អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រិះគន់​ចំណាត់ការ​តុលាការ​ប្រឆាំង​លោក សម រង្ស៊ី​

​បន្ទាប់ពី​តុលាការ​កម្ពុជា​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​មក​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​កត់សម្គាល់ថា ដីកា​តាម​ចាប់ខ្លួន​មេដឹកនាំ​គណបក្សជំទាស់​នៅ​កម្ពុជា​លោក សម រង្ស៊ី បាន​ក្លាយជា​កង្វល់​មួយ​ដ៏​ធំ និង​ទាមទារ​ឲ្យ​មានការ​ពិភាក្សាគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ពិភពលោក​អា​អេ​ហ្វ​ប៉េ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ដល់​ភាគី​នយោបាយ​ទាំងអស់​ចៀស​ឲ្យ​បាន​ពី​ការប្រើ​អំពើហិង្សា ការគំរាមកំហែង និង​បៀតបៀន​។  ក្នុង​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​បន្ថែមថា ការចរចា​បែប​ប្រជាធិបតេយ្យ​ក្រោម​បរិយាកាស​ដែល​គ្មាន​ការគំរាមកំហែង គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម​។​

​ទន្ទឹមនឹងនេះ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណេ​វ ប្រទេស​ស្វី​ស ក៏បាន​សម្ដែង​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ស្ថានការណ៍​ហិង្សា​នយោបាយ​នៅ​កម្ពុជា និង​ករណី​ដក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ព្រមទាំង​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ គួរកត់សម្គាល់​ថា​ទាំង​លោក បាន គី​មូ​ន និង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទូច​ឱ្យ​កម្ពុ​ជាមាន​បរិយាកាស​ន​យោ​បាយ​គ្មាន​ការគំរាមកំហែង​ប្រយោជន៍​ដើម្បី​ស្ថិរភាព​នយោបាយ និង​រក្សា​សង្គម​មួយ​ប្រកបដោយ​សន្តិភាព​។​

​ជុំវិញ​បញ្ហា​នេះ សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន​១៩ ថ្មីៗ​នេះ​បាន​ថ្កោលទោស​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅលើ​ការបង្ក្រាប និង​ការចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​គណបក្សជំទាស់​ថា​កំពុង​គំរាមកំហែង​ដល់​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​សេចក្ដីថ្លែងការណ៍​រួម​ចេញ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន ការកាត់ទោស ការគំរាមកំហែង ការវាយដំ​ជា​បន្តបន្ទាប់​លើ​មន្ត្រី ឬ​តំណាងរាស្ត្រ​បក្ស​ប្រជំ​ទាស់ និង​ចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី គឺជា​រឿង​នយោបាយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រួតត្រា​លើសលប់​ទៅលើ​ប្រព័ន្ធតុលាការ​៕

22 680445-91879654-a20a-11e4-998e-73436098ad1e