ពីរ​នាក់​បងប្អូន​កើតរោគ​ចម្លែក

Sanofi

​កុមារី​ពីរ​នាក់​បងប្អូន​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅក្នុង​ទឹកដី​ខេត្តកំពត បាន​កើតរោគ​ចម្លែក​ដោយ​ឡើង​កន្ទួល​ដោល​ក្រហម​ហើយ​របក​ពេញ​ខ្លួន ។ ដោយសារតែ​ភាពក្រីក្រ​មិនមាន​លទ្ធភាព​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឪពុកម្តាយ​របស់​កុមារី​ទាំងពីរ​នាក់​នេះ​បានត្រឹមតែ​លើកដៃ​សំពះ​ដង្ហោយ​ហៅរក​ការជួយ​សង្គ្រោះ​កូនស្រី​របស់ខ្លួន​ប៉ុណ្ណោះ ។ កុមារី​អភ័ព្វ​កើតរោគ​ចម្លែក​នេះស្ថិតនៅ​ក្នុងភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ។​

​នៅក្នុង​ខ្ទម​តូច​មួយ​ដែលមាន​សភាព​រហែក​ធ្លុះធ្លាយ​រខេករខាក​នៃ​គ្រួសារ​ដ៏​កម្សត់​មួយ​នេះ បាន​ជួបប្រទះ​នូវ​រឿង​ទុក្ខវេទនា​យ៉ាងខ្លាំង ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត គ្មាន​ចំណូល​ប្រចាំថ្ងៃ រស់​អាស្រ័យ​តែ​លើ​ការធ្វើ​ស្រែចម្ការ​បន្តិចបន្តួច ដើម្បី​ផ្គត់ផ្គង់​ការរស់នៅ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ហើយក៏​គ្មានអ្វី​ជាទី​ពឹង​ក្រៅពី​ការប្រើ​កម្លាំងបាយ ដើម្បី​តស៊ូ​ក្នុង​ឆាកជីវិត​នោះឡើយ ។ គ្រួសារ​ទុគ៌ត និង មានកូន​ស្រី​កើតរោគ​ចម្លែក​ខាងលើនេះ មានកូន​ស្រី​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​កូន ស្រី​បង​មានឈ្មោះ ស្រី​ឡា អាយុ ១៦ ឆ្នាំ ហើយ​កូនស្រី​ប្អូន​ឈ្មោះ ស្រី​ឡែ​ន អាយុ ១៣ ឆ្នាំ កើតរោគ​ចម្លែក​ទាំងពី​រ​នាក់ ដែល​គ្មាន​គ្រូពេទ្យ​ណា​អាច​ព្យាបាល​បានឡើយ ។

​បើតាម​ការរៀប​រាប់ទាំង​ខ្សឹកខ្សួល​របស់​អ្នក​មីង សុខ ហុន ដែល​ត្រូវជា​ម្តាយ​របស់​ប្អូនស្រី​អភ័ព្វ​ទាំងពីរ​នាក់​ខាងលើនេះ​បាន​ប្រាប់​«​ប្រជាប្រិយ​» តាម​ទូរស័ព្ទ​ពី​ទឹកដី​ខេត្តកំពត​មក​ថា កូន​របស់គាត់​ទាំងពីរ​នាក់​នេះ​បានកើត​ជំងឺ​ចម្លែក​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ពេលដែល​ពួកគេ​ឃើញ​ពន្លឺ​ថ្ងៃ​ម្ល៉េះ ។ ជំងឺ​របស់ ស្រី​ឡា ក៏​មិន​ខុសពី​ជំងឺ​របស់ ស្រី​ឡែ​ន ដែរ អាច​និយាយបានថា សភាព​ជំងឺ​របស់​ពួកគេ​ទាំងពីរ​នាក់​មាន​លក្ខណៈ​ដូចគ្នា​ទាំងស្រុង ។

នៅពេល​កូន​ដំបូង​របស់គាត់​គឺ ស្រី​ឡា សម្រាល​បាន​រយៈពេល​ពី​ពីរ​ទៅ​បី​ខែ ក៏​ស្រាប់​តែមាន​លេចចេញ​នូវ​កន្ទួល​រមាស់​នៅលើ​រាងកាយ​របស់គេ ហើយ​ភ្លាមៗ​នោះ​គាត់​ក៏​មិនបាន​ចាប់អារម្មណ៍​ទៅនឹង​ស្ថានភាព​នៃ​ជំងឺ​នេះដែរ ដោយ​គាត់​បាន​គិតថា​វា​គ្រាន់តែ​ចែងថ្ងៃ​ធម្មតាៗ​ប៉ុណ្ណោះ ដែល​វា​តែងតែ​កើតមាន​នៅលើ​ទារក​ទូទៅ​ដែល​ទើបតែនឹង​សម្រាល ដូចនេះហើយ​ទើប​គាត់​ក៏​មិនបាន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​អ្វី​នោះដែរ ។

អ្នក​មីង​បាន​បន្តទៀតថា រយៈពេល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្ថានភាព​នៃ​ជំងឺ​របស់ ស្រី​ឡា ក៏​ចេះតែ​ប្រែប្រួល​ទៅជា​ធ្ងន់​បន្តិច​ម្តងៗ ដូចនេះហើយ​ទើប​គាត់​បាន​ម្នីម្នា​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ទោះបី​នៅពេលនោះ​គាត់​គ្មាន​ប្រា​ក់មួយ​កាក់​មួយ​សេន​យ៉ាងណាក្តី ក៏​គាត់​នៅតែ​ខិតខំ​ឈ្មុសឈ្មុល​ខ្ចីបុល​ប្រាក់​គេ​យកមក​មើលជំងឺ​កូន ដែល​កំពុងតែ​បើកភ្នែក​រឹមៗ​រង់ចាំ​ការសង្គ្រោះ ។ ទោះជា​យ៉ាងណាក្តី ក៏​ជំងឺ​អាក្រក់​នេះ​នៅតែ​មិនអាច​កាត់បន្ថយ​ឲ្យ​មាន​ភាព​ធូរស្រាល​ជាង​មុន​នោះឡើយ ហើយ​បាន​បន្ត​អូសបន្លាយ​រីងរៃ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។

