អ្នកស្រុក​តំបែរ​លើកគ្នា​មក​តវ៉ា​មុខ​សាលាស្រុក

អ្នកស្រុក​តំបែរ​លើកគ្នា​មក​តវ៉ា​មុខ​សាលាស្រុក

ខេត្តកំពង់ចាម ៖ ក្រុម​អ្នក​ភូមិ​ប្រុស​ស្រី​មាន​គ្នា​ប្រមាណ​២០០​នាក់ មក​ពី​ភូមិ​ស្រែប្រាំង ភូមិ​បុស​ស្នោរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បាន​នាំ​គ្នា​មក​ត៉​វា​នៅ​មុខ​សាលាស្រុក​តំបែរ ដើម្បី​ទាមទារ​លក្ខខណ្ឌ​២​ចំណុច កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា តែ​ការ​ទាមទារ​នេះ​មិន​បាន​សម្រេច​ដូច​បំណង​ទេ ។

លោក សែ​ម សាង វ័យ​៣៤​ឆ្នាំ មក​ពី​ភូមិ​ស្រែប្រាំង ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​តវ៉ា​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​បាន​លើក​ទ្បើ​ង​ថា «​ប្រសិនណាបើ​ក្រុមហ៊ុន​ចិន​យក​គ្រឿងចក្រ​ទៅ​រំលោភ​បំពាន​លើ​ដី​ទំនាស់​នេះ និង​ចាប់​យក​គ្រឿងចក្រ​មក​ដាក់​នៅ​សាលាស្រុក​ទុក​ឱ្យ​ប្រជាជន​មើល​» តែ​បែរជា​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ទៅ​វិញ ។

អ្នក​ភូមិ​រូប​នេះ​បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​ចំនួន​៣​គ្រឿង បាន​ចូល​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ត្រង់​ចំណុចដើម​អំពិល​ស្រែ​ស្តុក​ភូមិ​បុស​ស្នោរ ។ ពេល​ដែល​ឃើញ​បែប​នេះ អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ទៅ​ឃាត់​មិន​ឱ្យ​បន្តសកម្មភាព​ទៅ​មុខ​ទៀត​ទេ ហើយ​បាន​ហៅ​លោក សុខ សា​រិ​ទ្ធ អភិបាលរង​ស្រុក​តំបែរ ចុះ​ទៅ​ដល់​កន្លែង​ទំនាស់ ដោយ​បាន​ហៅ​តំណាង​ពលរដ្ឋ​ជា​ច្រើន​នាក់ ឱ្យ​ផ្តិត​មេដៃ​លើ​លិខិត​មួយ​ច្បាប់ ដោយ​សន្យា​យក​គ្រឿងចក្រ​ទាំង​៣​គ្រឿង​មក​ដាក់​នៅ​សាលាស្រុក ។ តែ​មិន​បាន​យក​មក​ដាក់​តាម​ការ​សន្យា​នោះ​ទេ ទើប​ប្រជាជន​នាំ​គ្នា​មក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា នៅ​មុខ​សាលាស្រុក​តំបែរ ដើម្បី​ទី​១-​សុំ​យក​កិច្ចសន្យា​វិញ​។ ២-​អាជ្ញាធរ​ស្រុក​ខេត្ត​ត្រូវ​ចុះ​កិច្ចសន្យា​យក​គ្រឿងចក្រ​មក​ដាក់​នៅ​សាលាស្រុក ។ ទោះជា​បែប​ណា ការ​ទាមទារ​មិន​បាន​សម្រេច​ទ្បើ​យ ។

លោក នាង សាវ៉ា​ត ប្រធាន​សមាគម​អា​ដ​ហុ​ក​ខេត្ត​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​មក​តវ៉ា​ដល់​សាលាស្រុក​តំបែរ​នោះ គឺ​តវ៉ា​ដី​ទំនាស់​សហគមន៍ ដែល​មាន​ចុះហត្ថលេខា​ដោយ​អាជ្ញាធរ​ស្រុក​-​ខេត្ត ។ លោក​ថា នា​ពេល​កន្លង​មកនេះ មាន​មេខ្យល់​បាន​ដើរ​ឱ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​លក់​ដី​សហគមន៍ ហើយ​ថែម​ទាំង​បន្ថយ​ពាក្យ​ថា បើ​មិន​ផ្តិត​មេដៃ​នោះ​ទេ ដី​ដែល​ធ្លាប់​បង្កបង្កើន​ផល​គេ​នឹង​យក​ទទេ ហើយ​លុយ​ក៏​មិន​បាន​ដែរ ។ ដោយ​មានការ​ព្រួយបារម្ភ​ទើប​ពួក​គេ​បាន​យល់ព្រម​ផ្តិត​មេដៃ​ឱ្យ​ក្នុង​មួយ​គ្រួសារ​ៗ បាន​លុយ​ចាប់ពី​២០០​ទៅ​៣០០​ដុល្លារ ។ សូ​ម្បី​តែ​អ្នកលក់​សាច់​ជ្រូក​ជិះ​ម៉ូតូ​កាត់​ក៏​គេ​ហៅ​ឱ្យ​ផ្តិត​មេដៃ​ដែរ បាន​លុយ​១០​ម៉ឺន​រៀល ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន បាន​ចូល​ទៅ​ឈូស​ឆាយ​លើ​ដី​ទំនាស់ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ពេល​ឃើញ​បែប​នេះ​ទើប​ប្រជាជន បាន​នាំ​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ​ទាំង​៣​គ្រឿង មិន​ឱ្យ​បន្តសកម្មភាព​ឈូស​ឆាយដី​តទៅ​ទៀត​ទេ ។

លោក នាដ រ៉ា​វុ​ធ អភិបាលស្រុក​តំបែរ បានឱ្យ​ដឹង​ថា ចំពោះ​ដី​ទំនាស់​វិវាទ​ខាងលើ គឺ​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ចប់​នូវ​ទ្បើ​យ​ទេ ។ សម្រាប់​អាជ្ញាធរ​ស្រុក​មិន​មាន​សិទ្ធិ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ ។ ចំពោះ​គ្រឿងចក្រ​ដែល​ប្រជាពលរដ្ឋ​ឃាត់ មិន​បាន​យក​ដាក់​នៅ​សាលាស្រុក ដោយសារ​តែ​ខ្វះ​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន ហើយ​ធ្ងន់​ថែម​ទៀត តែ​គ្រឿងចក្រ​ទាំងនោះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ក្រុមហ៊ុន​ចិន ឃាត់​ទុក​មិន​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ទំនាស់​បន្ត​ទៀត​ទេ ដោយ​រង់ចាំ​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​សិន ៕