ម្ចាស់​ចម្ការ​​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ក្បែរ​ផ្ទះ ពុល​ស្ត្រី​៣​នាក់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​៣​នាក់​បាន​រង​ការ​ពុល​ដោយសារ​ម្ចាស់​ចម្ការ​​បាញ់ថ្នាំ​សម្លាប់​ សត្វល្អិត​លើ​ដំណាំ​ពោត និង​សណ្តែក ក្បែ​រផ្ទះ​របស់​ពួក​គាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ 

ប្រភព​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សាន់ ណូ​ប៉ះ អាយុ​២៧​ឆ្នាំ​, ២-​ឈ្មោះ លី សា​រ៉ស់ អាយុ​៥៥​ឆ្នាំ និង ៣-​ឈ្មោះ សាន់ សារី​ប៉ះ អាយុ​៣៥​ឆ្នាំ ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់​ចំការ​បាន​ដើរ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ពោត និង​សណ្តែក ក្នុង​ចម្ការដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៤-៥​ម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គាត់ ។ ពេល​កំពុង​បាញ់​នោះ​ ក្លិន​ថ្នាំ​បាន​សាយភាយ​មក​លើ​ពួក​គាត់ ដែល​កំពុង​អង្គុយ​ក្រោមផ្ទះ បណ្តាល​ឲ្យ​ពុល​ទន់ដៃទន់ជើង​ និង​បាន​ស្រែក​ឲ្យ​ម្ចាស់​ចំការ​ឈប់​បាញ់ថ្នាំ​ដែរ តែ​គេ​មិន​ស្តាប់ រហូត​ដល់​មាន​អ្នក​ដួល​សន្លប់​ទើប​ព្រម​ឈប់ ។ ខណៈ​ពេល​កើតហេតុ​នោះ ពួក​គាត់​មាន​តែ​ស្រី​ៗ​បាន​នាំ​គ្នា​ស្រែក​ឲ្យ​គេ​ជួយ​ ហើយ​ត្រូវ​បាន​ដឹក​មក​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រៅពី​ស្ត្រី​៣​នាក់​ខាងលើ នៅ​មាន​កុមារ​អាយុ​ពី​៥-៦​ឆ្នាំ​ចំនួន​៤-៥​នាក់​ទៀត​បាន​រង​ការ​ពុល​ថ្នាំ​ នេះ​ដែរ តែ​ស្រាល​ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ច្រក​ស្ករ និង​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ផ្អែម បាន​ធួរ​ស្រាល​ហើយ មិន​បាន​យក​មក​មន្ទីរពេទ្យ​នោះ​ទេ ។

លោក រិ​ន រ​ដ្ឋា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារឆ្នាំង បាន​ឲ្យ​ដឹង​ថា លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ គឺ​ពិតជា​មាន​ម្ចាស់​ចម្ការ​ឈ្មោះ សុខ សុ​ជាតិ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ជាមួយ​ជន​រង​គ្រោះ​ដែរ បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​របស់​ខ្លួន​ក្បែរ​ផ្ទះ​ជន​រង​ គ្រោះ​មែន ហើយ​លោក​បាន​ធ្វើ​កំណត់ហេតុ​អស់ហើយ​ដែរ ។ ​គាត់នឹង​សម្របសម្រួល​ភាគី​ទាំង​សងខាង​ឲ្យ​ត្រូវ​គ្នា ដោយ​សុំ​ឲ្យ​ម្ចាស់​ចំការ​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​ស្ត្រី​រង​គ្រោះទាំង​៣​ នាក់​ តែ​មិនដឹង​ថា អាច​ត្រូវ​គ្នា​ក្នុង​កម្រិត​​ណា​នោះ​ទេ ។

ជុំវិញ​ហេតុការណ៍​ពុល​ខាងលើ​នេះ អាច​ជា​បទ​ពិសោធន៍​មួយ​ដល់​ម្ចាស់​ចំការ​ដែល​តែងតែ​បាញ់ថ្នាំ​សម្លាប់​ សត្វល្អិតនៅ​​ចម្ការ​​របស់​ខ្លួន ត្រូវ​ប្រុង​ប្រ​យ័ត្ន កុំ​អាង​ថា​មិន​អី អាង​ខ្លួន​មាន​ម៉ាស់​ការពារ មាន​ថ្នាំបន្សាប តែ​កុំ​ភ្លេច​អ្នក​នៅ​ក្បែរ​ៗ ដែល​គ្នា​មិន​បានដឹង​ខ្លួន​មុន និង​មិន​មាន​ប្រដាប់​ការពារ​ខ្លួន ៕

ម្ចាស់​ចម្ការ​​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ក្បែរ​ផ្ទះ ពុល​ស្ត្រី​៣​នាក់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ
ម្ចាស់​ចម្ការ​​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ក្បែរ​ផ្ទះ ពុល​ស្ត្រី​៣​នាក់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ
ម្ចាស់​ចម្ការ​​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​លើ​ដំណាំ​ក្បែរ​ផ្ទះ ពុល​ស្ត្រី​៣​នាក់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត