ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ

ក្រុមសមត្ថកិច្ចបានចុះរឹបអូសផ្ទះ របស់ប្រជាជនមួយកន្លែង នៅក្នុងសង្កាត់បឹងកក់ទី២ តាមពាក្យបណ្តឹង លោក ឡៅ ស៊ុនប៉ា តែម្ចាស់ផ្ទះមិនព្រម ហើយបានព្រមានចាក់សាំង បម្រុងដុតខ្លួន។
ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ
ម្ចាស់ផ្ទះ (ខាងឆ្វេង) ដែលព្រមានចាក់សាំងដុតខ្លួន បើសិនជាមានការរិបអូសផ្ទះ ដោយដើមបណ្ដឹង។ (រូបថត monoROOM.info/ H. Vuthy)

លោក វង្ស ប៊ុនពិសិដ្ឋ ព្រះរាជអាជ្ញារង ជាមួយនឹងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក បានអនុវត្ត​សាលក្រម រឹបអូសយកផ្ទះលេខ 62 EO E1 E2 នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នា២០១៥នេះ តាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែមិនបានសម្រេចព្រោះ ម្ចាស់ផ្ទះបាន​ចាក់​សាំង​លើខ្លួន បម្រុងដុតសម្លាប់ខ្លួន។

សមត្ថកិច្ចបានចុះមករឹបអូស ផ្ទះខាងលើនេះ តាមពាក្យបណ្តឹងរបស់លោក ឡៅ ស៊ុនប៉ា ដែលបានប្តឹងទៅ​សមត្ថកិច្ច តែត្រូវភាគីម្ចាស់ផ្ទះបដិសេធមិនព្រម ហើយបានបញ្ជាក់ថា ខ្លួនបានសងប្រាក់ ទៅដើមបណ្តឹងចំនួន ២៣ម៉ឺន​ដុល្លា​រួចហើយ នៅសល់តែ ៦ម៉ឺន ១ពាន់ដុល្លាទៀត តែប៉ុណ្ណោះ។

តាមមន្រ្តីនគរបាល បានឲ្យដឹងថា ចុងបណ្តឹង ដែលជាម្ចាស់ផ្ទះខាងលើ មានឈ្មោះ យិន សុវណ្ណនី។ ចំណែក​ការ​ចុះអនុវត្តសាលក្រម រឹមអូសផ្ទះខាងលើនេះ មិនបានសម្រេចទេ នៅថ្ងៃដដែលនេះ៕