រឿងសំ​ខាន់​ ៥យ៉ាង​មាតាបិតា​គ្រប់រូបគួរ​ធ្វើចំពោះ​កូនតូច​របស់ខ្លួន​

Cool News ​សូមលើក​យក​ប្រធានបទ ​មួយដែល​មានគុណ​ប្រយោជន៍​ជួយដល់​មាតាបិតា​ថ្មីថ្មោង​ ក្នុងការដោះ​ស្រាយ​ការលំបាក​ ចំពោះ​ការក្រោក​ពីដំណេក​ពេលយប់។ ​ពិតណាស់ ​ការមាន​កូនថ្មីថ្មោង​គឺជារឿង​ដ៏មាន​សុមង្គល​ក្នុង​ក្រុម​គ្រួសារ​ ប៉ុន្ដែ​វាក៏មាន​ការលំបាក​ក្នុង​នោះដែរ ​ព្រោះ​តម្រូវ​ឱ្យមាតាបិតាយកចិត្ដ​ទុក​ដាក់​ក្នុងការ​ថែទាំកូន​តូច​ ដូចជាផ្ដល់​អាហារ​ការបំបៅដោះ ​បន្ដក់​ទឹក​ឱ្យកូន​តូចញ៉ាំ ​បក់ឱ្យកូន​ ឬការ​បោក​គក់​កន្ទប​ជាដើម។​ ខាង​ក្រោម​នេះ​គឺជាវិធីសាស្រ្ដ​មួយ​ចំនួន ​សម្រាប់​ការថែ​ទាំ​កូន​របស់អ្នក ​ចាប់​ពីទារក​រហូត​ដល់​កូន​ចូលរៀន​ថ្នាក់​មត្តេយ្យ៖​
រឿងសំ​ខាន់​ ៥យ៉ាង​មាតាបិតា​គ្រប់រូបគួរ​ធ្វើចំពោះ​កូនតូច​របស់ខ្លួន​១. ចំណាយ​ពេលវេលា​ជាមួយ​កូន​របស់អ្នក៖ ​រឿងដ៏សំខាន់​បំផុត ​ដែលអ្នក​មិនគួរ​មើល​រំលង​ គឺពេល​វេលា ​ដែល​អ្នក​ត្រូវ​ប្រើ​ជាមួយ​កូន​របស់អ្នក។ ​អ្នកគួរ​ប្រលែង​លេង​ជាមួយ​គេ​ឱ្យបាន​ច្រើន​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល ​និង​ភាព​កក់ក្ដៅ ​និង​គួរ​ជជែក ​និងស្ដាប់់​កូនរបស់​អ្នក។​ កុមារ​គ្រប់រូប​ត្រូវការ​ការយក​ចិត្ដ​ទុកដាក់ ​ការប្រាស្រ័យ​ទាក់​ទង ​និងការភ្ញោច​លើក​ទឹកចិត្ដ។​ ចូរកុំទុក​គេចោល​ឱ្យលេង​តែម្នាក់​ឯង​នៅមុខ​ទូរទស្សន៍។ ​ចូរប្រព្រឹត្ដ​ចំពោះ​គេ ​ដោយ​ការយក​ចិត្ដទុកដាក់​ និង​គិតគូរឱ្យ​មែនទែន ​ចំពោះ​សកម្មភាព​លេង​របស់គេ។​

