លោក សម រង្ស៊ី ៖ គណបក្ស ប្រជាជនកម្ពុជា ធ្វើរដ្ឋប្រហារ រដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកបាន បង្ហាញសារ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា គណបក្សប្រជាជនកម្ពុជា ជាអ្នកធ្វើរដ្ឋ ប្រហារ ទៅលើរដ្ឋធម្មនុញ្ញា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ។

លោក សម រង្ស៊ី បានបញ្ជាក់ ក្នុងបណ្តាញហ្វេសប៊ុកថា « បន្ទាប់ពីទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់ គណបក្សប្រជាជនកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ ក្នុងនោះ មានការចាប់ខ្លួន សមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ដាក់ពន្ធនាគារ មកទល់នឹងថ្ងៃនេះ, ការវាយដំយ៉ាងសាហាវ មកលើតំណាងរាស្ត្រគណបក្សប្រឆាំង ២ រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា, ការដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋ សភា។ មានទង្វើបន្ថែមទៀត ជាចុងក្រោយ គឺការចេញដីកាឲ្យចាប់រូបខ្ញុំ ក្នុងឋានៈ ខ្ញុំជាប្រធានគណបក្សសង្រ្គោះ ជាតិ ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ ហើយនៅទីបញ្ចប់ ការបណ្តេញខ្ញុំចេញពីរដ្ឋសភា បន្ទាប់ ពីការបោះឆ្នោតសម្រេចបែបនេះ ធ្វើឡើង ដោយតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះក៏ ដោយ»។

លោកបន្តថា « ទង្វើទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទី របស់គណបក្សប្រឆាំងតែមួយគត់ ដែលមាន អាសនៈក្នុងរដ្ឋសភា ហើយបង្ហាញថា ប្រទេសកម្ពុជា បានវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ ដូចមុនថ្ងៃចុះហត្ថ លេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ។ ទង្វើទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជន កម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលនាំមកនូវ ផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹងដែរ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិប តេយ្យ ដែលមានធានាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាដោយ ១៨ ប្រទេសជាមិត្ត ដោយ មានការគាំទ្រពីអង្គការសហប្រជាជាតិផងដែរ »៕

លោក សម រង្ស៊ី ៖ គណបក្ស ប្រជាជនកម្ពុជា ធ្វើរដ្ឋប្រហារ រដ្ឋធម្មនុញ្ញ