សម្លាប់​និង​ដុត​ប្រពន្ធ​ក្នុង​ពាង ឈាម​ស្រែក​ស្បែក​ហៅ​ប្តី​កំណាចត្រូវ​បាន​ចាប់ខ្លួន​ទាំង​រលាក​ពេញ​មុខ

សម្លាប់​និង​ដុត​ប្រពន្ធ​ក្នុង​ពាង ឈាម​ស្រែក​ស្បែក​ហៅ​ប្តី​កំណាចត្រូវ​បាន​ចាប់ខ្លួន​ទាំង​រលាក​ពេញ​មុខ

រាជធានី​ភ្នំពេញ ៖ ឃាតករ​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវឃោរឃៅ រួច​យក​សព​ចាក់​សាំង​ដុត​ក្នុង​ពាង​កាលពី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​កន្លង​ទៅ នៅ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា នៅ​ទំនប់​រលក ខេត្ត​ព្រះ​សីហ​នុ ។

តាម​ចម្លើយ​សារភាព​របស់​ឃាតករ​ឱ្យ​ដឹង​ថា ខ្លួន​ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា និង​ជា​បុរស​ពោះ​ម៉ា​យ​មានកូន​២​នាក់ បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ជន​រង​គ្រោះ​ដែល​ជា​ស្ត្រី​មេ​ម៉ាយ​កូន​បី​ឈ្មោះ ទឹម សោភា ហៅ​ក្រញាញ់ អាយុ​៣៤​ឆ្នាំ ជា​អ្នក​គួ​ក​ជេ​ដី​តាំងពី​ឆ្នាំ​២០១២​មក ។ ជន​នេះ​បាន​សារភាព​ថា រូបគេ​និង​ប្រពន្ធ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយ​ការ​ប្រចណ្ឌ​ចោទ​ប្រពន្ធថា​លួច​មាន​សហាយ​ជាមួយ​ប្រុស​ថ្មី​ទៀត ដែល​ជា​អ្នក​គួ​ក​ជេ​ដី​ដូច​គ្នា ។

ដោយ​ការ​ប្រចណ្ឌ​ខ្លាំង ក៏​រៀបចំ​ផែនការ​សម្លាប់​ប្រពន្ធ​ចោល ទើប​ធូរស្រាល​ក្នុង​ចិត្ត គឺ​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ខណៈ​ប្រពន្ធ​ខ្លួន​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់ ខ្លួន​ក៏​យក​ពូថៅ​ដែល​ត្រៀម​ទុកជា​ស្រេច វាយ​ប្រពន្ធ​នឹង​ខ្នងពូថៅ​ចំ​សៀត​ថ្កា​ម្ខាង​ៗ៣​ទៅ​៤​ពូថៅ ។ បន្ទាប់​ដោយ​ខ្លាច​មិន​ទាន់​ស្លាប់ រូបគេ​ក៏​កាប់​បន្ថែម​ចំ​បំពង់ក​៣​ទៅ​៤​ពូថៅ​ទៀត រួច​ហើយ​លើកសព​ចុះ​មក​ក្រោមផ្ទះ ដាក់​ចូល​ក្នុង​ពាង និង​បាន​ទៅ​ទិញ​សាំង​ចំនួន​២០​លី​ត្រមក​ចាក់​ដុត ។

ជន​នេះ​សារភាព​ទៀត​ថា បន្ទាប់​ពី​ចាក់​សាំង​ដុត​សព​ហើយ​ឆេះ​មិន​ទាន់​អស់នោះ ខ្លួន​ក៏​ចាក់​សាំង​ដែល​នៅ​សល់​ក្នុង​ប៊ីដុង​នោះ​បន្ថែម​ទៀត​និង​ត្រូវ​សាំង​ខ្ទាត​ឆាបឆេះ​ផ្ទៃមុខ និង​ដៃ​ខ្លួនឯង​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ខ្លួន​គេ​ក៏​យក​លុយ​ចំនួន ១ ៦០០​ដុល្លារ ចិញ្ចៀនពេជ្រ​១​វង់ និង​ម៉ូតូ​គុប​ជ្រុង​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រពន្ធ រត់គេច​ខ្លួន​ទៅ​ដេក​នៅផ្ទះ​សំណាក់​ម្ដុំ​ទួល​គោក​មួយ​យប់​ជាមួយ​ស្រី ហើយ​ត្រូវ​ស្ដ្រី​នោះ​លួច​លុយ​អស់​ទៀត​។ លុះ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំណាក់​សំដៅ​ទៅ​ខេត្តកំពង់ស្ពឺ យក​ម៉ូតូ​ទៅ​ផ្ញើ​មិត្តភក្តិ និង​បាន​ស្នាក់​នៅ​មួយ​យប់ ។

តាម​ការ​សារភាព​ឲ្យ​ដឹង​ទៀត​ថា ស្អែក​ឡើង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បន្តដំណើរ​ដោយ​ជិះ​រថយន្ដ​តាក់​សី​ុ​ឆ្ពោះទៅ​លាក់ខ្លួន​នៅផ្ទះ​មិត្តភក្តិ​ម្នាក់​ទៀត ជា​អ្នកនេសាទ​នៅ​ទំនប់​រលក ខេត្ត​ព្រះ​សីហ​នុ​។ បន្ទាប់​ពី​ស្នាក់​នៅ​បាន​មួយ​យប់ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ក៏​ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួនបញ្ជូន​មក​បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៕