២. អានសៀវ​ភៅឱ្យ​កូនអ្នក​ស្ដាប់៖​ ទង្វើ​មួយចំនួន ​ដូច​ជាការលេង ​ការញ៉ាំ​ ការនិយាយ​ ឬជជែក ​គឺជា​សកម្មភា​ព​ដ៏ប្រសើរ​សម្រាប់​កូ​ន​របស់អ្នក​ ប៉ុន្ដែ​វាមិនទាន់​គ្រប់​គ្រាន់​នៅឡើយ​នោះទេ។  ​ចាប់​ពីកុមារ​អាយុ​មួយ​ខួប​ដំបូង​ អ្នក​គួរតែ​អង្គុយ​ជិតស្និទ្ធ​ជាមួយគេ ​និង​អានសៀវភៅ​ឱ្យគេ​ស្ដាប់។ ​ការអាន​សៀវភៅ​ឱ្យ​គេស្ដាប់ ​មាន​គុណ​ប្រយោជន៍​ជួយ​ឱ្យគេ​វិវឌ្ឍ​ខាងភាសា ​ជម្រុញ​ការស្វែង​យល់ ​នៃប្រាជ្ញា​ខាងការនិយាយស្ដី ​និង​ជួយ​ឱ្យ​គេមាន​ចិត្ដ​ស្រលាញ់​ការអាន​សៀវភៅ។ ​សៀវភៅរូបភាព ​ចម្រៀង​ចុងជួន​ថ្នាក់មត្ដេយ្យ​ រឿង​ព្រេង​និទាន​ និងនិទានបែបចាស់ៗ គឺជាប្រភេទសៀវភៅដ៏ប្រសើរ ក្នុងកាអានឱ្យកូនរបស់អ្នកស្ដាប់។ នៅ​ពេលកូនរ​បស់​អ្នកមាន​វ័យ​វឌ្ឍនា​ការធំ​ជាងនេះ ​ចូរស្ដាប់​គេអាន​ និង​ជជែក ​ពីសាច់រឿង ​ឬអ្វីៗ​ដែល​គេ​ចង់​បក​ស្រាយ​ឱ្យ​អ្នក​ស្ដាប់។​
៣. បង្កើត​ជាវិន័យ​ និងនិយាយ​ថាទេ​ចំពោះ​ប្រការមិនល្អ៖ ​ឪពុក​ម្ដាយ​ភាគ​ច្រើន​និយម​ផ្តេក​ផ្ដួល​ទៅ​តាម​ចិត្ដ​របស់​កូន​ លួង​លោម​ថ្នាក់ថ្នម​ដោយ​ការស្រលាញ់ ​ហើយ​មិនជំ​ទាស់​ចំពោះ​រឿងអ្វីៗ​ដែល​គេធ្វើខុស។ ​ប៉ុន្ដែ​ការធ្វើ​ដូច្នេះ ​វាមិនបាន​ផ្ដល់ប្រយោជន៍​អ្វីដល់អ្នក​ ឬកូនរបស់​អ្នកឡើយ ​ផ្ទុយទៅវិញ​គឺអាចធ្វើ​ឱ្យគេក្លាយ​ជាក្មេង​ខូច ​ដែល​ធ្វើ​អ្វី​តាម​តែចិត្ដ​នឹកឃើញ​ចង់ធ្វើ។ ​ក្មេងៗ​ត្រូវតែហាត់​រៀនឱ្យ​ស្គាល់​ពីភាព​ខុសគ្នា​រវាង​សេចក្ដី​ត្រឹមត្រូវ ​និង​កំហុស ​និង​រវាង​ប្រការ​សុវត្ថិភាព​ និង​គ្រោះថ្នាក់។ ​អ្នក​ត្រូវកែ​ប្រែ​ពួកគេ​ដោយ​ផ្ចឹតផ្ចង់ ​នៅ​ពេល​ពួក​គេ​ធ្វើ​រឿង​មិន​ល្អ។​ អ្នក​ត្រូវ​បង្កើត​ជា​បទបញ្ជា ​ឬវិន័យ​ ដោយ​ការ​ពន្យល់ពួក​គេអំពី​តម្លៃ ​នៃ​ការគោរព​វិន័យ ​ហើយ​ត្រូវ​ឱ្យប្រាកដ​ថា ​កូន​របស់​អ្នក​បាន​យ​ល់​ពីគោលការណ៍​ និង​អត្ថប្រយោជន៍​នៃវិន័យ​ទាំងនោះ។ ​កូនក្មេង​អាចជ្រាប​បាន​លឿន​ណាស់ ​ហើយ​ពួកគេ​នឹង​គោរព​ព្រំដែន​វិន័យ​ដែល​អ្នកផ្ដល់ឱ្យ ​ហើយ​ចាប់​ផ្ដើម​អនុវត្ដ​យ៉ាង​ត្រឹមត្រូវ ​និ​ង​ជាប់​លាប់​
