ចង់បាន​សុខភាព​ល្អ​…​ប្តូរ​ទម្លាប់​

Sanofi

​នរណា​ក៏​ចង់​មាន​សុខ​ភាពល្អ​មាំមួន​ដែរ ប៉ុន្តែ​ការថែរក្សា​សុខភាព​ទាមទារ​ការព្យាយាម​ផ្លាស់ប្តូរ​ទម្លាប់​បន្តិច​ម្តងៗ ។ ​ខាងក្រោម​នេះ​យើង​សូម​ផ្តល់​ជា​គំនិត​មួយចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​ការថែរក្សា​សុខភាព​រប​ស់​អ្នក​ឱ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ មាន​រាង​ស្អាត និង កែប្រែ​ទឹកចិត្ត​ឱ្យ​ស្រស់ស្រាយ​រីករាយ​ទៀតផង ។

១. គេង​ឱ្យបាន​គ្រប់គ្រាន់ ៖ អ្នក​ត្រូវ​គេង​ឱ្យបាន​ពី ៨ ទៅ ១០ ម៉ោង ក្នុង​មួយថ្ងៃ ហើយ​ប្រសិនបើ​អាចធ្វើ​បាន ជឿ​ចុះ​ថា​អ្នក​មិនចាំបាច់​ត្រូវការ​ជំនួយ​ពី​កាហ្វេ​ទៀតឡើយ ។​

២. សើច និង ញញឹម​ឱ្យបាន​ច្រើន ៖ ការ​ញញឹម​នាំមក​នូវ​ភាព​រីករាយ ហើយ​ភាព​រីករាយ​នឹងធ្វើ​ឱ្យ​អ្នក​មិន​ងាយ​ចាស់​នោះទេ ។​


៣. សម្រាក ៖ គួរ​ឆ្លៀតពេល​សម្រាក ដោយ​ទុក​ខួរក្បាល​ទំនេរ​កុំ​យក​រឿង​អ្វី​មក​លាយឡំ ឱ្យសោះ​ប្រៀបដូចជា​ការ​លម្ហែ​ផ្លូវចិត្ត​ម្យ៉ាងដែរ ។ ប្រសិនបើ​អ្នក​អាច​សម្រាក​ចិត្ត​សម្រាកកាយ ខ្លួនឯងបាន​បែបនេះ​ត្រឹម ១០ នាទី នោះ​អារម្មណ៍​នឹង​ឆាប់​ស្រស់ស្រាយ​មកវិញ ។ អ្នក​មិនចាំបាច់​រក្សា​អារម្មណ៍​ហាក់ដូចជា​កំពុង​រែកពន់​ភ្នំ​មួយ​តែឯង​គ្រប់ពេលវេលា​នោះទេ គួរតែ​ដាក់ចុះ​ខ្លះ ហើយ​គិត​ក្នុង​ផ្លូវ​ងាយៗ កុំ​ចេះតែ​សុញគំនិត​ច្រើនពេក ។


៤. ទទួលទាន​អាហារ​សម្បូរ​ជីវជាតិ ៖ គួរ​បរិភោគ​អាហារ​ឱ្យមាន​តុល្យភាព​រវាង​អាហារ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ខ្លាញ់ និង បន្លែ​ផ្លែឈើ លៃ​យ៉ាងណា​កុំឱ្យ​ខ្វះ​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ និង មិន​ឱ្យលើស​រហូតដល់​ឡើង​ទម្ងន់ ឬ ប៉ះពាល់​ដល់​សុខភាព​ទេ ។

៥. ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់ ៖ ប្រសិនបើ​អ្នកជា​មនុស្ស​សកម្ម គួរ​ផឹកទឹក​ឱ្យបាន ៨ កែវ ក្នុង​មួយថ្ងៃ ។ ទឹក​ជួយ​រក្សា​ថាមពល​រាងកាយ ហើយ​បើ​ផឹក​មិន​គ្រប់គ្រាន់​អ្នក​អាច​ជួបនឹង​បញ្ហា «​មុន​» ឈឺក្បាល ឬ ខ្វះ​ជាតិ​ទឹក ។​