បើ​និយាយ​ពី​ជំងឺ​កូនស្រី​ពៅ​របស់គាត់ (​ស្រី​ឡែ​ន​) វិញ ក៏​ដូចគ្នា​ទៅនឹង​ជំងឺ​របស់ ស្រី​ឡា ដែរ ។ បន្ទាប់ពី​សម្រាល​រូបគេ​បាន​រយៈពេល​ពីរ​ទៅ​បី​ខែ​ក្រោយមក​ក៏​ស្រាប់តែ​កើតមាន​នូវ​ជំងឺ​ដូច ស្រី​ឡា ដែរ ដែលជា​ហេតុនាំឱ្យ​គាត់ និង ប្តី មានការ​អស់សង្ឃឹម​ក្នុង​ជីវិត​ជាខ្លាំង ហើយ​ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ស្ទើរតែ​ឆ្កួត​ទៅហើយ ព្រោះតែ​អាណិត​កូនស្រី​ទាំងពីរ​ជា​ពន់ពេក ។

សព្វថ្ងៃនេះ​កូនស្រី​របស់គាត់​ទាំងពីរ​នាក់​បងប្អូន​គឺ ស្រី​ឡា និង ស្រី​ឡែ​ន កំពុងតែ​ស្ថិតនៅក្នុង​សភាព​គួរឱ្យ​អាណិតអាសូរ​បំផុត ដោយ​ខ្លួនប្រាណ​ទាំងមូល​របស់​ពួកគេ​ត្រូវ​គ្របដណ្តប់​ដោយ​កន្ទួល​ដំបៅ​ពេញ​ខ្លួន​ទាំងអស់ ហើយ​សូម្បីតែ​ការលូតលាស់​នៃ​រូបរាងកាយ​ក៏​មិនឃើញ​មាន​អ្វី​វិ​វ​ឌ្ឍ​ទៅមុខ​ដែរ គឺ​នៅតែ​ក្រិន​តូច​ដដែល មើលទៅ​រូបរាងកាយ​ហាក់ដូចជា​មិន​សម​នឹង​អាយុកាល​របស់​ពួកគេ​ឡើយ ។

កូនស្រី​សម្លាញ់​ទាំងពីរ​នាក់​នេះ​គឺជា​ក្តីសង្ឃឹម​តែមួយគត់​នៃ​ជីវិត​របស់​ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ទោះបីជា​ពេលនេះ​ពួកគេ​ទាំងពីរ​នាក់​មាន​រូបរាង​គួរឱ្យ​រអើម​យ៉ាងណាក្តី​ក៏​គាត់​នៅតែ​ស្រឡាញ់​ហើយ​កាន់តែ​អាណិត​ទ្វេ​ឡើង​ថែមទៀត ។ ពេលអនាគត​គាត់​ក៏​មិនដឹងថា ជីវិត​កូនស្រី​ទាំងពីរ​នាក់​បងប្អូន​នឹង​ទៅជា​យ៉ាងណា​នោះឡើយ ព្រោះ​អាការ​នៃ​ជំងឺ​ឃោរឃៅ​នេះ​នៅតែ​មិនទាន់បាន​ធូរស្រាល​ច្រើន​នៅឡើយ ទោះបីជា​កាលពីពេល​ថ្មីៗ​កន្លងមកនេះ កូនស្រី​របស់គាត់​ធ្លាប់​បានទទួល​ការព្យាបាល​ជំងឺ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញៗ​យ៉ាងណាក៏ដោយ ។

ចំពោះ​ពួកគាត់​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ ដោយសារតែ​ជីវភាព​ក្នុង​គ្រួសារ​របស់គាត់​មានការ​លំបាក​ខ្លាំងពេក រកបាន​ព្រឹក​ខ្វះ​ល្ងាច រកបាន​ល្ងាច​ខ្វះ​ព្រឹក ។ រាល់ថ្ងៃនេះ​ក្រៅពី​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច ពួកគាត់​ក៏​ដើរ​ស៊ីឈ្នួល​គេ​ដែរ ដើម្បី​រក​កម្រៃ​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ អ្នក​មីង​ជា​ម្តាយ​ក្មេងស្រី​អភ័ព្វ​ទាំងពីរ​នាក់​នេះ​បាន​រៀបរាប់​បន្តទៀតថា ដោយសារតែ​ព្យាបាល​កូនស្រី​ទាំងពីរ​នាក់​នេះ គាត់​បាន​លក់​កេរអាក​រ​អស់ហើយ មិនតែប៉ុណ្ណោះ​ថែមទាំង​ទៅ​ខ្ចីបុល​គេ​ទៀត ។

ពេលនេះ​គាត់​អស់​លទ្ធភាព​ហើយ ដូច្នេះ​មានតែ​លើក​ម្រាមដៃ​ដប់​សំពះ​សប្បុរសជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌ សូមមេត្តា​ជួយ​ដល់​កូន​របស់គាត់​យកតែ​បុណ្យ​ផង​ចុះ ព្រោះ​គាត់​មិនមាន​លទ្ធភាព​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៀត​ទេ​៕​ប៉ោ កុសល​

 

​ ​
​ ​

Related