ច​ប៉ូលិស​ក្រុង​តាខ្មៅ​សហការ​ជាមួយ​មន្ត្រី​សង្ឃ​ក្នុង​សាលា​អនុគុណ​ខេត្ត ចុះទៅ​និមន្ត​ព្រះសង្ឃ​ចំនួន​៥​អង្គ​ទៅកាន់​សាលា​អនុគុណ​ដែលមាន​ទិ​តាំង​ស្ថិតក្នុង​នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហារ ។​

​ក្រោយពី​និមន្ត​ទៅកាន់​សាលា​អនុគុណ​ដឹងថា ជា​សង្ឃ​ក្លែងក្លាយ ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ ជា​ព្រះ​អនុគុណ​ខេត្តកណ្តាល និង​មន្ត្រី​សង្ឃ​ក្នុង​សាលា​គុណ ព្រមទាំង​ប្រធានការិយាល័យ​ធម្មការ​ក្រុង​តាខ្មៅ បានសម្រេច​ធ្វើ​ពិធី​ដោះ​ស្បង់​ចីវរ​ចេញពី​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ចាត់ការ​តាមច្បាប់ ៕

នគរបាល​ក្រុង​តាខ្មៅ​ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​៥​អង្គ​ដោះ​ស្បង់​ចីវរ​បញ្ជូនទៅ​តុលាការ