ឪពុកចុង​ខឹង​ប្រពន្ធ​រត់​ចោល​ ចាក់សោបង្ខាំង​កូន​ស្រី​ក្នុង​បន្ទប់​ជួល​ផ្អើល​ទាំង​យប់​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ប្រពន្ធ​​​រត់​ចោល​​ បាន​​ចាក់សោ​បង្ខាំង​​កូនស្រី​ចុងទុក​ក្នុង​បន្ទប់​ជួល​​​​​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ ​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ​វិច្ឆិកា នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មានឈ្មោះ សឿ​ន ធា​រី ភេទ​ស្រី អាយុ១៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​​បន្ទប់​ជួល​ជាន់​ទី​៣ បន្ទប់​លេខ​១៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ រស់នៅ​ជាមួយ​ប្អូនស្រី​ឈ្មោះ សឿ​ន ធីតា អាយុ​១៦ឆ្នាំ ធ្វើការ​ជាមួយ​គ្នា និង​មាន​ម្តាយ​ឈ្មោះ ឈ្មោះ​សេន មុំ​ អាយុ​45​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​គ្នា​នោះ នៅ​ល្វែង​ផ្សេង​គ្នា ជាន់​ទី​២ បន្ទប់​លេខ​១១ ។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​នាង​ជា​ស្ត្រី​មេម៉ាយ​កូនស្រី​២​នាក់ ប្រមាណ​ជា​ពីរ​បី​ឆ្នាំ​កន្លង​មកនេះ​ម្តាយ​របស់​នាង​មាន​ប្តី​ម្នាក់​ទៀត​ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ ការងារ​មិន​ពិតប្រាកដ តែ​នាង​មិន​បាន​ស្នាក់​នៅ​ជាមួយ​ទេ គឺ​ពួក​នាង​២​នាក់​បាន​ជួល​បន្ទប់ស្នាក់​នៅ​តែ​២​នាក់ ហើយ​ម្តាយ​របស់​នាង​ស្នាក់នៅ​ជាមួយ​ប្តី​ក្រោយ​របស់​គាត់ ។

៣​ថ្ងៃ​កន្លង​មកនេះ​ម្តាយ​របស់​នាង​ខឹង​ប្តី​ក្រោយ​យក​ខ្សែ.​ក​របស់​គាត់​​​ទៅ​លក់​លេងល្បែង​អស់ មិន​ហ៊ាន​រករឿង​ឈ្លោះ​ជាមួយ​ប្តី​ទេ ខ្លាច​ប្តី​ទៅ​រករឿង​កូន ក៏​បាន​ចាកចេញ​ទៅ​បាត់​ដោយ​មិនប្រាប់​ប្តី​ទេ ធ្វើ​ឲ្យ​ប្តី​ដើរ​រកប្រពន្ធ​មិនឃើញ នៅ​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឪពុកចុង​បាន​ទៅ​សួរ​ពួក​នាង​​ទាំង​២​នាក់​ដែល​មាន​សង្សារ​ម្នាក់​ទៅ​លេង​ក្នុង​បន្ទប់នោះ​​រកប្រពន្ធ​របស់​គាត់ ។ កូនស្រី​ប្រាប់​ថា ​អត់​ដឹង ឪពុក​ខឹង​បាន​គំរាម​ថា​ ទុក​ពេល​ឲ្យកូន​មួយ​ម៉ោង​រក​ម្តា​យមក​ជួប​គាត់ បើ​រក​ម្តាយ​មិនឃើញ​ទេ​គាត់​នឹង​យក​សាំង​មក​ដុត​បន្ទប់ជួល​នេះ​សម្លាប់​ចោល​ហើយ រួច​ហើយ​ក៏​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់​ដើរ​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​មក​អន្តរាគមន៍​ តែ​សមត្ថកិច្ច​មក​ដល់​ឪពុកចុង​របស់​នាង​មិន​នៅ​បន្ទប់​ជួល​គាត់​ឡើយ​ ហើយ​គេច​ចេញ​ទៅ​ក្រៅ​បាត់​។ ចំណែក​បន្ទប់​របស់​នាង​ត្រូវ​ម្ចាស់ផ្ទះ​យក​ម៉ូ​ទ័​រ​ម​កកាត់​សោ​ចោល​រួច​ហើយ​យុវជន​ជា​សង្សារ​ចេញ​ទៅ​បាត់ ចំណែក​នារី​២​នាក់​បងប្អូន​ក៏​មិន​ទាន់​បាន​ដាក់​ពាក​បណ្តឹង​ឡើយ​ដោយ​ចាំ​ពិ​ភាគ​ក្សា​ជាមួយ​ម្តាយ​សិន ៕