កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ពិភពលោក ពីរ​ជំនាន់ ឡើង​ពី​ស័ក្តិ ៣ ទៅ​ស័ក្តិ ៤

ភ្នំពេញ: ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយនឹង​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក ពីរ​ជំនាន់ រួមទាំង​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ជាច្រើន​នាក់​ផ្សេងទៀត នា​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ពី​ការ​តម្លើង​ឋានន្តរស័ក្តិ​ជូន​ដល់​លោកស្រី កែ ឡេង កីឡាការិនី កីឡា​ប៉េតង់ ឡើង​ពី​ស័ក្តិ ៣ នាពេល​សព្វថ្ងៃ ទៅ​ស័ក្តិ ៤​។​

​ការសម្រេច​ឡើង​ឋានន្តរស័ក្តិ ជូន​លោកស្រី កែ ឡេង ដែលមាន​ក្របខណ្ឌ​ទាហាន នៅ​ក្រសួងការពារជាតិ​ដូច្នេះ ដើម្បី​ជាការ​លើកទឹកចិត្ត ជូន​ដល់​លោកស្រី ដែល​ទើបតែ​ប្រកួត ដណ្តើមបាន​មេដាយមាស ពិភពលោក ផ្នែក​កីឡា​ប៉េតង់ លើក​ទី​១៥ នៅ​ប្រទេស​ថៃ កាលពីដើម​ខែវិច្ឆិកា​នេះ​។​

​ក្រោយពី​ពិធី​សំណេះសំណាល នៅ​វិមាន​សន្តិភាព​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន រួចមក លោកស្រី កែ ឡេង ត្រូវបាន​រាជរដ្ឋាភិបាល រៀបចំ​ពិធី​ដង្ហែ​ក្បួន​តាម​វិថី​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ម៉ូតូ​ស បើក​អម​ឡាន​ដង្ហែ​ម្ចាស់​មេដាយមាស​ពិភពលោក ពីរ​ជំនាន់ នៅ​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​ផងដែរ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​បដិសេធ​នូវ​ការរិះគន់​នានា ពិសេស​តាម​ហ្វេ​ស​ប៊ុ​ក កន្លងមក លើ​រដ្ឋាភិបាល ដែល​មិនបាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន ទទួល​ដំណើរ​មកដល់​ពី​ក្រៅប្រទេស​របស់លោក​ស្រី កែ ឡេង ដែល​បាន​ដណ្តើម​មេដាយមាស ជូន​ជាតិ​មាតុភូមិ កន្លងមក​។ តាម​សម្តេច​ហ៊ុនសែន ការខកខាន​មិនបាន​ដង្ហែ​ក្បួន​អបអរសាទរ​នោះ ដោយសារតែ​កម្ពុជា ជាប់រវល់​ក្នុងការ​រៀបចំ​ពិធីបុណ្យ​ជាតិ​សំខាន់ៗ​ប៉ុណ្ណោះ គឺ​មិនមែន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ដូច​ការលើកឡើង​នោះទេ​។

សូមបញ្ជាក់ថា ក្រៅពី​ទទួលបាន​នូវ​ការ​តម្លើង​ឋានន្តរស័ក្តិ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាការិនី កែ ឡេង ដែល​ដណ្តើមបាន​មេដាយមាស ជូន​ជាតិ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុនសែន នៅរសៀលថ្ងៃទី១៧វិច្ឆិកានេះ ក៏​បាន​ផ្តល់នូវ​ការលើកទឹក​ចិត្តនូវថវិការបស់រាជរដ្ឋាភិបាល​ ចំនួន ១២០ លាន​រៀល និង​មេដាយ​ថ្នាក់ជាតិ​ផងដែរ​។ បន្ថែម​លើស​នេះ សម្តេច​ហ៊ុនសែន ក៏បានផ្តល់​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច ជូន​កីឡាការិនី កែ ឡេង ចំនួន ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ផងដែរ​៕​