អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិភាក្សា​ពី​ការវិនិយោគ ពាក់ព័ន្ធ​នឹង វិស័យ​ពាណិជ្ជកម្ម

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​ការ វិនិយោគ ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម (SSC-TD-TRI) លើក​ទី​២៣​។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម ដោយ​តំណាង​ប្រមាណ ១២០ រូប មកពី​ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅ​ក្រសួង ពាណិជ្ជកម្ម​។​

​កិច្ចប្រជុំ​ប្រចាំត្រីមាស​នេះ បានផ្តល់​ឱកាស​ដល់​គ្រប់ភាគី ពាក់ព័ន្ធ​ពាណិជ្ជកម្ម ទាំងអស់ បានធ្វើ​បច្ចុប្បន្នភាព ការអភិវឌ្ឍ​ថ្មីៗ ទាក់ទង​នឹង​សមិទ្ធផល សម្រេចបាន​លើ​ការអភិវឌ្ឍ វិស័យ​ពាណិជ្ជកម្ម រួមទាំង​ដំណើរ​វិវត្តន៍ ទាក់ទង​នឹង​ការផ្តល់​សច្ចា​ប័ណ្ណ លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការកសាង​ទំនាក់ទំនង​វិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា​-​សហរដ្ឋអាមេរិក កំណែទម្រង់​កិច្ចដំណើរការ ស្វ័យប្រវត្តិកម្ម​របស់ ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នភាព អំពី​គម្រោង អឹម អូ ស៊ី ១០១ Incubator និង​ការនាំចេញ និង​ការអភិវឌ្ឍ​ទីផ្សារ​សម្រាប់​ស្រូវ​អង្ករ ដំឡូង​មី ជលផល សូត្រ និង​ឧស្សាហកម្ម បដិសណ្ឋារកិច្ច​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​កត់សម្គាល់ថា​៖ កំណែទម្រង់ និង​ការអភិវឌ្ឍ​ថ្មីៗ ដូចដែល​បាន​រៀបរាប់ នៅក្នុង​កិច្ចប្រជុំ​នេះ នឹង​រួមចំណែក ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ ឡើង ដល់​ការចាត់​ថ្នាក់ របស់​ធនាគារពិភពលោក មកលើ​កម្ពុជា នៅក្នុង​របាយ ការណ៍ នៅ​ឆ្នាំក្រោយ ស្តីពី​៖ “​ការធ្វើ​ពាណិជ្ជកម្ម និង​ភាព​ប្រកួតប្រជែង​សាកល​”​។ តាមរយៈ​ចក្ខុវិស័យ​វែងឆ្ងាយ ក្រសួងពាណិជ្ជកម្ម បាន​ដាក់ចេញ​គម្រោង អាទិភាព​នានា ដើម្បី​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម សម្រាប់​រយៈពេល ប្រាំ​ឆ្នាំ​បន្ទាប់ ដែល​គម្រោង​ទាំងនេះ ត្រូវបាន​អនុម័ត​ដោយ អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ (SSC)​។ ស្របតាម​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ឆ្នាំ​២០១៤-២០១៨ និង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម គម្រោង​អាទិភាព​ទាំងនេះ នឹង​ផ្តល់​ការទាក់ទាញ ការវិនិយោគ​ពី​បរទេស ការអភិវឌ្ឍ​វិស័យ​ឯកជន (​ជាពិសេស​ដោយ​ផ្តោតជាសំខាន់ នៅតាម​បណ្តា​ខេត្ត​នានា​) ការកសាង​ម៉ាក​យីហោ ផលិតផល​នាំចេញ​សំខាន់ៗ របស់​កម្ពុជា កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ ចំណាយ​ថ្លៃដើម ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​៕V/S

អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិភាក្សា​ពី​ការវិនិយោគ ពាក់ព័ន្ធ​នឹង វិស័យ​ពាណិជ្ជកម្ម

អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិភាក្សា​ពី​ការវិនិយោគ ពាក់ព័ន្ធ​នឹង វិស័យ​ពាណិជ្ជកម្ម

អនុគណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិភាក្សា​ពី​ការវិនិយោគ ពាក់ព័ន្ធ​នឹង វិស័យ​ពាណិជ្ជកម្ម