បក​ស្បង់​ចីវរ​សង្ឃ​ក្លែងក្លាយ​៥​អង្គ បន្ទាប់​ពី​ដើរ​បិណ្ឌ​បាត្រ​លុយ​ពលរដ្ឋ​ម្នាក់​៤​ម៉ឺន​រៀល

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ​មាន​លោកសង្ឃ​ (ក្លែងក្លាយ) ចំនួន​៥​អង្គ បាន​ដើរ​បិណ្ឌបាត្រ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​កំណត់​ឱ្យ​ដាក់​បាត្រ​​ចំនួន​៤​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ទិញ​ត្រៃ​ធ្វើបុណ្យ​កឋិន​នៅ​វត្ត​ក្រពើ​ហារ ។

ប្រភព​បន្ត​ថា តែ​ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ដាក់​បាត្រទេ និង​មានការ​ងឿងឆ្ងល់​ផង​នោះ ក៏​រត់​ទៅ​រាយការណ៍​ជូន​សមត្ថ​កិច្ច​ក្នុង​សង្កាត់​ព្រែក​ហូរ​ ឱ្យ​ចុះ​ទៅ​ឃាត់ខ្លួនដើម្បីសួរនាំ និង​បាន​និមន្ត​សង្ឃ​ទាំង​៥​អង្គ​នោះ មក​សាលា​អនុគណ​ក្នុង​វត្ត​ក្រពើ​ហារ តែ​ត្រូវ​មន្ត្រី​សង្ឃ​បដិសេធ​ថា លោកសង្ឃ​ទាំង​៥​អង្គ​នោះ ​មិនមែន​ជា​សង្ឃ​ពិតប្រាកដ​នោះ​ទេ ក៏​បាន​សម្រេច​បក​ស្បង់​ចីវរ​ចេញ ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ​តាម​ផ្លូវច្បាប់ ។

ព្រះសង្ឃ​ក្លែងក្លាយ​ទាំង​៥​នោះ ១-​ឈ្មោះ​លី ឆៃ​ឡាក់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ម ឃុំ​ត្រពាំង​ស្រែក ស្រុក​មេ​សាង ខេត្តព្រៃ​វែង ២-​ឈ្មោះ​រឺ ស៊ី​ត អាយុ​៣១​ឆ្នាំ ៣-​ឈ្មោះ​សម្បត្តិ ខេមរា អាយុ​២៧​ឆ្នាំ ៤-​ឈ្មោះ​ព្រាប ប្រុស​វី អាយុ​២៥​ឆ្នាំ និង​៥-​ឈ្មោះ​ឡុ​ង សាន អាយុ​២៧​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​លើ ឃុំ​ពពែ​ល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​បាត្រ​លោក​៥, ឆត្រ​៥, ស្បង់​ចីវរ​៥, សំពត់​ងូត​៥, ថង់យាម​៥, សំបុត្រ​បុណ្យ​កឋិនទាន (​វត្ត​គិរី​វង្ស​) ១២​សន្លឹក​, ប្រាក់​១០​ដុល្លារ និង​ប្រាក់​ខ្មែរ​ចំនួន​១៨,៧៧០០​រៀល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព