សម្តេចតេជោ ​ហ៊ុន សែន​ សរសើរក្រុមបាល់ទាត់​ជម្រើសជាតិ​​​ថាធ្វើបានល្អយប់មិញ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានកោតសរសើរក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជាថា​ធ្វើបានល្អទោះ​ជាចាញ់ក្រុមជម្រើស​ជាតិជប៉ុន​2-0 ក៍ដោយ ។

នៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​សម្តេច​តេជោនាយករដ្ឋមន្រ្តីក៍បាន​សរសេរខ្លីតែមានអត្ថន័យ​យ៉ាងជ្រាលជ្រៅដោយបញ្ជាក់ថា ​​"លទ្ឋផលយើង ចាញ់ជើង ខ្លាំងជប៉ុន២-០ ​គឺចាត់ទុកជាមិត្តភាព​និងបទពិសោធន៍ទោះបីមានរបួសស្រាលខ្លះៗ ​​ការប្រកួតថ្ងៃនេះកម្ពុជា​យើងធ្វើបានល្អ ​សូមខំប្រឹង​ដើម្បីជ័យជំនះ​នៅពេលប្រកួតលើក ក្រោយ"។

គួរបញ្ជាក់ថា​ នៅក្នុងការប្រកួតជម្រុះជុំទី២​តំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់​ពិភពលោកដើម្បីធ្វើដំណើរឆ្ពោះទៅ​ World Cup 2018 ​នៅក្នុងប្រទេសរុស្ស៊ី​កាលពី​យប់ថ្ងៃទី​១៧ វិច្ឆិកា ​នៅពហុកីឡដ្ឋានជាតិ​អូឡំាពិកក្នុងរាជធានីភ្នំពេញ ​ក្រុមជម្រើសជាតិជប៉ុន​បានយកឈ្នះម្ចាស់ផ្ទះកម្ពុជា2-0 ​នៅចំពោះមុខអ្នក​គំាទ្រជាង៥ម៉ឺននាក់ ។

ការប្រកួតនៅ​ក្នុង៤៥នាទីដំបូងនៃ​តង់ទី១ ​ក្រុមសំាម៉ូរ៉ៃជប៉ុនមិនអាចទម្លុះ​សំណាញ់ក្រុមកម្ពុជាបានឡើយ​ តែនៅតង់ទី២នាទីទី៥២ ​ក្រុមជប៉ុនបាន​ឱកាសទាត់បាល់ Free Kick ​ចេញពីស្លាបខាងស្តំា ​ហើយកីឡាករខ្សែប្រយុទ្ឋកម្ពុជា​ ឃួន ឡាបូរ៉ាវី ​ដែលចុះមកជួយខ្សែការពារ ​បានតែតបាល់នោះ​ចេញពីតំបន់គ្រោះថ្នាក់ ​តែចៃដន្យបាល់បាន​ហោះ​បញ្ជូលទី​ខ្លួនឯងគួរឲ្យសោកស្តាយ​​ ធ្វើឲ្យជប៉ុននំាមុខ1-0 ។

ក្រោយមកក្រុម​ជប៉ុនបានផ្លាស់ប្តូរកីឡាករ Honda​ ដែលលេងនៅក្លឹប ​AC Milan ​ដ៍ល្បីល្បាញនៅប្រទេសអ៊ីតាលី ​ហើយនៅក្នុង​ម៉ោងបន្ថែមជិត​ចប់ការប្រកួត កីឡាករ
Honda ​បានតែតបញ្ចូលទីបានយ៉ាងល្អ ​ធ្វើឲ្យចប់ការប្រកួត​៩០នាទី​ជប៉ុនឈ្នះកម្ពុជា 2-0 ។

យ៉ាងណាក៍ដោយ​ក្រុមអ្នកគំាទ្រកម្ពុជា​ភាគច្រើនដែលទៅទស្សនា​ដោយផ្ទាល់ ​និងមើលការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្តី ​នៅតែពេញចិត្ត​ទទួលយក​លទ្ឋផល​ដែល​យើង​មិនចាញ់ច្រើន​គ្រាប់ពេលជួបក្រុមជើង​ឯកអាស៊ីនិងលំដាប់ពិភពលោកមួយនេះ ​និងជាពិសេសបានកោតសរសើរដល់អ្នកចំាទី ​អ៊ុំ សេរីរ័ត្ន ​ដែលសង្រ្គោះបាល់​បាន​ច្រើនរាប់ទំាង​បាល់ពិន័យ១១ម៉ែត្រ​ (ប៉េណាល់ទី)​នោះផងដែរ ។

សម្រាប់​ការប្រកួតនៅក្នុងពូល ​E ក្រុមកម្ពុជា​ សិង្ហបុរី ​និងអាហ្វហ្កានីស្ថាន​ អស់ឱកាសទៅលេងនៅជុំទី៣បន្តទៀតហើយ ​ក្រោយចាញ់៧ប្រកួតជាប់ៗគ្នា ​ខណៈជប៉ុន​និង​ស៊ីរីមានពិន្ទុ​ប្រកៀកប្រកិតគ្នា ។

នៅថ្ងៃទី២៤​ មីនា ២០១៦​ ក្រុមកម្ពុជាដែលមានរហ័សនាម​ " គោព្រៃ " ​នឹងត្រូវធ្វើការប្រកួត​ចុងក្រោយនៃយុទ្ឋនា​ការប្រកួតជម្រុះជុំទី២ ​តំបន់អាស៊ីនៃ​ពានរង្វាន់ពិភពលោក ជាមួយ​ ក្រុមស៊ីរី ​នៅក្នុងទឹកដី​ប្រទេសអូម៉ង់ ៕