ប្រទេស​ឥណ្ឌា​ស្វះស្វែង​បង្កើន​ភាពជា​ដៃគូ​ជាមួយ​ទ្វីបអាហ្វ្រិក​

​ឥណ្ឌា​បាន​ស្វះស្វែង​ពង្រឹង​ភាពជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ជាមួយ​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅក្នុង​រដ្ឋធានី​ញូ​វ​ដេលី (New Delhi) ដោយមាន​ប្រមុខរដ្ឋ​ជាង​៤០​រូប​មកពី​ទ្វីប​នេះ​បាន​ចូលរួម​។ ឥណ្ឌា​ក៏បាន​ប្រកាស​ពី​ទឹកប្រាក់​ចំនួន ១០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រូប​ភាពជា​ឥណទាន (​ប្រាក់កម្ចី​) ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​នៅក្នុង​ទ្វីបអាហ្វ្រិក​។

​ដោយ​ហៅ​ប្រទេស​ឥណ្ឌា​និង​អាហ្វ្រិក ជា​ចំនុច​ភ្លឺ​ពីរ​នៃ​សេចក្តីសង្ឃឹម និង​ឱកាស​នៅក្នុង​សេដ្ឋកិច្ច​សាកល លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​ព្យាយាម​រក​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​កាលពី​ចុងខែ​តុលា ជាមួយនឹង​ការសន្យា​បង្កើត «​ភាព​ដៃគូ​សម្រាប់​ភាពរុងរឿង​មួយ​»​។​

​លោក​បាន​និយាយថា​៖ «​យើង​នឹង​ជួយ​ភ្ជាប់​ទ្វីបអាហ្វ្រិក​ពី​ក្រុង​គែរ (Cairo) ដល់​ក្រុង Cape Town និង​ពី​ក្រុង Marrakesh ដល់​ក្រុង Mombassa ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ប្រព័ន្ធធារាសាស្ត្រ ជួយ​បន្ថែម​តម្លៃ​លើ​ធនធាន​នៅ​ទ្វីបអាហ្វ្រិក និង​ជួយ​រៀបចំ​បង្កើត​តំបន់​ព័ត៌មានវិទ្យា និង​ឧស្សាហកម្ម​»​។​

​កិច្ចប្រជុំ​កំពូល​ឥណ្ឌា​-​អាហ្វ្រិក​លើក​ទី​៣ គឺជា​ការផ្សព្វផ្សាយ​ការទូត​ដ៏​មាន​ម​ហិ​ច្ឆិ​តា​បំផុត​របស់​ឥណ្ឌា នៅក្នុង​ការ​ឈោង​ទៅដល់​ទ្វីបអាហ្វ្រិក ដែលមាន​តំណាង​មកពី​សឹង​គ្រប់​ប្រទេស​ទាំង​៥៤​នៅ​ទ្វីប​នេះ​។​

​ប្រមុខរដ្ឋ​ដែល​បាន​ចូលរួម មានដូចជា លោក Jacob Zuma ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Robert Mugabe ប្រធានាធិបតី​ស៊ីម​បា​វ៉េ (Zimbabwe) លោក Mohammadu Buhari ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា (Nigeria) និង​លោក Abdel Fattah al-Sisi ប្រធានាធិបតី​អេ​ហ្ស៊ី​ប​។ ប្រមុខរដ្ឋ​ជាច្រើន​បាន​ជួបជុំគ្នា​ដើម្បី​ទទួលទាន​អាហារ​ពេល​ល្ងាច​ផ្លូវការ​មួយ ដោយបាន​ស្លៀក​សម្លៀកបំពាក់​ឥណ្ឌា​ដែលមាន​ពណ៌​ឆើតឆាយ​។​

