ឈ្នះម្ចាស់ផ្ទះកម្ពុជា ២-០ មែន តែគ្រូបង្វឹក ជប៉ុន មិនសូវសប្បាយចិត្តឡើយ (Video Inside)

ភ្នំពេញ៖ ជំនួបជើងទី២ រវាងជម្រើសជាតិកម្ពុជា និងក្រុម សាំម៉ូរ៉ៃជប៉ុន បានបញ្ចប់ហើយដោយលទ្ធផល ក្រុមភ្ញៀវជប៉ុន ឈ្នះ ២-០ ក្នុងវគ្គជម្រុះ FIFA World Cup Russia 2018 កាលពីយប់មិញ ប៉ុន្ដែជ័យជំនះនេះ បែរជាធ្វើឲ្យលោក Vahid Halilhodzic គ្រូបង្វឹកជប៉ុន មិនសូវសប្បាយចិត្តទៅវិញ ព្រោះខុសពីការចង់បាន ។

លោក Vahid Halilhodzic បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា លោកមិនសូវពេញចិត្តនឹងជ័យជំនះ នេះឡើយ ព្រោះលោកចង់បានគ្រាប់បាល់ច្រើនជាងនេះ ។ ប៉ុន្ដែលោកក៏ទទួលកំហុសរបស់ខ្លួនផងដែរ ចំពោះការផ្លាស់ប្ដូរទម្រង់លេង ដែលនាំឲ្យជប៉ុន ប៊ិះនឹងត្រូវកីឡាករកម្ពុជា វាយបករកគ្រាប់បាល់បានសម្រេច ។

លោកបន្ដថា តង់ទី១ កូនក្រុមលោកពិតជាលេងមិនសូវល្អ ហើយតង់ទី២ ពួកគេបានផ្លាស់ប្ដូរទម្រង់លេង និងបង្កើតឱកាសរកគ្រាប់បាល់ជាច្រើនលើក រួមទាំងការទទួលបានបាល់ពិន័យ១១ម៉ែត្រផងដែរ តែធ្វើមិនបានសម្រេច ជាពិសេសកីឡាករ Okazaki និងខ្សែប្រយុទ្ធឆ្នើម Kagawa ពួកគេមានឱកាសស៊ុតច្រើនណាស់ ប៉ុន្ដែពួកគេបែរជាធ្វើ មិនបាន ចុះក្រោយរកបានត្រឹម២គ្រាប់ទៅវិញ ។

ចំណែកលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ជំនួបជើងទី២ ជាមួយក្រុមខ្លាំងជប៉ុន នេះ កីឡាករកម្ពុជាពិតជាមានការនឿយហត់ខ្លាំង ប៉ុន្ដែលោកមិនបន្ទោស ឬទម្លាក់កំហុសលើកីឡាករឡើយ ដោយសំអាងថា សូម្បីតែប្រាក់ខែកីឡាករកម្ពុជា ក៏នៅមានកម្រិតដែរ ដូច្នេះមានតែការផ្ដល់កម្លាំងចិត្តពីអ្នកគាំទ្រប៉ុណ្ណោះ ដែលជំរុញឲ្យ កីឡាករកម្ពុជា មានឆន្ទៈក្នុងការប្រកួត និងខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីជាតិ ហើយការបរាជ័យលើកនេះ លោកគិតថា មិនមែនជាលទ្ធផលអាក្រក់ ណាស់ណានោះទេ ៕