៤. បង្កើត​គំរូ​ដ៏ល្អ​សម្រាប់​គេ៖ ​ក្មេងៗ​តែង​ហាត់រៀន ​ពីមនុស្ស​ជុំវិញខ្លួន​ ជា​ពិសេស​គឺឪពុក​ម្ដាយ​របស់​គេតែម្ដង។​ ប្រសិន​បើអ្នក​ជេរ​ប្រទេច ​ស្រែក​គំហ៊ក​ដាក់ដៃគូ ​ទាត់សត្វ​សុនខ ​និង​ពង្រាយ​ប្រដាប់​ប្រដាអ្វីមួយ ​ដោយ​មិន​សម្អាត​ឱ្យស្អាត​វិញទេ​នោះ​ ថ្ងៃក្រោយ​ពួក​គេនឹង​មាន​ទម្លាប់​ដូចអ្នក។​ ដូច្នេះ​ចូរបង្ហាត់​បង្រៀនគេ ​ឱ្យមាន​អត្តរិត ​និងអាកប្បកិរិយាល្អ ​តាមរយៈ​ទង្វើ​ជាគំរូរ​បស់អ្នក​ ឱ្យបាន​ច្រើន​ជាងនិយាយ​តែមាត់​ក្រៅ។​
៥. លើក​ទឹក​ចិត្ដ​ឱ្យពួក​គេមាន​ទម្លាប់រស់​នៅល្អ៖ ​បច្ចុប្បន្ន​ក្មេងវ័យ​ជំទង់​ភាគ​ច្រើន ​ដែលធាត់​ខ្លាំង ​ដោយការ​ញ៉ាំដំឡូង​បំពង​ បានចាប់​ផ្ដើមទម្លាប់​មិនល្អ ​តាំងពី​កុមារភាព។​ ដូច្នេះចូរផ្ដល់​ឱ្យកូនរបស់​អ្នក​នូ​វ​របប​អាហារ ​ដែល​ល្អ​ចំពោះ​សុខ​ភាព​ដូចជា​ ផ្លែ​ឈើ​ បន្លែ​ ភេស​ជ្ជៈមិន​ផ្ទុកជាតិស្ករ​ច្រើន​ ធ្វើ​ដូច្នេះ​ពួ​ក​គេនឹង​មា​ន​ទម្លាប់​បរិភោគ​អាហារ​ទាំង​នេះ​រហូត​អស់​មួយ​ជីវិត​។ ​លើក​ទឹ​ក​ចិត្ដ​កូ​នរបស់​អ្នក​ឱ្យ​ទម្លាប់​ដើរ ​ជិះ​កង់ ​និង​លេង​កីឡា​ ហើយពួកគេនឹងស្រលាញ់ការហាត់ប្រាណ។ ក្នុងភាពជាឪពុកម្ដាយគួរតែជាប្រភពនៃសុភមង្គល និងភាពរីករាយនៅក្នុងគ្រួសារ។ ប៉ុន្ដែវាក៏ជាកាតព្វកិច្ចមួយផងដែរ ដែលជាកាតព្វកិច្ចដ៏សំខាន់បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​កុំ​បី​ខាន​។​ ចូរ​បំពេញ​កាតព្វកិច្ច​នេះ​ឱ្យ​បានល្អ​ ហើយ​អ្នក​នឹង​ទទួល​បាន​ផល​ប្រយោជន៍​មួ​យ​ជីវិត​៕​
អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​