ក្លិបអាជីពរបស់ជប៉ុន ទៅចែករំលែកបទពិសោធក្រុមយុវជនជម្រើសជាតិកម្ពុជា ថ្ងៃនេះ

គ្រូ​បង្វឹក និង​អ្នក​បច្ចេក​ទេស​របស់​ក្លិប​អាជីព​​​របស់​ជប៉ុន ​Omiya Ardja ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី នៅថ្ងៃ​ពុធ​​នេះ ដើម្បី​ពាំនាំ​យក​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធ​ល្អទៅ​ចែក​រំលែក​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​កម្ពុជា នៅ​ទី​នោះ។
1
មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ចែក​រំលែក​បទ​ពិសោធ​នៅ​ទី​នោះ ក្លិប Omiya Ardja បានចំណាយ​ពេល​២​ថ្ងៃមក​ហើយ ដើម្បី​ចែក​រំលែកបទ​ពិសោធ​​ដល់​គ្រូ​បង្វឹក និង​យុវជនកម្ពុជា នៅ​រាជធានី​ភ្នំពេញ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្លិប​ប្រតិភូ​មួយ​ក្រុម​របស់​ក្លិប​នេះ បាន​បង្កើតកម្ម​វិធី​​មួយ​ឈ្មោះ​ថា ​Omiya Ardja Soccer Clinic in Cambodia ហើយ​ពួក​គេ បានប្រមូលក្មេងៗ​ចំនួន​១០០​នាក់ ឲ្យ​ធ្វើ​ការ​ហ្វឹក​ហាត់ជាមួយ​ពួក​គេ នៅ​លើ​ទី​លាន KB ដោយ​មាន​ចែក​ជូន​ដល់​ក្មេងៗ​ទាំង​នោះ​នូវ​ស្បែក​ជើង​កីឡា អាវ​យឺត និងប៊ិក ដោយ​គ្មាន​បង់​ប្រាក់។

ចំណែក​នៅ​​ថ្ងៃ​ចន្ទបន្ទាប់ គ្រូ​បង្វឹក និង​អ្នក​បច្ចេក​ទេស​ ​Omiya Ardja បាន​បន្ត​បង្វឹក​ដល់​ក្មេង​ៗ​ចំនួន​១០០​នាក់​ទៀត នៅ​ទី​លាន 3G នៅ​ពេល​រសៀល ហើយ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ ពួក​គេ​បាន​​ញញ្ជើញ​គ្រូ​បង្វឹក​​មក​ពី​ក្លិប​ធំៗ​នៅ​កម្ពុជា រួម​ជាមួយ​គ្រូ​បង្វឹក​តាម​ក្រុម និង​អ្នក​លេងកីឡា​ជើង​ចាស់​ជាង​២០​នាក់ ដើម្បី​ធ្វើ​ការ​​រំលែក​បទ​ពិសោធ​ជាមួយ​គ្រូ​បង្គោល​ក្លិប Omiya Ardja ផ្ទាល់​តែ​ម្តង។
2
3
4
លោក Toshiyuki Akimoto អ្នក​គ្រប់​គ្រង​គម្រោង​ផ្នែក​ក្រុម​យុវជន និង​ផ្នែក​ផលិត​​របស់​ក្លិប Omiya Ardja ​បាន​ប្រាប់​ថា៖​«​គោល​កំណង​សំខាន់​​នៃ​ការ​ចុះ​មក​​ជួប​បណ្តុះ​បណ្តាល​ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​លើ​ជំនាញ​បាល់​ទាត់​នៅ​កម្ពុជា ជា​លើក​ដំបូង​នេះ គឺ​យើង​ចង់​ចូល​រួម​លើក​កម្ពស់​វិស័យ​កីឡា​មួយ​នេះ​នៅ​កម្ពុជា ដោយ​មាន​អង្គការ​ជប៉ុន ​និង J-League ជា​អ្នក​​​​ចាត់​​តាំង​​ឲ្យ​​ពួក​​យើង​ចុះ​មក​»។

