​​លួច​រ៉ឺម៉ក​ម៉ូតូ​គេ​ពី​ខណ្ឌ​សែន​សុខ​ម​ក​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ត្រូវ​ម្ចាស់​គេ​​ទាន់ចាប់​វាយ​ក្អួត​ឈាម​​

រាជ​ធានីភ្នំពេញ ​៖ ​ចោរលួចរ៉ឺម៉ក​ម៉ូតូ​ម្នាក់ត្រូវ​ម្ចាស់​រ៉ឺម៉ក និង​ប្រជា​ពលរដ្ឋ​ចាប់​វាយ​រហូត​​ក្អួត​ឈាម​សល់​តែ​ដ​ង្ហើម​ចង្រិត​ បន្ទាប់​ពី​លួចរ៉ឺម៉ក​ម៉ូតូ​គេបាន​សំរេច​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារិ៍រួច​យក​មក​បញ្ចាំ​នៅ​​ហាង​បញ្ចាំ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ ត្រូវ​ម្ចាស់​រ៉ឺម៉កម៉ូតូ​​​តាម​ទាន់​​។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៥​ទៀបភ្លឺ ​នៅ​មុខ​​ផ្សារ​ឃ្លាំង​រំសេវ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​​ផ្លូវ​លេខ​២០២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។

ចោរ​ដែល​លួចរ៉ឺម៉ក​ម៉ូតូ​​មានឈ្មោះ យឹ​ម សំបូរ អាយុ៤៥​ឆ្នាំ មានស្រុក​កំណើត​នៅភូមិ​បាក់​ចិញ្ចៀន ស្រុក​បាកាន ខេត្តពោធិ៍សាត់។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ម្ចាស់រ៉ឺម៉ក​ម៉ូតូ​​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​របស់​គាត់​ ហើយ​​ត្រូវ​​​គេ​លួច​យក​ទៅ​បាត់​នៅ​ល្ងាច​ថ្ងៃ​អង្គារិ៍​ បន្ទាប់​មក​គាត់​ក៏​ប្រកាសប្រាប់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​​ដែល​ជា​អ្នក​រត់រ៉ឺម៉ក​ម៉ូតូ​​ដូច​គ្នា​ថា ​បើ​ឃើញ​ម៉ូតូ​​​មាន​ស្លាក​លេខ​ដូចដែល​គាត់​បាន​ប្រាប់​ប្រញាប់​ទូរស័ព្ទ​ហៅ​គាត់​ភ្លាម ​តែ​មក​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ចោរ​ដែល​លួច​រ៉ឺម៉ក​ម៉ូតូ​​ពី​ខណ្ឌ​សែន​សុខ​នោះ​បាន​យក​ម៉ូតូ​មក​ដាក់បញ្ចាំ​នៅ​ហាង​បញ្ចាំ​ម្តុំ​ឃ្លាំង​រំសេវ​ក្បែរ​​​សាលា​រៀន​ទឹកល្អក់ ​បន្ទាប់​មក​​​ត្រូវ​មិត្តភក្តិ​ម្ចាស់​ម៉ូតូ​​​ឃើញ​​​​ស្លាក​លេខ​ដូចដែល​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ ​ក៏​បាន​ទូរស័ព្ទ​ហៅ​ម្ចាស់​ម៉ូតូ​​​​។

ពេល​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​មក​ដល់​​ឃើញ ​ក៏​ស្ទុះ​ចូល​ទៅ​ឃាត់ខ្លួនជន​សង្ស័យ​ ​និង​បាន​វាយ​យ៉ាង​ចាស់ដៃផ្អើល​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​​​បាន​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បណ្តាល​ឱ្យ​ចោរ​នោះ​ក្អួត​ឈាម​សល់​តែ​ដង្ហើមចង្រិត​ ។

បន្ទាប់​ពី​វាយ​រួច​ម្ចាស់​ម៉ូតូ​កង់​បី​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រួច​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ដោយ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ទេ។  ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ និង​បាន​ដឹក​ចោរ​នោះ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល​និង​យក​មក​ធ្វើការ​សាកសួរ​​​​៕