​ដូច​ប្រទេស​ចិន​ដែល​បាន​បង្កើត​វត្តមាន​ដ៏​ច្រើន​លើសលប់​នៅ​ទ្វីបអាហ្វ្រិក ឥណ្ឌា​ចង់​ពង្រឹង​ចំណង​សេដ្ឋកិច្ច ខណៈដែល​ខ្លួន​ស្វះស្វែង​ចូលទៅ​ឲ្យ​ដល់​ប្រភពធនធាន​ធម្មជាតិ​ដ៏​សំបូរបែប​របស់​ទ្វីប​មួយ​នេះ ជាពិសេស​គឺ​ប្រេង​តែម្តង​។ ទោះជា​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​អាហ្វ្រិក​បាន​កើន​ទ្វេដង​ដល់​៧០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​មិន​ដល់​មួយ​ទសវត្សរ៍​ក៏ដោយ ចំនួន​នេះ​នៅតែ​ទាប​ជាង​ប្រទេស​ចិន​ដែលមាន​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក Modi បាន​ថ្លែង​ពី​ការធ្វើ​ឲ្យ​ស៊ីជម្រៅ​ដល់​ចំណង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​បានប្រកាស​បន្ថែម​ទឹកប្រាក់​ឥណទាន​ថ្មី​ចំនួន​១០​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជំនួយ​៦០០​លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​ក្នុង​ការជួយ​អភិវឌ្ឍ​ទ្វីបអាហ្វ្រិក​។ ជំនួយ​ភាគច្រើន​របស់​ឥណ្ឌា​ទៅ​ទ្វីបអាហ្វ្រិក​ផ្តោតលើ​ស្ថាប័ន​អប់រំ និង​ប​ចេ្ច​ក​ទេស និង​នៅក្នុង​វិស័យ​ផ្សេងទៀត​ដូចជា សុខាភិបាល ឱសថ​ក្នុងតម្លៃ​សមរម្យ កសិកម្ម និង​បច្ចេកវិទ្យា​។​

​លោក​បាន​អំពាវនាវ​ឲ្យ​ទ្វីបអាហ្វ្រិក​ចូលរួម​ក្នុង​សម្ព័ន្ធ​មួយ​នៃ «​ប្រទេស​សំបូរ​ថាមពល​ពន្លឺព្រះអាទិត្យ​» សម្រាប់​ថាមពល​ស្អាត ដែល​លោក​ចង់​ផ្តួចផ្តើម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​នាពេល​ខាងមុខនេះ​នៅក្នុង​ទីក្រុង​ប៉ារីស​។​

​លោក Modi បាន​និយាយថា​៖ «​នៅពេល​ព្រះអាទិត្យ​លិច​បាត់ទៅ ផ្ទះ​រាប់លាន​ខ្នង​នៅក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ទ្វីបអាហ្វ្រិក​មាន​ភាព​ងងឹត​។ យើង​ចង់​បំភ្លឺ​ជីវិត​របស់​ប្រជាជន​យើង និង​ផ្តល់​ថាមពល​ដល់​អនាគតរ​បស់​ពួកគេ​។ ប៉ុន្តែ​យើង​ចង់​ធ្វើ​រឿងនេះ​តាម​វិធី​មួយ​ដែល​ព្រិល​ទឹកកក​នៅ​ភ្នំ Kilimanjaro នឹងមិន​បាត់បង់ និង​ផែន​ទឹកកក​ដែល​បំពេញ​ទន្លេ​គង្គា (Ganga River) នឹងមិន​រលាយ​សាបសូន្យ ហើយ​កោះ​របស់​យើង​នឹងមិន​ត្រូវ​ពន្លិច​នោះទេ​»​។​

​មេដឹកនាំ​ឥណ្ឌា​រូបនេះ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី និង​ទ្វីបអាហ្វ្រិក​ឲ្យ​និយាយ​ក្នុង «​សំឡេង​តែមួយ​» នៅ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ធានាថា ពួកគេ​ឆ្លុះបញ្ចាំង​ពី​ក្តីកង្វល់​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ស្ថាប័ន​នានា​ដូចជា អង្គការសហប្រជាជាតិ​ជាដើម​។​

​លោក Modi និយាយថា​៖ «​នេះ​ជា​ពិភពលោក​នៃ​ប្រទេស​សេរី និង​សេចក្តីប្រាថ្នា​ដែល​ភ្ញាក់​ឡើងវិញ​។ ស្ថាប័ន​របស់​ពួកយើង​មិនអាច​ធ្វើជា​តំណាង​ឲ្យ​ពិភពលោក​របស់​យើង​បានទេ ប្រសិនបើ​ពួកគេ​មិន​ផ្តល់​សំឡេង​ឲ្យ​ទ្វីបអាហ្វ្រិក ដែលមាន​ប្រទេស​ជា​សមាជិក​ច្រើនជាង​១​ភាគ​៤​នៅក្នុង​សមាជិក​នៃ​អង្គការសហប្រជាជាតិ ឬ​ជា ទ្វីប​ដែលមាន​ប្រជាធិបតេយ្យ​ធំ​បំផុត​របស់​ពិភពលោក ដែលមាន​១​ភាគ​៦​នៃ​មនុស្សជាតិ​»​។​

​កម្មវិធី​ផ្សព្វផ្សាយ​ទៅកាន់​ទ្វីបអាហ្វ្រិក​របស់លោក Modi គឺជា​ផ្នែក​មួយ​នៃ​របៀបវារៈ​គោលនយោបាយ​ការបរទេស​ដ៏​ទូលំទូលាយ​របស់លោក ក្នុងការ​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ឥណ្ឌា​នៅលើ​ពិភពលោក​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​