ប្រតិកម្ម​របស់​អ.ស.ប.ចំពោះ​ដីកា​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី

ប្រតិកម្ម​របស់​អ.ស.ប.ចំពោះ​ដីកា​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី

រូបថ​តឯកសារ ៖ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អ.ស.ប​ ថ្លែង​បើក​មហាសន្និបាត​​សហប្រជាជាតិ​លើក​ទី​៦៦ នៅ​ទី​ស្នាក់ការ​អ.ស.ប.​ក្នុង​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១១។លោក បាន គីមូន​ (Ban Ki-moon)​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជម្រុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ពិភាក្សា​ ហើយ​នឹង​លើក​ទឹក​ចិត្ត​ដល់​តួ​អង្គ​នយោបាយ​ទាំងអស់​ឲ្យ​ចៀស​វាង​នូវ​អំពើ​ហិង្សា​ ការគំរាម​កំហែង​ ហើយ​និង​ការយាយី។​ ភ្នំពេញ—

លោក បាន គីមូន​ (Ban Ki-moon)​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជម្រុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ពិភាក្សា​ ហើយ​នឹង​លើក​ទឹក​ចិត្ត​ដល់​តួ​អង្គ​នយោបាយ​ទាំងអស់​ឲ្យ​ចៀស​វាង​នូវ​អំពើ​ហិង្សា​ ការគំរាម​កំហែង​ ហើយ​និង​ការយាយី។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អ.ស.ប. ដែល​ទើប​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ។​

«កិច្ច​ពិភាក្សា​ប្រកប​ដោយ​បរិយាកាស​គ្មាន​ការគំរាម​កំហែង​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ស្ថេរភាព​នយោបាយ​និង​សង្គម​សន្តិភាព​។»

អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អ.ស.ប.បាន​ថ្លែង​ថា​៖ «លោក​អគ្គលេខាធិការ​អ.ស.ប. បាន គីមូន​ (Ban Ki-moon) កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កំណើន​នៃ​ភាពតានតឹង​រវាង​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា។​ ការចេញ​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ជំទាស់​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ហើយ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ប្រឆាំង​នឹង​ក្រុម​សមាជិក​សភា​និង​អ្នកដឹកនាំ​ គឺ​ជា​ការវិវត្ត​ប្រកប​ដោយ​ក្តី​បារម្ភ​។»

សេចក្តី​ថ្លែងការណ៍​របស់​អ.ស.ប.នេះ​កើត​ឡើង​ក្រោយ​ពេល​ក្រុម​ជំទាស់​រង​ការវាយ​ប្រហារ​ផ្ទួនៗ​រាប់​ទាំង​ការដក​អភ័យឯកសិទ្ធិ​សភា​ លោក​ សម រង្ស៊ី​ និង​ដីកា​ចាប់​ខ្លួន​ ការវាយ​អ្នក​តំណាងរាស្ត្រ​ ការដក​តួនាទី​លោក​ កឹម សុខា​ ពី​អនុប្រធាន​សភា​ ការចាប់​ខ្លួន​ព្រឹទ្ធសភា​ម្នាក់​នៃ​ក្រុម​ប្រឆាំង​គឺ​ លោក​ ហុង សុខហ៊ួរ ដាក់​គុក​ជា​ដើម។​

លោក​សុខ ឦសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ស្នើ​សុំ​ឲ្យ​លោក បាន​ គីម៉ូន​ ពិចារណា​និង​សិក្សា​សំនុំ​រឿង​នេះ​ឡើង​វិញ​ ដោយ​លើក​ឡើង​ថា​ នេះ​ជា​រឿង​បុគ្គល​ មិន​មែន​ជាប់​ពាក់​ព័ន្ធ​គណបក្ស​នយោបាយ​ឡើយ។​ ហើយ​លោក​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​រឿង​គំរាម​កំហែង​នោះ​ទេ​ តែ​នេះ​ជា​រឿង​របស់​តុលាការ៕

អាន​សេចក្តី​ថ្លែងការណ៍របស់អ.ស.ប.

http://www.un.org/sg/statements/index.asp?nid=9252​