​គ្រាន់​តែ​មើល​ក្រុម​ឈាម​ក៏​អាច​បញ្ជាក់​អំពី​សុខភាព​អ្នក​បាន​ដែរ​

​គ្រាន់​តែ​មើល​ក្រុម​ឈាម​ក៏​អាច​បញ្ជាក់​អំពី​សុខភាព​អ្នក​បាន​ដែរ​

​ស្ត្រី​ដែល​មាន​ក្រុម​ឈាម​ប្រភេទ A ជា​មនុស្ស​ដែល​អាច​មាន​ការបន្ត​ពូជ​ច្រើនជាង​ក្រុម​ផ្សេង ប៉ុន្តែ​បែរជា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​មហារីកក្រពះ​ទៅវិញ ចំណែកឯ​ក្រុម​ឈាម O វិញ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​គាំងបេះដូង​បាន ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​ទេ ហើយ​ក្រុម​ឈាម B វិញ​មាន​ការប្រឈមមុខ​ខ្ពស់​បំផុត​នឹង​ជំងឺមហារីក​លំពែង​។

​ក្រុម​ឈាម​របស់​មនុស្ស​យើង​ត្រូវ​បាន​បែក​ចែកជា​បួន​ក្រុម​នោះ​គឺ A, B, AB និង O និង សម្គាល់ Rh ពីរ​ប្រភេទ​ទៀត​គឺ Rh បូក និង ដក ហើយ​យើង​សុទ្ធតែ​ទទួល​បាន​វាពី​ឪពុកម្តាយ​ទាំងអស់​។ ការស្រាវជ្រាវ​ទៅ​លើ​សារៈសំខាន់​នៃ​ក្រុម​ឈាម​នេះ​ត្រូវបាន​រកឃើញ​ដោយ​វេជ្ជបណ្ឌិត Nazi​។

ក្រុម​ឈាម​ប្រភេទ A
ក្រុម​ឈាម​ប្រភេទ​នេះ​មាន​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺមហារីក​។ ចំនួន​នៃ​កោសិកា​មេ​ជីវិត​ញី​របស់​ស្ត្រី​ដែល​ចេញពី​ក្រុម​ឈាម​ប្រភេទ​នេះ​មិន​ត្រូវបាន​កាត់បន្ថយ​ទៅ​ដោយ​ពេលវេលា​ទេ ដូច្នេះ​វា​ទំនងជា​អាច​ធ្វើឱ្យ​មាន​ផ្ទៃពោះ​ច្រើន​នៅពេល​អាយុ​កាន់តែច្រើន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​មាន​ក្រុម​ឈាម​ប្រភេទ A មាន​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​មហារីកក្រពះ ជា​ពិសេស​អ្នក​ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង​ញឹកញាប់​។ មាន​ទំនាក់ទំនង​ច្រើនណាស់​រវាង​មនុស្ស​ក្រុម​ឈាម A និង​ការ​ប្រមឹក ប៉ុន្តែ​ក៏​អាច​កើតមាន​លើ​អ្នក​មាន​ជំងឺ​ធ្វើ​អ្វីមួយ​ដដែលៗ​ខុស​ធម្មតា​ដែរ​។

ក្រុម​ឈាម​ប្រភេទ B
អ្នក​ដែល​ស្ថិតក្នុង​ក្រុម​ឈាម​ប្រភេទ​នេះ​មាន​ការ​ប្រឈម​នឹង​ជំងឺមហារីក​លំពែង​ខ្ពស់​ជាងគេ​។ ជាមួយគ្នានេះដែរ ពួកគេ​ក៏​ប្រឈម​កាន់តែ​ខ្លាំង​នឹង​បញ្ហា​នៃ​ការចងចាំ ព្រមទាំង​មាន​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ទៀត​។ លើសពីនេះទៅទៀត ពួកគេ​ក៏​ងាយ​នឹង​មាន​ដំបៅ និង​ការបង្ក​រោគ​ផងដែរ ប៉ុន្តែ​ការរំលាយ​អាហារ ការបង្កើត​សាច់ដុំ និង​ឆ្លើយតប​នឹង​ការ​ហាត់ប្រាណ​លឿន​ជាង​គេ​ទៅវិញ​។

ក្រុម​ឈាម​ប្រភេទ O
អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​មានការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​មហារីកក្រពះ​តែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​ក្រុម​ឈាម​ដទៃ​។ តែ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ដំបៅ​ក្នុង​ក្រពះ​ដែល​បង្កឡើង​ដោយ​បាក់តេរី Helicobacter Pylori ខ្ពស់​ជាងគេ ហើយ​ចំពោះ​បុរស​វិញ​គឺ​ងាយ​នឹង​មាន​បញ្ហា​ធាត់​ជ្រុល​។ ចំពោះ​ស្ត្រី​វិញ បែរជា​មាន​លទ្ធភាព​នៃ​ការ​មាន​កូន​បាន​ទាប​ទៅវិញ​។ អ្វី​ដែល​ល្អ​នោះ​គឺថា អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O មិនសូវ​ជា​មាន​ភាព​តានតឹង​អ្វី​ច្រើន​ឡើយ​ក្រោយពី​មាន​ការប៉ះទង្គិច​ខាង​ផ្លូវចិត្ត​រួច ព្រោះ​ចំនួន​អ័រម៉ូន​ស្ត្រេ​សមាន​ការថយចុះ​ទៅវិញ​លឿន​បំផុត​។

ក្រុម​ឈាម AB
ស្ត្រី​ដែល​មាន​ក្រុម​ឈាម​បែប​នេះ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គឺ​ប្រឈម​ខ្ពស់​ដែរ​ចំពោះ​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ត្រៀម​ក្រឡាភ្លើង​។ មនុស្ស​ដែល​ស្ថិតក្នុង​ក្រុម​ឈាម​មួយ​នេះ​ទំនងជា​ធ្លាប់មាន​បទពិសោធន៍​លើ​អាការៈ​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ទៀត​ដូចជា រលាក​ក្រពះ​រ៉ាំរ៉ៃ ជំងឺ​រលាក​ពោះវៀន​ជាដើម​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​បាន​ឱ្យដឹងថា ក្រោយពី​មាន​ការប៉ះទង្គិច​ខាង​ផ្លូវចិត្ត​រួចមក ចំនួន​អ័រម៉ូន​ស្ត្រេ​ស Cortisol នៅតែ​សល់​ច្រើន​រយៈពេល​យូរ ដូច្នេះ​វា​នឹង​ធ្វើអោយ​ពួកគេ​មាន​ភាព​តានតឹង​កាន់តែ​យូរ​ដែរ​។ ប៉ុន្តែ​ពួកគេ​មិន​ងាយ​នឹង​មាន​បញ្ហា​ភ្នែក​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។