លោក ផៃ ស៊ី​ផាន ថា​សារ​របស់លោក បាន គី​មូ​ន មិន​ប៉ះពាល់​រដ្ឋាភិបាល​ឡើយ​

​អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន បដិសេធថា សារ​ព្រួយបារម្ភ​របស់លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ដីកា​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី នោះ មិនមាន​អ្វី​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ ព្រោះ​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​កត់សម្គាល់ថា ដីកា​តាម​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី បាន​ក្លាយជា​កង្វល់​មួយ​ដ៏​ធំ និង​ទាមទារ​ឲ្យ​មានការ​ពិភាក្សាគ្នា​។ ​

​ត្រង់ចំណុច​នេះ លោក ផៃ ស៊ី​ផាន បាន​និយាយ​បែប​ប្រុងប្រយ័ត្ន​ថា មុននឹង​មានការ​ចេញ​ដីកាចាប់ខ្លួន​នោះ គឺ​លោក សម រង្ស៊ី ខ្លួនឯង​ទៅវិញ​ដែល​តែងតែ​បរិហា​កេ​រ្ត៍​រដ្ឋាភិបាល រហូតដល់​មានការ​រំលឹក​ឲ្យ​មានការ​អនុវត្ត​ទោស​នៅពេលនេះ​។​«​យើង​សូម​អរគុណ​ចំពោះ​សារ​របស់លោក បាន គី​មូ​ន​។ តែ​សារ​នោះ​គួរតែ​លោក សម រង្ស៊ី វិញ​ទេ ដែល​គួរតែ​មក​សហការ​ជាមួយ​តុលាការ​ដើម្បី​ទទួលទោស ព្រោះ​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​អំពាវនាវ​ដល់​ភាគី​នយោបាយ​ទាំងអស់​ជៀស​ឲ្យ​បាន​ពី​ការប្រើ​អំពើហិង្សា ការគំរាមកំហែង និង​បៀតបៀន​។ លោក​បន្ថែមថា​៖ «​ការចរចា​បែប​ប្រជាធិបតេយ្យ​ក្រោម​បរិយាកាស​ដែល​គ្មាន​ការគំរាមកំហែង គឺមាន​សារសំខាន់​ណាស់​សម្រាប់​ស្ថិរភាព​នយោបាយ និង​សន្តិភាព​សង្គម​»​។​

​លោក ផៃ ស៊ី​ផាន ដែល​បានឃើញ​សារ​អំពាវនាវ​របស់លោក បាន គី​មូ​ន នេះ បាន​បង្វែរ​វិញ​ថា រាល់​ការលើកឡើងរបស់​លោក បាន គី​មូ​ន​នេះ គឺមិនមែន​និយាយ​មក​ចំ​រដ្ឋាភិបាល​នោះឡើយ ព្រោះ​កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែលជា​អ្នក​វាយប្រហារ​មករ​ដ្ឋា​ភិ​បាល ទើប​បង្ក​ជា​បញ្ហា​នេះ​កើតឡើង​។​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​ដូច្នេះ​៖«​បើតាម​សារ​របស់លោក បាន គី​មូ​ន គឺ​ហិង្សា​កើតឡើង​មិនមែន​រដ្ឋាភិបាល​បង្ក​ទេ តែដោយសារ​គណបក្ស​ស​ង្គ្រោះ​ជាតិ​បង្ក​ឲ្យ​មាន​បញ្ហា​កើតឡើង​។​ព្រោះ​យើង​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ​។ រដ្ឋាភិបាល​តែងតែ​ប្រា​ប់លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​មាន​សុជីវធម៌​នយោបាយ មិនគួរ​ដើរ​បរិហា​កេ​រ្ត៍​រដ្ឋាភិបាល​នៅ​បទេស និង​តាម​សាធារណៈ​នោះឡើយ​»​។ នេះ​ជាការ​អះអាង​របស់លោក ផៃ ស៊ី​ផាន មុននឹង​លោក​បន្ថែមថា ដីកាចាប់ខ្លួន​លោក សម រង្ស៊ី គឺជា​រឿង​បុគ្គល មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើ​យ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​