គ្រូ Lee បញ្ជាក់​ជា​ថ្មី​រឿង​មិន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​ដំបូង


គ្រូ Lee បញ្ជាក់​ជា​ថ្មី​រឿង​មិន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​ដំបូង

ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​កម្ពុជា​បាន​បក​ស្រាយ​ជា​ថ្មី​ពី​មូលហេតុ​មិន​ដាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ឲ្យ​ជាប់​ជា​ជម្រើស​ដំបូង។

 

គ្រូ Lee បញ្ជាក់​ជា​ថ្មី​រឿង​មិន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​ដំបូង
លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​កម្ពុជា​

 

កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​រក​គ្រាប់​បាល់​ស្ទើរ​គ្រប់​ការ​ប្រកួត​ក្នុង​លីក​កំពូល មិន​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ជម្រើស១១​នាក់​ដំបូង​​របស់​លោក Lee Tae Hoon ទេ។ រហូត​ដល់​នាទី​ទី៦៩ ទើប​កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ប្ដូរ​ចូល​ជំនួស​ខ្សែ​ប្រយុទ្ធ កែវ សុផេង។ ការ​មិន​ជាប់​ជា​ជម្រើស​ដំបូង​របស់​កីឡាករ ចាន់ វឌ្ឍនាកា ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​ដែល​មិន​ធ្លាប់​ឮ​ការ​បក​ស្រាយ​របស់​លោក Lee Tae Hoon ពី​មុន​មក​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

 

នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ​ជប៉ុន​កាល​ពី​យប់​មិញ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​​បាន​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​ល្អ​ប៉ុន្តែ​​មិន​អាច​លេង​ជាលក្ខណៈ​អន្តរជាតិ​បាន​ពេញ ៩០​នាទី​នោះ​ទេ ព្រោះ​លក្ខខណ្ឌ​កម្លាំង ហើយ​លោក​ចង់​ឲ្យ​ក្រុម​​មាន​តុល្យភាព​ជា​មុន​សិន ទើប​វាយ​បក​តាម​ក្រោយ។

 

គ្រូ Lee បញ្ជាក់​ជា​ថ្មី​រឿង​មិន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​ដំបូង

កីឡាករ ចាន់ វឌ្ឍនាកា(លេខ១១) ក្នុង​ប្រកួត​យប់មិញ

 

លោក Lee បាន​និយាយ​ថា៖ «អ្នក​ទាំង​អស់​គ្នា​​សុទ្ធតែ​ដឹង​ហើយ​ថា វឌ្ឍនាកា មិន​អាច​លេង​បាន​ពេញ ៩០​នាទី​ទេ​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ តែ​បើ​នៅ​ក្នុង​លីក​អាច​លេង​បាន… កាល​ពី​លេង​នៅ​ក្រៅ​ដី​ក្នុង​ប្រទេស​ជប៉ុន​ក៏​ខ្ញុំ​ចង់​ដាក់ វឌ្ឍនាកា ដែរ ប៉ុន្តែ​ពេល​នោះ​គាត់​មាន​របួស​មិន​អាច​លេង​បាន»។

 

គ្រូ​បង្វឹក​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ចង់​ឲ្យ​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​ទាំង​អស់​បង្ហាញ​សមត្ថភាព​លើ​ទីលាន ហើយ ចាន់ វឌ្ឍនាកា ក៏​ដូច​គ្នា ប៉ុន្តែ​ត្រូវ​ការពារ​ឲ្យ​ជាប់​ជាមុន​សិន។ ទោះ​បែប​នេះ​ក្ដី ក្រុម​កម្ពុជា​នៅ​តែ​មិន​អាច​ទប់​ជាប់ និង​របូត​គ្រាប់​បាល់ ២​គ្រាប់​ក្នុង​ការ​ប្រកួត៕

 

 

គ្រូ Lee បញ្ជាក់​ជា​ថ្មី​រឿង​មិន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​ដំបូង
 

អត្ថបទ៖ គង់ វិសាល