មក​ដល់​ថ្ងៃ​នេះ បាន​​​សំបុត្រ​ការ​ប៉ុន្មាន​ហើយ?

មក​ដល់​ថ្ងៃ​នេះ បាន​​​សំបុត្រ​ការ​ប៉ុន្មាន​ហើយ?

បទចម្រៀង​ភ្លេង​ការ «បាយខុនចងដៃ» ចាប់​ផ្ដើម​លាន់​ឮ​ជា​បណ្ដើរៗ​ហើយក្រោយពី​​ចេញ​ព្រះវស្សា ខណៈ​​ប្រជាជនខ្មែរ​ប្រុសស្រីជាច្រើនបាន​ចូលរោង​ការ​បណ្ដើរ​ៗ ហើយ​ខ្លះ​កំពុង​ត្រៀម​ខ្លួន​​ចូល​រោងជ័យ​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដែរ។ តើ​ចាប់​ពី​ចេញ​វស្សា​មក​ដល់​ពេល​នេះ ប្រិយមិត្ត​អ្នកអាន ទទួល​បាន​ធៀប​ការ​ប៉ុន្មាន​ហើយ?

 

“ខ្ញុំ​បាន ៥ រោង​ហើយ​បង!” ជា​ការ​​ប្រាប់​របស់ ស៊ឹម ចន្ធា បុគ្គលិក​​នៃ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយទំនាស់ ATC មក​កាន់​គេហទំព័រ Sabay កាល​ពី​ពេល​ថ្មីៗ​នេះ។

 

ថ្លែង​ពី​អារម្មណ៍​ពិត​យុវតី​រូប​នេះ​ថា នាង​មាន​អារម្មណ៍​ពិបាក​ចិត្ត​បន្តិច ព្រោះ​ត្រូវ​ចុះ​ឡើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ឆ្ងាយ និង​ពី​ខេត្ត​មក​ភ្នំពេញ ហើយ​អ្វី​កាន់​តែ​ជា​បញ្ហា​នោះ​គឺ​ប្រាក់​ចង​ដៃ និង​ចំថ្ងៃធ្វើការ។

 

នារី​សម្បុរ​ខ្មៅ​ស្រអែម​រៀបរាប់​ថា៖ “ចង​​​មធ្យម ២០ ដុល្លារ។ ពេល​ខ្លះ​លុយ​ប្រាក់​ខែ​មិន​ចងគ្រប់​ទេ តែ​ក៏​មិន​មែន​រាល់​ខែ​ដែរ”។ ចោល​អត់​កើត ព្រោះ​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ និង​​​សាច់ញាតិ​បងប្អូន”។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី​នាង​មិន​​បោះបង់​ការ​ចូលរួម​ទេ ព្រោះ​ដើម្បី​មិត្តភាព។

 

ប្លែក​ពី​យុវតី ស៊ឹម ចន្ធា កញ្ញា លុង ឆេងហៀង បាន​សម្ដែង​ការ​រីករាយ ​ព្រោះ​​មក​ដល់​ពេល​នេះ នាង​មិន​ទាន់​មាន​អ្នកណា​អញ្ជើញ​ឱ្យ​ចូលរួម​ពិធី​មង្គលការ​នៅ​ឡើយ​ទេ។

 

កញ្ញា​បញ្ជាក់​​ទាំង​សើច​ថា ៖ “​ខ្ញុំ​ពិត​ជា​សំណាង​ម្ល៉េះ​ទេ”។ ការ​មិន​ទទួល​​បាន​ការ​អញ្ជើញ​ណា​មួយ​នេះ ឆេងហៀង បង្ហើប​ថា មក​ពី​មិត្តភ័ក្ដិ​របស់​នាង​នៅ​ក្មេងៗ​មិន​ទាន់​មាន​អ្នក​ចង់​គិតគូរ​រឿង​អាពាហ៍ពិពាហ៍​។

 

មក​ដល់​ថ្ងៃ​នេះ បាន​​​សំបុត្រ​ការ​ប៉ុន្មាន​ហើយ?

 

 

ចំណែក​កញ្ញា ឡេង បុប្ផា បាន​បង្ហាញ​ឱ្យ​ដឹង​​ថា កញ្ញា​ទើប​តែ​ទទួល​បាន​​មួយ​រោង​ប៉ុណ្ណោះ​ពី​មិត្ត​​រួម​ការងារ ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នៅ​​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា នៅ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម។

 

និយាយ​ពី​ចំណាប់​អារម្មណ៍ នារី​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ ថា​ជា​រឿង​ធម្មតា ព្រោះ​វា​ការរាប់អាន និង​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​៖ “ទើប​បាន​មួយ [ធៀប​ការ] ព្រោះ​មិត្តភ័ក្ដិ​ខ្ញុំ គេ​ការ​អស់​ហើយ”។

 

ដោយឡែក​លោក ប៉ែត ផានិត បាន​ទទួល​សំបុត្រ​អញ្ជើញ​បី​ហើយ​​នៅ​​ក្នុង​ខែ​ធ្នូ ដោយ​មួយ​នៅ​ភ្នំពេញ និង​ពីរ​ទៀត​នៅ​ខេត្ត​កំពង់​ចាម និង​ឧត្ដុង្គ [ខេត្ត​កណ្ដាល]។ ​

 

លោក​ថ្លែង​ថា ៖ ​ត្រេកអរ​ពេល​ឃើញ​ពួកម៉ាក​រៀបការ ហើយ​​ពិបាក​ចិត្ត​​ដែរ​ ព្រោះ​​អី​សុទ្ធ​តែ​ដើម​ខែ [បើក​លុយ​កណ្ដាល​ខែ] តែ​​ជា​អត់​​អី​ទេ ព្រោះ​ម្ដង​យើង​ម្ដង​គេ បើ​យើង​ការ​នឹង​ហៅ​គេ​វិញ។ ចោល​អត់​កើត ​ព្រោះ​អី ជា​ពួកម៉ាក​​ជិតស្និទ្ធ​”។

 

យុវជន​មក​ពី​ខេត្ត​កណ្ដាល​ដដែល​ថ្លែង​ថា បើ​តាម​ខេត្តនិង​ភ្នំពេញលោក​ចងដៃ ២០ ដុល្លារ ឬ​លើស​នេះ​ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​៕

 

ចុះ​អ្នក​បានធៀបការ​​ប៉ុន្មាន​ហើយ?

 

ចុចត្រង់​នេះ​ដើម្បី​អាន៖ គេ​អញ្ជើញ​ការ​ទៅ​តាម​ខេត្ត គួរ​ទៅ​ឬ​មិន​ទៅ?

ចុចត្រង់​នេះ​ដើម្បី​អាន៖ បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?​

 

អត្ថបទ៖ អ៊ុំ សុភក្តិ