​វិស័យ​ធនាគារ កំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន តាមរយៈ​ការកើនឡើង នៃ​ទ្រព្យសកម្ម​

ភ្នំពេញ​: ទេសាភិបាលរងធនាគារជាតិ​នៃ​កម្ពុជា  បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការជា​ផ្លូវការ​នូវ​ប័ណ្ណឥណទាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (CIMB Bank) កាលពី​រាត្រី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ថា បច្ចុប្បន្ន វិស័យ​ធនាគារ កំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង នៃ​ទ្រព្យសកម្ម​ចំនួន ២៨ ភាគរយ ឥណទាន ២៩ ភាគរយ និង​ប្រាក់​បញ្ញើ ៣០ ភាគរយ ធៀប​នឹង​ឆ្នាំមុន​។​

​លោកស្រី នាវ ច័ន្ទ​ថា​នា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ ថា ក្នុង​ឆ្នាំ​២០១៥ អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹង​បន្ត​មាន​ភាព រឹងមាំ ក្នុង​កម្រិត​ជា​មធ្យម ប្រមាណ ៦,៩ ភាគរយ និង​អត្រា​អតិផរណា​ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់ស្មាន ក្នុង​កម្រិត​ក្រោម ៣ ភាគរយ​។

​លោកស្រី បាន​បន្តថា ការទូទាត់​សង​ប្រាក់ អេឡិចត្រូនិក ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ជំរុញ​ការទូទាត់​សង​ប្រាក់ ដែល​មិន​ប្រើ​សាច់ប្រាក់ នៅក្នុង​សេដ្ឋកិច្ច បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​សមាហរណកម្ម​អាស៊ាន នាពេល​ខាងមុខនេះ ព្រោះ​ប្រព័ន្ធ​នេះ ជា​ហេដ្ឋារចនាសម្ព័ន្ធ ចម្បង​មួយ ជួយ​ជំរុញ​ដល់​ការធ្វើ សមាហរណកម្ម ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព នៅក្នុង​តំបន់ ព្រមទាំង​ជួយ​សម្រួល ដល់​ការទូទាត់​សង​ប្រាក់ អេ​ឡិច​ត្រូ​និ​ច​ឆ្លង​ប្រទេស យ៉ាង​ងាយស្រួល និង​អាច​ជឿទុកចិត្ត​បាន​។​

​លោកស្រី បាន​បញ្ជាក់ថា ទន្ទឹមនេះ ប្រព័ន្ធ​ទូទាត់ ក៏​កំពុងមាន​ការរីកចម្រើន​ផងដែរ ពិសេស​កំណើន​នៃ ការប្រើប្រាស់​ឧបករណ៍ ទូទាត់​សង​ប្រាក់ ដែល​មិនមែនជា​សាច់ប្រាក់​។ គិត​ត្រឹម​ចុងខែ​សីហា ឆ្នាំ​២០១៥ អត្រាកំណើន​នៃ​ការប្រើប្រាស់ ឧបករណ៍​ទូទាត់​សង​ប្រាក់ ដែល​មិនមែនជា​សាច់ប្រាក់ បង្ហាញថា ចំនួន​ប្រភេទ​ប័ណ្ណឥណទាន និង​ប័ណ្ណ​អេ​ធី​អឹម (Debit Card and ATM Card) កើនឡើង ១៣ ភាគរយ ពី​ចំនួន​ប្រមាណ ១,២៣ លាន​ទៅ ១,៣៩ លាន​ប័ណ្ណ និង​ប្រភេទ​ប័ណ្ណឥណទាន (Credit Card) កើនឡើង ២៤,១៤ ភាគរយ ពី​ចំនួន​ប្រមាណ ២៩ ពាន់​ទៅ ៣៦ ពាន់​ប័ណ្ណ​។​

​លោកស្រី បាន​បន្តទៀតថា ដើម្បី​ជួយ​ពង្រឹង​ស្ថិរភាព ប្រព័ន្ធ​ហិរញ្ញវត្ថុ កាត់បន្ថយ​ការចំណាយ នៅក្នុង​សេដ្ឋកិច្ច បង្កើន​នូវ​ប្រសិទ្ធភាព ក្នុងការ​ប្រើប្រាស់ ធនធាន​ហិរញ្ញវត្ថុ និង​បង្កើន​សន្ទនីយ​ភាព ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ក្នុងនាម​ជា អាជ្ញាធរ​ត្រួតពិនិត្យ និង​អាជ្ញាធរ​គ្រប់គ្រង ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា នៅតែ​បន្ត​ពង្រឹង ការអនុវត្ត អភិវឌ្ឍ និង​ធ្វើ​បច្ចុប្បន្ន​កម្ម បទ​ប្ប​ញ្ញ​តិ្ត ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ឲ្យ​ប្រព័ន្ធ​ធនាគារ ជាពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ មានដំណើរ​ការប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ស្របតាម​ការវិវត្តន៍ យ៉ាង​ឆាប់រហ័ស នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​។

​ជាងនេះទៀត ធនាគារជាតិ​នៃ​កម្ពុជា បាន​ពង្រឹង​ជា​បន្តបន្ទាប់​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន អំពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការ ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ដើម្បី​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ជំនឿ​ទុកចិត្ត​របស់ សាធារណជន លើ​ប្រព័ន្ធ​ធនាគារ និង​ហរិញ្ញវត្ថុ​នៅ​កម្ពុជា​៕V​/S

​វិស័យ​ធនាគារ កំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន តាមរយៈ​ការកើនឡើង នៃ​ទ្រព្យសកម្ម​

​វិស័យ​ធនាគារ កំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន តាមរយៈ​ការកើនឡើង នៃ​ទ្រព្យសកម្ម​

​វិស័យ​ធនាគារ កំពុងមាន​ការអភិវឌ្ឍ និង​រីកចម្រើន តាមរយៈ​ការកើនឡើង នៃ​ទ្រព្យសកម្ម​