ប្រជាពលរដ្ខ ចាប់ជនសង្ស័យឆក់កាបូប វាយឡើងទ្រម ហើយប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យឆក់កាបូបម្នាក់ ត្រូវបានប្រជាពលរដ្ឋ ដេញតាមចាប់ បានវាយឡើងទ្រមខ្លួន ស្ទើរក្ស័យទើបប្រគល់ ឲ្យសមត្ថកិច្ច បន្ទាប់ពីឆក់កាបូប ពីស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូជាមួយបុរសម្នាក់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ចំណុចស្តុបសណ្ឋាគារស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ វិច្ឆិកា ២០១៥ ។

ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺខណៈសមត្ថកិច្ចនាំជនសង្ស័យ ទៅដល់ប៉ុស្តិ៍នគរបាលផ្សារថ្មី២ បែរជាហាមអ្នកសារព័ត៌មាន មិនធ្វើការសាកសួរជនសង្ស័យ ដោយគ្រាន់តែប្រាប់ថា ករណីនេះមិនមែនជាករណីចោរឆក់កាបូបទេ គឺជាករណីគ្រោះ ថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ទោះបីជានៅទីនោះមានទាំងជនរងគ្រោះ ដោយការឆក់កាបូបទៅដាក់ពាក្យបណ្ដឹង និងពលរដ្ឋដែល ចាប់បានជនសង្ស័យជាច្រើននាក់បានធ្វើការអះអាងថា ជាករណីឆក់កាបូប ។

ប្រភពពីសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងជិះម៉ូតូ ជាមួយបុរសម្នាក់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមកឆក់កាបូប របស់គាត់យកទៅបាត់ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាម និងស្រែកចោរៗ ខណៈមកដល់ចំណុចស្តុបសណ្ឋាគារស ប្រហែល ជាភ្លាត់ស្នៀត ឬមកពីភ័យពេកមិនដឹង ស្រាប់តែជនសង្ស័យដែលជិះខាងក្រោយ ក៏ធ្លាក់ពីលើម៉ូតូ ហើយព្យាយាម រត់ទៅខាងផ្សារថ្មី តែត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរដេញចាប់បានវាយឡើងទ្រមខ្លួន ។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ និងនាំជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលផ្សារថ្មី២ ដើម្បីធ្វើការសាកសួរ ដែលស្ត្រីរងគ្រោះដោយ សារការឆក់កាបូបនេះ ក៏ទៅតាមដាក់ពាក្យបណ្ដឹងនៅទីនោះដែរ ។

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋប្រមាណ៥០នាក់ដែលបានចាប់ជនសង្ស័យចងស្លាបសេកនៅកន្លែងកើតហេតុ និងស្ត្រីរងគ្រោះ មានការមិនអស់ចិត្តនោះគឺ ខណៈសមត្ថកិច្ចនាំជនសង្ស័យដល់ប៉ុស្តិ៍នគរបាលផ្សារថ្មី២ សមត្ថកិច្ចបានហាមឃាត់មិន ឲ្យអ្នកសារព័ត៌មានថតរូប និងសាកសួរជនសង្ស័យទេ ដោយគ្រាន់តែនិយាយប្រាប់ថា ករណីនេះមិនមែនជាករណី ឆក់កាបូបនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ហើយកាបូបដែលបាត់នោះគេនឹងយកមកឲ្យវិញមិនខាន ។

ប្រភពពីប្រជាពលរដ្ឋ ជាច្រើននាក់ដែលបានតាមដល់ប៉ុស្តិ៍ ព្រមទាំងជនរងគ្រោះមានការសង្ស័យជាខ្លាំង ហេតុអ្វីបានទៅជា យ៉ាងដូច្នេះទៅវិញ? ជនសង្ស័យត្រូវបានប្រជាពលរដ្ឋដេញចាប់បានជាក់ស្តែង មានទាំងជនរងគ្រោះធ្វើការអះអាង និងរង់ចាំ ដាក់ពាក្យបណ្ដឹងទៀត តែសមត្ថកិច្ចបែរជាថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។

ប្រភពបានបន្តទៀតថា បើជាករណីគ្រោះថ្នាក់ចរាចរណ៍មែន ហេតុអ្វីជនរងគ្រោះបាត់កាបូប (ដែលតាមការអះអាង របស់ស្ត្រីរងគ្រោះនៅក្នុងកាបូបមានទូរស័ព្ទ iPhone 6 plus មួយគ្រឿង និងលុយ២០ដុល្លារ) ហើយបែរជាសមត្ថកិច្ច និយាយថា ចាំគេយកកាបូបមកឲ្យជនរងគ្រោះវិញ ទៅវិញ ៕

ប្រជាពលរដ្ខ ចាប់ជនសង្ស័យឆក់កាបូប វាយឡើងទ្រម ហើយប្រគល់ឲ្យសមត្ថកិច្ច