លោកស្រី ស៊ូជី ៖ មីយ៉ាន់ម៉ា នឹងបន្តនយោបាយ ទំនាក់ទំនង មិត្តភាពជាមួយចិន

ណៃពិដោ ៖ ប្រទេសមីយ៉ាន់ម៉ា នឹងបន្តអនុវត្តន៍ នូវគោលនយោបាយមិត្តភាព ជាមួយនឹងបណ្តា ប្រទេសទាំងអស់ ក្នុងនោះ ក៏មានប្រទេសចិនផងដែរ ស្របពេលដែលទំនាក់ទំនាក់ ប្រសើរជាងមុន នឹងត្រូវអភិវឌ្ឍន៍ឲ្យបានសម្រាប់ ប្រទេសជិតខាងមួយនេះ ។ នេះបើតាមការលើកឡើង ពីប្រធានគណបក្សឈ្នះឆ្នោត នៅភូមា លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់សម្តី លោកស្រី ស៊ូជី ថ្លែងក្នុងកិច្ចសម្ភាសន៍មួយថា « ចាប់តាំងពី ទទួលបានឯករាជ្យមក ប្រទេសមីយ៉ាន់ម៉ា បានប្រកាន់យកនូវគោលនយោបាយ បង្កើតទំនាក់ទំនងមិត្តភាព ជា មួយនឹងគ្រប់ប្រទេសទាំងអស់ ហើយគណបក្ស NLD របស់ លោកស្រី ក៏នឹងពង្រឹងនយោបាយ ដ៏ប្រសើរនេះទៅ មុខទៀតដែរ»។

ឆ្លើយតប ចំពោះគម្រោងសម្រាប់ទាក់ទាញ អ្នកវិនិយោគចិនវិញ លោកស្រី ស៊ូជី បានបញ្ជាក់ ដូច្នេះថា វាជារឿង សំខាន់ណាស់ ដែលតម្រូវឲ្យក្រុមហ៊ុនចិន កសាងទំនុកចិត្តសម្រាប់ ប្រជាជនមីយ៉ាន់ម៉ា ជាមុនសិន នៅក្នុងការ វិនិយោគ។

ដោយឡែកគំនិតផ្តួចផ្តើម ឲ្យមានវិថីសូត្រ និង ខ្សែក្រវ៉ាត់សេដ្ឋកិច្ច កាលពីឆ្នាំ២០១៣ របស់ លោកប្រធានាធិបតី ចិន ស៊ី ជិនពីង ត្រូវបានលោកស្រី ស៊ូជី គាំទ្រនិងកោតសរសើរថា វាជាផលប្រយោជន៍រួមសម្រាប់តំបន់អាស៊ី ទៅ កាន់តំបន់ អាហ្វ្រិក និង អឺរ៉ុប តាមរយៈការអនុវត្ត តាមលំនាំ នៃសសៃឈាមពាណិជ្ជកម្មកាលពីបុរាណ ៕

លោកស្រី ស៊ូជី ៖ មីយ៉ាន់ម៉ា នឹងបន្តនយោបាយ ទំនាក់ទំនង មិត្តភាពជាមួយចិន