​ប៉ូលិស​ស្រុក​កោះធំ ចុះបង្ក្រាប​ល្បែងស៊ីសង​ជាច្រើន​វង់ ឃាត់ខ្លួន​មនុស្ស​១៦​នាក់​

កណ្ដាល: លោក ឈឿន ប៊ុន​ឆៀន អធិការនគរបាល​ស្រុក​កោះធំ បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៣​និង​៤០ នាទី​រសៀល ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​របស់លោក បាន​ចុះ​ធ្វើការ​បង្ក្រាប​វង់ល្បែង​ស៊ីសង ជាច្រើន​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦​នាក់ គឺ​នៅ  ភូមិ​កំពង់​កុង ឃុំ​កំពង់​កុង , ភូមិ​ចំការ​ដូង ឃុំ​លើកដែក , ភូមិ​ទួល​ស្វាយ ឃុំ​លើកដែក និង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

​លោ ឈឿន ប៊ុន​ឆន បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​របស់លោក បាន​ដកហូត​-​បៀរ​ចំនួន ៣៥៦ សន្លឹក កំរាល​ចំនួន ៧ ស្បែកជើង ៧ គូរ ឡ​តូ ៩០​គ្រាប់ ក្រដាសកាតុង ១៦​សន្លឹក ឆ្នោត​វៀតណាម ៥០ សន្លឹក និង​ទូរស័ព្ទ​ចល័ត ១ គ្រឿង​។​

​លោក ឈឿន ប៊ុន​ឆន បាន​បន្តថា នៅ​រសៀល​ថ្ងៃនេះ កម្លាំង​អធិការដ្ឋាន សហការ​រួមជាមួយ ប៉ុស្តិ​កំពង់​កុង លើកដែក ជ្រោយ​តាកែវ ពោធិ​បាន និង សំពៅ​ពូន បាន​ល្បាត និង រឹតបណ្តឹង​ការអនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក៏​ពើបប្រទះ​នឹង​អ្នកប្រព្រឹត្ត ល្បែងស៊ីសង​ខុសច្បាប់ ជាច្រើន​វង់​ផ្សេងៗ​គ្នា ដែល​កន្លងមក ខាង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បានធ្វើ​ការអប់រំ ជាច្រើនលើក​ច្រើនសារ ក៏ប៉ុន្តែ​ពួកគាត់​ភ្លេច​អស់​ភាព​ខ្លាច និង នៅតែ​ហ៊ាន​ប្រព្រឹត្ត​ផ្គើន​នឹង​ច្បាប់​រដ្ឋ ហើយ​ពួកគាត់ ឈ្លក់​វង្វេង ភ្លេច​ការងារ​ចំការ​ស្រែ និង មើលថែ​កូនចៅ ។ ដោយ​ហេតុផល​បង្ការ ក្រែង​អ្នកប្រព្រឹត្ត​នេះ ឈានទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​នឹង​បង្ក​គ្រោះថ្នាក់ ដល់​សន្តិសុខ​សង្គម កម្លាំង​អធិការដ្ឋាន សំរេច​បង្ក្រាប និង​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល ស្រុក​កោះធំ ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង តាម​នីតិវិធី​ច្បាប់ ៕V/S