គណបក្សប្រឆាំង នៅភូមាឈ្នះ កៅអីសភា បាន ៧៧,៣ ភាគរយ

រ៉ងហ្គូន៖ យោងតាមគណៈកម្មាការ រៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា គណបក្ស សម្ព័ន្ធជាតិ ដើម្បី លទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា NLD ក្រោមការដឹកនាំដោយ លោកស្រី អ៊ុង សានស៊ូជី បានឈ្នះកៅអី សភាចំនួន ៨៨០អាសនៈ ស្មើនឹង៧៧,៣ភាគរយ នៃចំនួនអាសនៈសរុប នៅក្នុងការបោះ ឆ្នោតជាតិធ្វើឡើងកាលពី ថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា អាសនៈ ចំនួន ៨៨០ អាសនៈ ក្នុងនោះកៅអីរដ្ឋសភាចំនួន ២៥៤អាសនៈ ស្ថិតក្នុងសភា តំណាង ឫហៅថាសភាជាន់ ទាប ចំនួន ១៣៥ អាសនៈស្ថិតក្នុងសភាថ្នាក់ជាតិឫហៅថា សភាជាន់ខ្ពស់ និងចំនួន ៤៧៤អាសនៈទៀត ស្ថិតក្នុងសភាថ្នាក់តំបន់ ឬ រដ្ឋ ក្នុងនោះក៏មាន អ្នកតំណាងរាស្ត្រជនជាតិដើមភាគតិចចំនួន ១៧រូបផងដែរ។

ខណៈពេលដែល គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បានទទួលអាសនៈ ចំនួន ៣៨៩ដែលជា សំឡេងភាគច្រើននៅក្នុងសភាទាំងពីរ នោះគឺគណបក្សនេះ មានកម្លាំង គ្រប់គ្រាន់ ដើម្បីទទួល បានសិទ្ធិក្នុងការ បង្កើតរដ្ឋាភិបាលថ្មី បានដោយឯករាជ្យក្រោម រដ្ឋធម្មនុញ្ញ របស់ប្រទេសមីយ៉ាន់ម៉ា។

ដោយឡែកសម្រាប់ គណបក្សកាន់អំណាចទទួលបានកៅអីសភាចំនួន ១១៥អាសនៈ ស្មើនឹង ១០ភាគរយនៃចំនួន សរុប ក្នុងនោះរួមទាំង ២៩អាសនៈនៅសភាជាន់ទាប និង១២អាសនៈ ក្នុងសភាជាន់ ខ្ពស់ និង៧២ក្នុងសភាថ្នាក់ តំបន់ ឬរដ្ឋ៕

គណបក្សប្រឆាំង នៅភូមាឈ្នះ កៅអីសភា បាន ៧៧,៣ ភាគរយ