ឧស្សាហកម្ម កាត់ដេរ​ក​ម្ពុ​ជា មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ទេ​?

​ខណៈដែល​ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​កំពុង​អូសបន្លាយ​នោះ មាន​សំណួរ​ថា តើ​កម្មករ​កម្ពុ​ជាមាន​ផលិតភាព​ខ្ពស់​ដល់​កម្រិតណា​? អ្នកជំនាញ​ខាង​វិស័យ​កាត់ដេរ សេដ្ឋកិច្ច និង​នយោបាយ​យល់ឃើញ​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ​។​

​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​សម្រាប់​កម្មករ​កាត់ដេ​រ ដែល​ទើបតែ​ចូល​ជា​ធរមាន​នាពេល​ថ្មីៗ​នេះ មាន​ចំនួន​១៤០​ដុល្លារ​ក្នុង​មួយខែ ក្រោយពី​មាន​បាតុកម្ម​ទាំង​អហិង្សា និង​ហិង្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​មួយចំនួន​បាន​បាត់បង់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

​លោក Ken Loo អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា បាន​អះអាងថា កាលណា​ប្រាក់​ឈ្នួល​ខ្ពស់ មានន័យថា កម្មករ​ត្រូវតែ​បង្កើន​ផលិតភាព​ឲ្យ​កាន់តែ​ខ្ពស់​ដែរ​។ ទាក់ទង​នឹង​ផលិតភាព​នេះ លោក Ken Loo យល់ថា ផលិតភាព​របស់​កម្ម​ករ​កម្ពុ​ជាមាន​កម្រិត​ទាប​។​

«​ធ្វើការ​យឺត​! បើ​និយាយ​ពី​ផលិតភាព​វិញ ពួកគេ​ធ្វើការ​យឺត​។ ម្ចាស់​រោងចក្រ​ពិបាក​រក​ចំណូល បើសិនជា​ផលិតភាព​របស់​កម្មក​រ​មិន​កើនឡើង​នោះ​»​។​
​លោក​ក៏បាន​បន្ថែមថា បច្ចុប្បន្ននេះ​ការបណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​កំពុងតែ​ថយចុះ​ហើយ​។​

​យ៉ាងណាមិញ យោងតាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ឲ្យ​ដឹងថា កម្ពុជា​ទទួលបាន​ចំណូល​ចំនួន​បី​ប៊ី​លាន ឬ​បី​ពាន់​លាន​ដុល្លារ​ក្នុងការ​នាំចេញ​ផលិតផល​ស្បែកជើង និង​សម្លៀកបំពាក់​កាត់ដេរ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ដែល​បាន​កើន​លើស​ឆ្នាំមុន​ក្នុង​អត្រា​១២,៧​ភាគរយ​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​កម្មក​រ​កាត់ដេរ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ផលិតភាព​របស់​កម្ម​ករ​កម្ពុជា​អាច​ប្រកួតប្រជែង​នឹង​កម្មករ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​។​

«​បន្ទាប់ពី​និយោជក​ចំណាយ​លើ​វត្ថុធាតុដើម អន្តរការី និង​ចំណាយ​ផ្សេងៗ​ហើយ កម្មករ​ម្នាក់​អា​ចរក​ចំណូល​ដល់​និយោជក​ដល់​២៥០​ដុល្លារ​ជាង​។ ហើយ​ក្នុងនោះ​កម្មករ​យើង​រក​បានតែ​១០០​ជាង​ទេ​។ ម្នាក់​ក្នុង​មួយថ្ងៃ​ដេរ​ឲ្យ​និយោជក​បាន​ជាង​ហា​ហុកសិប​អាវ បើ​គិត​ម្នាក់ៗ​»​។​

​ក៏ប៉ុន្តែ លោក​ថា ភាពខុសគ្នា​នៃ​ប្រាក់​ឈ្នួល​អប្ប​បរិ​មារ​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងទៀត ដូចជា វៀតណាម និង​មី​យ៉ាន់​ម៉ា ឬ​ភូមា គឺ​ការចំណាយ​លើ​ថ្លៃ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
«​ប្រជាពលរដ្ឋ​គេ​ការចំណាយ​រស់នៅ​ប្រចាំថ្ងៃ យើង​គិត​មើលទៅ​វា​ទាប​ជាង​ប្រទេស​ខ្មែរ​ទេ គឺ​ទំនិញ​គ្រប់​ប្រទេស​នាំចូល​ពី​វៀតណាម​បន្ថែមទៀត​។ ចំណែក​នៅ​ភូមា យើង​ដឹងថា ទោះបីជា​ប្រាក់​ឈ្នួល​គេ​មាន​កម្រិត​ទាប បើ​យើង​ប្រៀបធៀប​ទៅ វា​ទាប​ជាង​កម្ពុជា​មែន ប៉ុន្តែ​តម្រូវការ​ការចាយវាយ​របស់​កម្មករ​របស់​គេ​ហ្នឹង គឺ​វា​ធូរ​ជាង​កម្ពុជា​យើង តាម​អ្វីដែល​ខ្ញុំ​បាន​ទៅ​ទីនោះ​»​។​

