​អា​ការៈដែល​អាច​គិត​ថា​វា​ជា​ជំងឺរលាកស្រោមខួរ​ក្បាល​

​អា​ការៈដែល​អាច​គិត​ថា​វា​ជា​ជំងឺរលាកស្រោមខួរ​ក្បាល​

​វា​ពិតជា​រឿង​មួយ​ងាយ​នឹង​ច្រឡំ​នឹង​ជំងឺ​ផ្តាសាយធំ​ណាស់​នៅ​ពេល​ចេញ​រោគសញ្ញា​ជំងឺរលាកស្រោមខួរ​ក្បាល​ដំណាក់កាល​ដំបូង​។ សញ្ញា​របស់​ជំងឺ​នេះ​អាច​នឹង​កើតមាន​ក្នុង​រយៈពេល​ច្រើន​ម៉ោង ឬមួយ ឬ​ពីរ​ថ្ងៃ​ក្រោយ​ពី​ឆ្លង​រួច​។

អា​ការៈដែល​កើត​លើ​ក្មេង​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើង​ទៅ​៖

  • ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ​
  • ​ឈឺ​ក្បាល​ខ្លាំង​
  • ​រឹង​ក​
  • ​ក្អួត ឬ​ចង្អោរ​ពេល​ឈឺ​ក្បាល​
  • ​វង្វេងវង្វាន់ ឬ​ពិបាក​ផ្ចង់​អារម្មណ៍​
  • ​ប្រកាច់​
  • ​ងងុយ​គេង ឬ​ពិបាក​ភ្ញាក់​ពី​គេង​
  • ​ខ្លាច​ពន្លឺ​
  • ​មិន​ឃ្លាន​អាហារ​
  • ​ករណីខ្លះ​មាន​កន្ទួល​លើ​ស្បែក​ដែរ​។​

​សញ្ញា​លើ​ទារក​ទើប​កើត​
​ទារក​ទើបនឹង​កើត​ប្រហែលជា​មិន​មាន​បង្ហាញ​រោគសញ្ញា​ឱ្យចំ​ថា ឈឺក្បាល ឬ​រឹង​ក​ឡើយ​។ ប៉ុន្តែ​សញ្ញា​របស់​វា​ស្ថិតក្នុង​វ័យ​បែបនេះ​អាច​មាន​ដែរ​ដូចជា​៖

  • ​ក្តៅខ្លួន​ខ្លាំង​
  • ​យំ​មិន​ឈប់​
  • ​ងងុយគេង​ខ្លាំង​
  • ​សន្លឹម​
  • ​បៅ​មិនកើត​
  • ប៉ោង​បង្ហើយ​
  • ​រឹង​ខ្លួន និង​រឹង​ក​។​

​ទារក​ដែល​មាន​ជំងឺរលាកស្រោមខួរ​ប្រហែលជា​ពិបាក​នឹង​មាន​ភាព​ស្រួល​ខ្លួន​ណាស់ ហើយ​អាច​នឹង​យំ​ខ្លាំង​នៅ​ពេល​លើក​គេ​ពរ​។
 

​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
ចូរ​ស្វែងរក​សេវា​ព្យាបាល​ភ្លាមៗ​បើសិន​ជា​អ្នក ឬ​នរណា​ម្នាក់​ក្នុង​គ្រួសារ​មាន​រោគសញ្ញា​នៃ​ជំងឺរលាកស្រោមខួរ​ក្បាល​ខាងក្រោម​នេះ​៖

  • ​ក្តៅខ្លួន​
  • ​ឈឺ​ក្បាល​ខ្លាំងក្លា​
  • ​វង្វេងវង្វាន់​
  • ​ក្អួត​
  • ​រឹង​ក​

​ជំងឺរលាកស្រោមខួរ​ក្បាល​ដែល​បង្កឡើង​ដោយ​វីរុស​ប្រហែលជា​ស្រួលបួល​មកវិញ​ដោយ​មិនបាច់​ព្យាបាល​ទេ ប៉ុន្តែ​បើសិនជា​បង្កដោយ​បាក់តេរី​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​អាច​នឹង​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ឱ្យបាន​លឿន​បំផុត​ដើម្បី​មាន​ឱ្យ​កាស​ឆាប់​ជា​វិញ​។ ករណី​ពន្យារពេល​នៃ​ការព្យាបាល​លើ​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយ​បាក់តេរី វា​នឹង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការខូចខាត​ខួរក្បាល​ជាប់​រហូត ឬ​ស្លាប់​ទៀតផង​។ ក្រៅពីនេះ ការ​រលាក​ស្រោម​ខួរក្បាល​ដោយ​បាក់តេរី​អាច​ធ្វើឱ្យ​អ្នកជំងឺ​ស្លាប់​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ គ្មាន​មធ្យោបាន​ណាមួយ​ដែល​អាច​បញ្ជាក់​ថា អ្នក ឬ​កូន​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​បង្កឡើង​ដោយ​អ្វី​ឡើយ​បើសិនជា​មិន​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ការធ្វើ​តេស្ត​ដោយ​ការបូមទឹក​ខួរឆ្អឹងខ្នង​ពិនិត្យ​។

​វា​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ដែល​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក្នុងករណី​ដែល​សមាជិក​គ្រួសារ ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​។ អ្នក​ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ​ដើម្បី​បង្ការ​កុំឱ្យ​មាន​ការបង្ក​រោគ​បន្ថែមទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។