កុមារ​អង្គការ ម្លប់​តាប៉ាង ទទួលបាន​ភាព​រីករាយ ពី​ក្រុម​តន្ត្រី​ជើង​ទឹក​អាមេរិក​

ភ្នំពេញ: ក្រៅពី​ធ្វើ​លំ​ហាត់​សមយុទ្ធ CARAT រួមគ្នា ក្រុម​ទាហានជើងទឹក សហរដ្ឋអាមេរិក បាន​ចំណាយពេលដើម្បី​បង្កើន​ភាព​រីករាយដល់​កុមារ តាមរយៈ​ការ ច្រៀង​ចម្រៀង និង​លេង​កម្សាន្ត នៅក្នុង​អង្គការ​ម្លប់​តាប៉ាង ស្ថិតនៅ​ភូមិ​ទី​៨ សង្កា​ត់ទី​៨ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​។

​លោក ចូ អា​ខូ​ស្តា ខម​សូវែ​ន​ធែ (JOSE ACOSTASEVENTHFLT) ប្រធាន​ក្រុម​តន្ត្រី របស់​កងទ័ពជើងទឹក​អាមេរិក បាន​មានប្រសាសន៍ ក្រុម​របស់លោក ដែល​មក​សម្តែង​ជូន​កុមារ បាន​ស្តាប់​ចម្រៀង និង​លេង​កម្សាន្ត សរុប​ទាំងអស់ មាន​៧​នាក់​។

​លោក​បាន​បន្តថា ការ​មក​សម្តែង​នេះ គឺ​ដើម្បី​បង្កើន​ភាព​រីករាយ ដល់​កុមារ​ទាំង អស់នេះ ដែល​ពួកគេ​ខ្វះ​ភាពកក់ក្តៅ និង​ភាព​រីករាយ​។ ក្រៅពីនេះ ក៏ដូចជា​ផ្តល់ឱកាស ដល់​កុមារ​ទាំងអស់នោះ បាន​លេង​កម្សាន្ត ជាមួយ​កងទ័ពជើងទឹក​អាមេរិក ដូចជា​ការលេង​កីឡា បាល់បោះ បាល់ទាត់ ជាដើម​។ បន្ថែម​ពីលើ​នេះ គឺអាច​ឲ្យ​កុមារ​ទាំងអស់នេះ បានឃើញ​នូវ ការ​ស្លៀកពាក់ ឯកសណ្ឋាន​របស់ កងទ័ពជើងទឹក​អាមេរិក ទោះបីជា​គេ​គ្មាន​ឱកាស ឡើង​នាវាចម្បាំង ក៏ដោយ​នោះ​។

​លោក​បានបង្ហាញ នូវ​ក្តី​រីករាយ​ថា ក្រុម​របស់​ពួកយើង បានមក​កាន់​ប្រទេស​កម្ពុជា ជាច្រើនលើក​មកហើយ គឺ​តែងតែមាន​ភាព​រីករាយ ជាមួយ​កុមារ​ទាំងអស់នេះ​។

​លោក អ៊ីវ សៅ​រិ​ន នាយក​អង្គការ​ម្លប់​តាប៉ាង បាន​មានប្រសាសន៍ថា ការ​មក​សម្តែង​របស់ កងទ័ពជើងទឹក​នេះ គឺជា​ការលើកទឹកចិត្ត ឲ្យ​កុមារ មាន​ភាពក្លាហាន បង្កើន​នូវ​ភាពស្និទ្ធស្នាល ដល់​ពួកគេ រវាង​កុមារ និង​កុមារ រវាង​កុមារ និង​មនុស្ស​ធំ ក៏ដូចជា​រវាង​កុមារ និង​កងទ័ពជើងទឹក​អាមេរិក ផងដែរ​។ ​ក្រៅពី​ការសម្តែង​សិល្បៈ ជូន​កុមារ​ទស្សនា កងទ័ព​អាមេរិក ក៏មាន​ផ្តល់ជូន​នូវ សម្ភារៈប្រើប្រាស់ សម្ភារៈ​កីឡា និង​សម្ភារៈ​សិក្សា មានដូចជា សៀវភៅ ប៊ិច ជូន​ដល់​កុមារ​ផងដែរ​។

​លោក​បាន​បន្តថា អង្គការ​របស់លោក បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ ដោយ​ផ្តល់​ការអប់រំ​សិក្សា ក្នុង​និង​ក្រៅ​ប្រព័ន្ធ​. ផ្តល់​សេវា​សុខភាព​ព្យាបាល ដោយ​ឥតគិតថ្លៃ និង​សេវា​ជាច្រើន​ទៀត​។ គោលបំណង​របស់​អង្គការ ផ្តល់​សេវាកម្ម​ដល់​ពួកគាត់ ដើម្បី​ជួយ​ពួកគាត់ ឲ្យ​គេច​ផុតពី​ជីវិត តាម​ចិញ្ចើមថ្នល់ រួច​បញ្ជូន​ពួកគាត់ ទៅក្នុង​គ្រួសារ​របស់​ពួកគាត់​វិញ​។ អង្គការ​របស់​យើង មិនមែនជា​មណ្ឌល ក្មេង​កំព្រា​នោះទេ​។

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ អង្គការ​របស់​យើង ផ្តល់​សេវាកម្ម​ដល់​កុមារ ប្រមាណ​ជា ៤.៥០០ នាក់ នៅ​ក្រុងព្រះសីហនុ ហើយ​ពួកគេ​ភាគច្រើន ជា​កុមារ​តាម​ចិញ្ចើមថ្នល់​។

​អង្គការ​អាច​ដំណើរការបាន មកដល់​សព្វថ្ងៃនេះ តាមរយៈ​ការស្នើសុំ​មូលនិធិ មកពី​ក្រៅប្រទេស មានដូចជា ប្រទេស​អូស្ត្រាលី​. ហុងកុង​. សហរដ្ឋអាមេរិក និង អង់គ្លេស ជាពិសេស​នោះ បានមកពី​អង្គការ​យូ​នី​សេ​ហ្វ​៕V​/S

កុមារ​អង្គការ ម្លប់​តាប៉ាង ទទួលបាន​ភាព​រីករាយ ពី​ក្រុម​តន្ត្រី​ជើង​ទឹក​អាមេរិក​

កុមារ​អង្គការ ម្លប់​តាប៉ាង ទទួលបាន​ភាព​រីករាយ ពី​ក្រុម​តន្ត្រី​ជើង​ទឹក​អាមេរិក​

កុមារ​អង្គការ ម្លប់​តាប៉ាង ទទួលបាន​ភាព​រីករាយ ពី​ក្រុម​តន្ត្រី​ជើង​ទឹក​អាមេរិក​