​លោក អាត់ ធន់ បាន​បន្ថែមថា ការកំណត់​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​ត្រូវតែ​ស្របទៅតាម​ការចំណាយ​លើ​ថ្លៃ​រស់នៅ​ប្រចាំថ្ងៃ​។​

«​ការផ្តល់ប្រាក់​បៀវត្សរ៍​អប្ប​បរិ​មា​គឺ​គេ​អាស្រ័យទៅលើ​ស្ថានភាព​ជីវភាព​នៃ​ប្រជាពលរដ្ឋ​របស់​ប្រទេស​នោះ​។ គេ​មិន​អាស្រ័យទៅលើ​ចំនួន​ច្រើន ចំនួន​តិច​នោះទេ​»​។​

​នៅពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា​បានកំណត់​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​ដល់​កម្មករ​ប្រមាណ​៦៧​ដុល្លារ​ក្នុង​មួយខែ លោក Thomas Rhoden អ្នកជំនាញ​ខាង​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា ឬ​ភូមា បាន​ឲ្យ​ដឹងថា អ្នកវិនិយោគទុន​មើលឃើញ​ប្រទេស​នេះ​ថា ជា​ប្រទេស​ដែលមាន​ភាព​ប្រកួតប្រជែង​ល្អ​ក្នុង​វិស័យ​កាត់ដេរ​។​

«​ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទទួលបាន​ការវិនិយោគ​ទុន​ដ៏​ធំ​»​។​

​ក៏ប៉ុន្តែ លោក​មិន​ច្បាស់​ថា តើ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​នេះ​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​ប្រទេស​នេះ​ដល់​កម្រិតណា​នោះទេ​។​
​ទាក់ទង​នឹង​បញ្ហា​ដ៏​ប្រទាក់ក្រឡា​គ្នា​នេះ  លោក ហេង ឌី​ណា សេដ្ឋវិទូ​ខ្មែរ​មួយរូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ណែនាំ​ថា កាលណា​កម្ពុជា​អាច​ពង្រឹងគុណភាព​ផលិតផល​កសិកម្ម​បែប​ឧស្សាហកម្ម​ឲ្យ​បានល្អ​នោះ នោះ​តម្លៃ​ម្ហូបអាហារ​នឹង​ថយចុះ ដែល​អាចធ្វើ​ឲ្យ​ការចំណាយ​លើ​ថ្លៃ​រស់នៅ​ថយចុះ​។ ការណ៍​នេះ​នឹង​ផ្តល់​ផលចំណេញ​ច្រើន​ដល់ក​ម្មករ​។​

«​បើសិន​បើ​យើង​អាច​ផលិត​ម្ហូបអាហារ បន្លែ សាច់ ម្ហូបអាហារ​ថោក​ជាង​មុន វា​អាចជួយ​ដល់​ផលិតភាព​ដែរ ដោយសារ​ប្រជាជន​យើង​អាច​បរិភោគ​អាហារ​ថោក​ជាង​មុន​។ អញ្ចឹង​ការចាយវាយ វា​អាច​ថោក​ជាង​មុន​។ មានន័យថា គាត់​ពុំ​ចាំបាច់​ទាមទារ​ប្រាក់ខែ​ខ្ពស់ជាង​មុន​ទេ ដើម្បី​ឲ្យ​គាត់​ខំប្រឹង​ជាង​មុន​»​។​

​លោក​បាន​បន្ថែមទៀតថា អ្នក​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ផលិតភាព​ខ្ពស់​របស់​កម្មករ​គឺ​រដ្ឋាភិបាល ដែល​ត្រូវធ្វើ​ឲ្យ​សេវា​ថែទាំ​សុខភាព​មានតម្លៃ​សមរម្យ និង​គុណ​ភាពល្អ ហើយ​និង​ពង្រឹងគុណភាព​អប់រំ​។​

«​បញ្ហា​ដែល​យើង​ត្រូវ​មើល​សំខាន់​ត​ទៀត​នោះ​គឺ​ខាង​វិស័យ​អប់រំ និង​សុខាភិបាល ដែល​អាចជួយ​ពង្រឹង​ផលិតភាព​របស់​កម្មក​រ​យើង​។ ជា​ឧទាហរណ៍ បើសិនជា​គាត់​អាចមាន​សុខភាព​ល្អ​ជាង​មុន គាត់​អាចមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ល្អ​ជាង​មុន ដែល​អាច​ចាប់យក​ជំនាញ​ថ្មីៗ​។ វា​អាចជួយ​មួយកម្រិត​»​។​

​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី​៨​ក្នុងចំណោម​ប្រទេស​ចំនួន​១៥​ដែល​នាំមុខគេ​ក្នុងការ​នាំចេញ​ផលិតផល​ស្បែកជើង និង​សម្លៀកបំពាក់​កាត់ដេរ​ក្នុង​ឆ្នាំ​២០១៤ ដែល​កម្ពុជា​បាន​នាំមុខ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ក្នុង​តំបន់​។ យ៉ាងណាមិញ អនាគត​នៃ​វិស័យនេះ​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ​ទេ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​