ក្រុម​ចោរ​ប្លន់​បាញ​់ស្លាប់​​​ក្មេងប្រុស​អាយុ​១៣ឆ្នាំ​​​​​​ម្នាក់់​អំឡុង​ប៉ុនប៉ងប្លន់​ម៉ូតូ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពត

មន្ត្រីម្នាក់​បាន​និយាយថា នគរបាល​ខេត្ត​កំពត​​កំពុង​ស្វែង​រក​​បុរស​ពីរនាក់​ដែលបាន​បាញ់​ត្រូវក្មេង​ប្រុស​អាយុ​១៣ឆ្នាំម្នាក់​ស្លាប់​ដោយ​ ប្រើ​កាំភ្លើង​វែង​​​បន្ទាប់ពី​ប៉ុនប៉ង​​ប្លន់​ម៉ូតូ​បង​​​ប្រុស​របស់​ក្មេងប្រុស​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​លោក សុខ ឌឿន នាយរង​ប៉ុស្តិ៍​​​​ ឃុំ​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​នេះ​បាន​កើត​ឡើង​ខណៈ​ដែល​ សេក សុខមាន អាយុ​១៥ឆ្នាំ ​​​​​​បាន​ជិះ​ម៉ូតូម៉ាក​ហុងដាឌ្រីមស៊េរី២០១៥ឌុប​​ប្អូន​ប្រុស​របស់ខ្លួន​ឈ្មោះ សេក សុខគា អាយុ​១៣​​​ ឆ្នាំ និង​មិត្តភក្តិ​ពីរនាក់​ទៀតត្រឡប់​​​មក​ពី​​ពិធី​បុណ្យ​នៅ​វត្ត​​ក្នុង​ឃុំក្រាំងស្នាយ ស្រុក​ឈូុក។

លោក​បានលើកឡើង​ថា ខណៈពេល​ក្មេង​ប្រុស​ទាំង​នេះ​កំពុង​ជិះ​ម៉ូតូឆ្ពោះទៅ​ភូមិ​របស់​ខ្លួនវិញ​បន្ទាប់ពី​រំលង​អធ្រាត្រនោះ បុរស​​​​ពីរនាក់​​អាយុ​ខ្ទង់​៣០ឆ្នាំ​​ដែលឈរ​នៅ​ចិញ្ចើមផ្លូវ​បាន​ស្រែក​ឲ្យ​ពួកគេ​ឈប់។

លោក​បាន​និយាយថា “ប៉ុន្តែ​អ្នក​បើក​​ម៉ូតូ​នៅ​តែ​បន្ត​បើក​ ហើយ​ក្រុម​ចោ​រ​ប្លន​់​បាន​បាញ់​​​​ ពួកគេ​ពីក្រោយ​តែម្តង”។​​​លោក​​បន្ថែម​ថា ជន​រង​គ្រោះ​ទាំង​​​នេះ​​​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ដែលបាញ់ចេញ​ពី​កាំភ្លើង​​អាកា-៤៧។

លោក ឌឿន បាន​និយាយថា គ្រាប់​កាំភ្លើង​​​ បាន​ត្រូវ​ដៃម្ខាង​របស់​មិត្ត​ភក្តិ​ម្នាក់​ មុនពេល​​​ទម្លុះ​ត្រង់​បោះដៃផុត​របស់​ សេក សុខគា ហើយ​បន្ទាប់មក​​ទៅ​ត្រូវ​ សុខមាន។

មន្ត្រីនគរបាល​រូបនេះ​បាន​និយាយថា សុខ​​​មាន​ បាន​បើក​ទៅមុខ​ចម្ងាយ​​​១៥០​​​ម៉ែត្រ​ទៀត​មុន​ពេល​​ឈប់​ម៉ូតូ ហើយ​ស្រែក​ឲ្យ​គេ​ជួយ​​ខណៈនោះ​ក្រុម​ចោរ​ប្លន់​​បាន​គេចខ្លួន​ពី​កន្លែង​កើត​ហេតុ។

លោក​បាន​និយាយថា សេក សុខគា បាន​ហូរ​ឈាម​រហូត​ដល់​ស្លាប់​នៅតាម​ផ្លូវ ចំណែក​ ​​​ សុខមាន​ ត្រូវ​បានបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យក្រោយមក។ លោក​បាន​បន្ថែមថា នគរ​បាល​មិន​ទាន់មាន​តម្រុយ​ក្នុង​ករណី​នេះ​ទេ ប៉ុន្តែ​កំពុង​បន្ត​ស៊ើប​អង្កេត​៕សារុន

The post ក្រុម​ចោរ​ប្លន់​បាញ​់ស្លាប់​​​ក្មេងប្រុស​អាយុ​១៣ឆ្នាំ​​​​​​ម្នាក់់​អំឡុង​ប៉ុនប៉ងប្លន់​ម៉ូតូ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពត appeared first on ខេមបូឌា ដេលី.