លោក បាន គីមូន ​អំពាវនាវឲ្យ ​CPP និង CNRP​ បន្តវប្បធ៌ម​សន្ទនា

រាជធានីភ្នំពេញ ៖ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក បាន គីមូន ​បានធ្វើការអំពាវនាវ​ដល់គណបក្សប្រជាជនកម្ពុជា ​(CPP) និង​គណបក្សសង្រ្គោះជាតិ(CNRP)បន្តសហប្រតិបត្តិការ ​និងការអនុវត្តវប្បធ៌ម​សន្ទនាជាបន្តទៀត ។

បើតាមសេចក្តីថ្លែង​ការណ៍ចុះថ្ងៃទី១៧​ វិច្ឆិកាម្សិលមិញ​​របស់អ្នកនំាពាក្យ​លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​និងត្រូវបានបង្ហោះ​នៅលើ​គេហទំព័រ​អង្គការ​សហប្រជាជាតិ ​លោក បាន គីមូន ​ក៍បានសម្តែងនូវការ​ព្រួយបារម្ភចំពោះលោក​ សម រង្ស៊ី ​ដែលត្រូវបានតុលាការ​ចេញដីកាចាប់ខ្លួន ​និង បានអំពាវនាវ​ឲ្យបញ្ឈប់ការ​ប្រើ​អំពើហិង្សា ​និងការបំភិតបំភ័យ​នោះថែមទៀត ។

មកដល់ម៉ោង១០និង១៥​នាទីព្រឹកថ្ងៃពុធនេះ​ ទំាងមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​និងគណបក្សសង្រ្គោះជាតិ​ គេមិនទាន់ឃើញ​មានប្រតិកម្មតបភ្លាមៗ​នៅឡើយទេ ជុំវិញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ ៕