លោក ​សម រង្ស៊ី ​ថា CPP ​កំពុងធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ

រាជធានីភ្នំពេញ ៖ ​ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី​ បានសរសេរ​នៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​ផ្លូវការរបស់​លោក​បង្ហោះនៅប៉ុន្មាន​នាទី​មុននេះមាន​ខ្លឹមសារទំាងស្រុងថា ​"បន្ទាប់ពីទង្វើយ៉ាង​យង់ឃ្នងមួយចំនួនថ្មីៗនេះ​ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ​មកលើគណបក្សសង្គ្រោះជាតិ​ ក្នុងនោះ​មានការចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភាលោក ​ហុង សុខហួរ ​ដាក់ពន្ធនាគារមកទល់នឹងថ្ងៃនេះ, ​ការវាយដំយ៉ាងសាហាវ​មកលើតំណាងរាស្ត្រ​គណបក្សប្រឆាំង ​២ រូបគឺលោក​ ញ៉យ ចំរើន និងលោក​ គង់ សភា, ​ការដកលោក កឹម សុខា ​ចេញពីតំណែងអនុប្រធានទី១ នៃ​រដ្ឋសភា -- មានទង្វើបន្ថែម​ទៀតជាចុងក្រោយ ​គឺការចេញដីកា​ឲ្យចាប់រូបខ្ញុំ ក្នុងឋានៈ​ខ្ញុំ​ជាប្រធាន​គណបក្សសង្រ្គោះជាតិ ​ ទោះជាខ្ញុំមានអភ័យ​ឯកសិទ្ធិសភាយ៉ាងណាក៏ដោយ ​ហើយនៅទីបញ្ចប់ ​ ការបណ្តេញខ្ញុំចេញពីរដ្ឋសភា ​បន្ទាប់ពីការបោះឆ្នោត​សម្រេច​បែបនេះ​ ធ្វើឡើងដោយ​តំណាងរាស្ត្រមកពី​គណបក្សប្រជាជនកម្ពុជា ​តែប៉ុណ្ណោះក៏ដោយ ។

ទង្វើទាំងអស់នេះ​ ឈានទៅដល់​ការបញ្ចប់តួនាទី​របស់គណបក្សប្រឆាំងតែមួយគត់ ​ដែលមានអសនៈក្នុងរដ្ឋសភា ​ហើយបង្ហាញថា​ប្រទេសកម្ពុជា​ បានវិលត្រឡប់ទៅរក​ប្រព័ន្ធបក្សតែមួយ ​ ដូចមុនថ្ងៃ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ​ឆ្នាំ ១៩៩១។

ទង្វើទាំងអស់នេះ​ ពីសំណាក់គណបក្ស​ប្រជាជនកម្ពុជា ​គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ​ ដែលនាំមកនូវផលប៉ះពាល់ផ្លូវច្បាប់​ និងផ្លូវនយោបាយ ​ដូចរដ្ឋប្រហារយោធា​ ដែលពួក​គេបានធ្វើនៅថ្ងៃ ៥​-៦ កក្កដា ​ឆ្នាំ ១៩៩៧ អញ្ចឹងដែរ ។​ ផលប៉ះពាល់ចម្បង​ គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ​ដែលមានធានា​ក្នុងកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាដោយ ១៨ ​ប្រទេសជាមិត្ត​ ដោយមាន​ការគាំទ្រពីអង្គការ​សហប្រជាជាតិផងដែរ" ។

យ៉ាងណាក៍ដោយ ​មកដល់ម៉ោងជិត១០ព្រឹកនេះ​ មិនទាន់មានប្រតិកម្ម​តបភ្លាមៗនៅឡើយ​ទេពីមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ៕