ឯកឧត្ដម សុក ស៊ីផាន់ណា៖ ដើម​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​មាន​ច្បាប់ E-Commerce


ឯកឧត្ដម សុក ស៊ីផាន់ណា៖ ដើម​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​មាន​ច្បាប់ E-Commerce

ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ ដែលមាន​ជា​​ភាសា​អង់គ្លេសថា​ E-Commerce គឺ​កំពុង​មាន​កំណើន​ខ្លាំង​នៅ​​​កម្ពុជា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ត្បិត​អាជីវកម្ម​នេះ បាន​ផ្ដល់​ភាព​ងាយស្រួល​ច្រើន​ក្ដី ប៉ុន្តែ​ហានិភ័យ ដូចជា​ការ​ភ័ន្តច្រឡំ ​​និង​រូបភាព​​បោកប្រាស់​​ផ្សេងៗ​នៅ​តែ​មាន ហើយ​ដើម្បី​ធានា​បាន​សុវត្ថិភាព ​ពាណិជ្ជកម្មរបស់​អាជីវករ ឯកឧត្ដម​ បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ឆ្នាំ​ក្រោយ​លោក​សង្ឃឹម​ច្បាប់ E-Commerce នឹង​លេចជា​​រូបរាង​ឡើង។

 

ឯកឧត្ដម សុក ស៊ីផាន់ណា៖ ដើម​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​មាន​ច្បាប់ E-Commerce


ឯកឧត្ដម​ បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា

“កាល​ពី​ឆ្នាំ​មុន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ឱ្យ​ខ្ញុំ​ជួយ​តាក់តែង​ច្បាប់ E-Commerce។ ខ្ញុំ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ហើយ ឥលូវ​សរសេរ​ចប់​ហើយ អន្តរក្រសួង​ហើយ នៅ​ទាំងអស់​នៅ​​​ក្រសួង​ពាណិជ្ជកម្ម គេ​នឹង​រុញ​ទៅ​គណៈរដ្ឋមន្ត្រី។ សង្ឃឹម​ថា​នៅ​ដើម​ឆ្នាំ​ក្រោយ យើង​​នឹង​មាន​ច្បាប់ E-commerce នេះ​ឯង”។

 

មាន​ប្រជាជន​​មួយ​ចំនួន​មិន​ថា អ្វី​ជា​ E-Commerce ឡើយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម សុក ស៊ីផាន់ណា ក្នុង​ទិវា Global Entrepreneurship Week 2015 ក្រោម​ប្រធាន​បទ “Cambodia’s E-entrepreneurship” កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន CJCC។

 

លោក​ថ្លែង​ថា៖ “E-Commerce៖ E គឺ​អេឡិចត្រូនិក សំដៅ​លើ​ឧបករណ៍ បើ​យើង​លុប E ចេញ​នៅ​សល់ Commerce។ Commerce ហ្នឹង​ជា​ពាណិជ្ជកម្ម…ពាណិជ្ជកម្ម​គឺ​ជា​កិច្ចព្រមព្រៀង​​រវាងអ្នក​​រកស៊ី​ជាមួយ​គ្នា អាហ្នឹង​ពាណិជ្ជកម្ម ទាំង​អ្នក​នាំ​ចូល ​ទាំង​​អ្នក​នាំចេញ ទាំង​អ្នកទិញ ​ទាំង​អ្នក​លក់។ គ្រាន់​ថា​អា​មួយ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​ដី ចាប់​ដៃ​គ្នា ​ខ្ញុំ​ទិញ​អ្នក​ឯង ​ខ្ញុំ​បង់​លុយ អា​ហ្នឹង​ពាណិជ្ជកម្ម​តាម​ធម្មតា បើ​ E-Commerce ពាណិជ្ជកម្ម​ដែរ ប៉ុន្តែ​​​អត់​បាន​ចាប់​ដៃ​គ្នា​ទេ កុំព្យូទ័រ​ទេ​ដែល​ចាប់​ដៃ​នោះ។ បើ​ខ្ញុំ​មាន​ពេល​ខ្ញុំ​នឹង​​ពន្យល់​​ថា​តើ​ច្បាប់​ហ្នឹង​​​​​មាន​កិច្ចសន្យា​យ៉ាង​ម៉េច? ​គេ​មើល​ទៅ​​លើ​​អី? អ៊ីចឹង​ច្បាប់ E-Commerce គឺ​ជា​ច្បាប់​កិច្ច​សន្យា”។

 

តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ពេល​កម្ពុជា​ចូល​​​សមាហរណកម្ម​សេដ្ឋកិច្ច​​អាស៊ាន ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ​​នឹង​ក្លាយ​ជា​តំបន់​ពាណិជ្ជ​ទូលាយ ដែល​អាច​ទាក់ទាញ​​វិនិយោគិន​ជាច្រើន និង​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ប្រកួត​ប្រជែង ក្នុង​ការ​ធ្វើ​អាជីវកម្ម​​តាម​ប្រព័ន្ធ​ផ្សេងៗ៕

 

ចំណុច​ស្នូល៦​យ៉ាង​នាំ​ឱ្យ​យុវជន​ខ្មែរមាន​គំនិត​ចង់​បង្កើត​របរ​ផ្ទាល់​ខ្លួន

តើ E-Commerce ជា​អ្វី?

កញ្ញា​ ​​សុខ​ ផាណានីដា​​៖ ភាព​ជា​សហគ្រិន​មិន​​ស្ថិត​លើ​​ដុង​ ឬ​​​​​​ទៅ​​​លើ​ការ​សិក្សា​តែ​មួយ​នោះ​​ទេ​

 

អត្ថបទ៖ អ៊ុំ សុភក្តិ