ឈាមស្រែក​ស្បែកហៅ​ ​បុរសម្នាក់​​សម្លាប់ប្រពន្ឋ​និងកូន​​បានពីរថ្ងៃត្រូវចាប់ខ្លួន

ខេត្តកំពង់ធំ៖​ ជនសង្ស័យម្នាក់​ដែលប្រើអំពើហិង្សា​វាយសម្លាប់ប្រពន្ឋ​និងកូនចុង ​​បានត្រូវសមត្ថកិច្ចចម្រុះ​ខេត្តសហការ​ជាមួយនគរបាល​មូលដ្ឋានធ្វើការ​​ឃាត់ខ្លួននៅម៉ោង​៥​ល្ងាច​ថ្ងៃទី១៧ ​វិច្ឆិកាម្សិលមិញ​ នៅតំបន់អូរទ្រព្យរទេះ​ ស្ថិតក្នុងភូមិជំាស្វាយ​ ឃុំមានរិទ្ឋ ​ស្រុកសណ្តាន់ ​ជាប់ព្រំប្រទល់​ខេត្តស្ទឹងត្រែង និងក្រចេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះថា ​ជនសង្ស័យជាប្តីឈ្មោះ​ គុណ គី ​អាយុ៤៨ឆ្នាំ ​រីឯ​ជនរងគ្រោះ​ជាប្រពន្ឋឈ្មោះ ថោង ម៉ិច​ អាយុ៣៥ឆ្នាំ​ និងកូនដែលត្រូវឪពុកចុង​វាយសម្លាប់ដែរឈ្មោះ​ ភាន មាលា ​អាយុ២ឆា្នំ ​ហើយថាអំពើហិង្សា​វាយសម្លាប់នេះ​បានកើតឡើង​នៅថ្ងៃទី១៥ វិច្ឆិកា ២០១៥ ​វេលាម៉ោង១០យប់ ​នៅលើខ្ទមចំាចំការ ​ក្នុងភូមិសាស្រ្តខាងលើ ។

សេចក្តីរាយការណ៍​បានបន្តថា​ មកដល់ម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី១៨​ វិច្ឆិកានេះ សមត្ថកិច្ច​​បានបញ្ជូនជនសង្ស័យ​មកអធិការដ្ឋាន​នគរបាលស្រុក​សណ្តាន់ ដើម្បីកសាង​សំណុំ​រឿង​បញ្ជូនទៅសាលាដំបូង​ចាត់ការបន្តតាមច្បាប់ ៕