៦. លំ​ហាត់ប្រាណ ៖ មិន​ថា​ក្នុង​វ័យ​ណា​នោះទេ លំ​ហាត់ប្រាណ​គួរតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ណាមួយ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​ទេ ថែមទាំង​ជួយ​ឱ្យ​រាង​ស្អាត​ទៀតផង ។ លំ​ហាត់ប្រាណ​ងាយៗ​នោះ​មានដូចជា សន្ធឹងដៃជើង រត់ ឬ ដើរ ជិះ​កង់ និង អា​វ៉ង់ ជាដើម ។ ប្រសិនបើ​អាច​ព្យាយាម​បាន នោះ​ក្បាលពោះ​របស់​អ្នក​ពិតជា​ពិបាក​នឹង​រីក​ធំ​ណាស់ ។

៧. ធ្វើ​រឿង​ដែល​អ្នក​ចង់​ធ្វើ ៖ ដូចជា ចិញ្ចឹមសត្វ ហែល​ទឹក​លេង ជិះ​កង់​លេង លេងអុក មាន​សិច ។​ល​។ កិច្ច​ការដែល​ជំរុញ​ឱ្យ​ចិត្ត​រីករាយ និង សប្បាយ​បំបាត់​អារម្មណ៍​មួម៉ៅ​នឹងធ្វើ​ឱ្យ អ្នក​មិន​ងាយ​ចាស់​នោះទេ ។​

៨.សុទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង ៖ គួរ​ដាក់​ខ្លួនឯង​ជា​អាទិភាព ហើយ​កុំ​ព្យាយាម​យក​អ្នកដទៃ​មក​ប្រៀបធៀប​នឹង​ខ្លួន​យើង ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ចំណុច​ល្អ និង ភាពលេច​ធ្លោ​រៀងៗ​ខ្លួន ហើយ​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​ពេញ​ចិត្តនឹង​ខ្លួនឯង​ជាង​អ្នកណាៗ​ទាំងអស់ ។​
៩. សម្រេច​គោលបំណង ៖ តើ​មាន​ធ្លាប់​គិតថា​ចង់​ចេះ​លេង​ប្យ៉ា​ណូ ចង់​ចេះ​ហែល​ទឹក ចង់ទៅ​ដើរ​កម្សាន្ត​នៅ​បរទេស ចង់​ប្រឡង​ចម្រៀង និង ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ដែរឬទេ ? បើ​មាន​នោះ​អ្នក​គួរតែ​ធ្វើឱ្យ​បានសម្រេច​តាម​បំណងប្រាថ្នា​របស់​អ្នក​កុំ​បោះបង់ចោល​ក្តី​ស្រមៃ​ឱ្យសោះ ។​

១០. ពិនិត្យ​សុខភាព ៖ នេះ​ជាការ​ងារ​ចាំបាច់ ព្រោះ​ពេលខ្លះ​យើង​ខ្លួនឯង​ក៏​មិនដឹងថា​ឈឺ​ផង ជាពិសេស​អ្នក​វ័យ​កណ្តាល និង ចំណាស់ ។ អ្នក​គួរ​លះបង់​ទម្លាប់​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​ដូចជា ជក់បារី សេព​គ្រឿង​ស្រវឹង​ជោកជាំ ប្រើប្រាស់​ថ្នាំញៀន ប្រព្រឹត្ត​សិច​ដោយ​មិន​ការពារ ព្រោះ​យូរ​ឬ​ឆាប់ អ្នក​ខ្លួនឯង​នឹង​ជួប​ផល​ជា​វិប្បដិសារៈ​នៅ​ថ្ងៃក្រោយ​មិន​ខាន ៕ លក្ខិណា


​ ​ ​ ​ ​ ​ ​
​ ​ ​ ​ ​ ​ ​

Related