លោក​បាន​​បន្ត​ថា៖​«នៅ​ថ្ងៃ​នេះ(កាល​ពី​ថ្ងៃ​ចន្ធ)​ យើង​បានបង្វឹក​ដល់​គ្រូ​បង្គោល​មក​ពី​ក្លិប​ផ្សេងៗនៅ​កម្ពុជា ហើយ​​យើងនឹង​បន្ត​ចែក​រំលែង​បទ​ពិសោធ​ទាំង​នេះ​ទៅ​ឲ្យក្រុម​យុវជន​ជ​ម្រើស​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទៅ​១៨ និង​ទី​១៩ ខែវិច្ឆិកា។ ​យើង​សង្ឃឹម​ថា ការ​​ចុះ​មក​ចែក​រំលែក​​បទ​ពិសោធ​របស់​យើងនេះ នឹង​ជួយ​លើក​កម្ពស់​​វិ​ស័យ​បាល់​ទាត់ ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន ព្រោះ​​យើង​នឹង​បន្ត​ឲ្យ​មាន​សកម្ម​ភាព​​​នេះ​ឲ្យ​បាន​ច្រើន​លើក​នៅ​កម្ពុជា ហើយ​យើង​​សង្ឃឹម​ដែរ​ថា កម្ពុជា នឹង​នៅ​តែ​បន្ត​សហការជាមួយ​យើង ក្នុង​ការ​បំពេញ​ការងារ​របស់​យើង​នេះ»។
5
6
7
ចំណែក​លោក Takeyuki Okamoto គ្រូ​បង្គោល​របស់ក្លិប​​ Omiya Ardja បាន​និយាយសង្កាត់​ធ្ងន់​ទៅ​លើ​សមត្ថភាព​របស់​គ្រូ​បង្វឹក​កម្ពុជា ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទនោះ​ដែរ​​ថា៖​«​បើ​ទោះ​បី​ជា ពួក​គាត់(គ្រូ​បង្វឹក​កម្ពុជា) ​ខ្លះ​​មាន​កម្រិត​ខ្ពស់ និង​​អ្នក​ខ្លះទៀត​​ក៏​​​មាន​កម្រិតមិន​ទាន់​សូវ​ខ្ពស់ ប៉ុន្តែ​បើ​និយាយ​ជា​រួម​គឺ​ពួក​គេ​មាន​នបទ​ពិសោធ​ច្រើន​លើ​ការ​បង្ហាត់​បាល់​ទាត់ និង​របៀប​គ្រប់​គ្រង​កូន​ក្រុម ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ពួក​គាត់ ​នឹង​នាំ​យក​នូវ​បទ​ពិសោធ​​​ដែល​យើង​បាន​ផ្តល់​ឲ្យ​នៅ​ថ្ងៃ​នេះ ទៅ​បន្ថែម​លើ​បទ​ពិសោធ​ដែល​ពួក​គាត់​មាន​​ស្រាប់ ដើម្បី​អភិវឌ្ឍ​​ក្លិប ឬ​ក្រុម​របស់​ពួក​គាត់​​ឲ្យ​កាន់​តែ​បាន​ល្អ ហើយ​ក៏​ដើម្បី​ចូល​រួម​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​ផង​ដែរ»។

បើ​តាម​កម្ម​វិធី​​របស់​ក្លិប​​ Omiya Ardja ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លិប​មួយនេះ នឹង​​ធ្វើ​ការ​បង្វឹក ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​ដល់​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ពុធ​នេះ ចាប់​ពី​រសៀល​ម៉ោង ៣:៣០ ដល់​ល្ងាច​ម៉ោង ៥:៣០ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ ពួក​គេ​នឹង​ចាប់​ផ្តើម​បង្វឹក​ពី​​​ព្រឹក​ម៉ោង​៦:៣០ ដល់​​​​​ព្រឹក​ម៉ោង៨:០០៕
8
9