រាជរដ្ឋាភិបាល ចេញសារាចរ ហាមប្រជាពលរដ្ឋ មិនឲ្យលក់ និងជួល ដីស្រែ ចំការ និងទីលំនៅ តាមព្រំដែន ឲ្យពលរដ្ឋប្រទេសជិតខាង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរហាមប្រាម ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបញ្ឈប់ការលក់ ឬ ជួល ដីស្រែ ដីចំការ ឬ ដីលំនៅឋានតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាងដូចជា វៀតណាម ឡាវ និង ថៃ  ដែលជាហេតុនាំឲ្យពលរដ្ឋខ្មែរបាត់បង់ប្រយោជន៍ និងបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងារ។

សារាចរណែនាំនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានការណែនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ  ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា សប្តាហ៍មុននេះ។

សារាចរចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា បានបញ្ជាក់ថា ការជួលដីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែននាពេល កន្លងមក មានករណីខ្លះពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ជាហេតុធ្វើឲ្យ ម្ចាស់ដីជាជនជាតិខ្មែរបាត់បង់នូវផលប្រយោជន៍ នៅពេលមានវិមានកើតឡើង។ មិនតែប៉ុណ្ណោះការជួលនេះ ក៏បង្ក  ឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងារ នៅតំបន់ដែល ពុំទាន់បានកំណត់ខណ្ឌសីមា និងបោះបង់បង្គោលព្រំដែនផ្លូវការរួចរាល់ជាស្ថាពរនោះ។

ក្នុងសារាចរនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចំនួន ៥ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋ និង អាជ្ញាធរ នៅបណ្តាខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម ឡាវ និងថៃ អនុវត្តន៍ឲ្យមានប្រសិទ្ធភាព និង ដោយស្មារតី ទទួលខុសត្រូវ។

វិធានការទាំង ៥ចំណុចនោះរួមមាន៖

១. ហាមប្រជាពលរដ្ឋខ្មែរ មិនឲ្យលក់ ឬជួលដីស្រែ ដីចំការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពល  រដ្ឋ នៃប្រទេសជិតខាង ទោះបីក្នុងរូបភាពណា ក៏ដោយ។

២. ក្នុងករណី ដែលមានការជួលដីរួចហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្ត ត្រូវចាត់  ចែងណែនាំឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់លែងឲ្យមានការជួលដីនោះ ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាងតទៅ ទៀត ដោយដាក់ឱសានវាទក្នុងរយៈពេលកំណត់មួយជាក់លាក់ ស្របតាមស្ថានភាពជាក់ស្តែង។

៣. ក្នុងករណី ដែលមានការជួលដីរួចហើយ តែមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ ការជួលដីនោះ អាចបន្ត រហូតដល់អស់សុពលភាព។ បន្ទាប់ពីបញ្ចប់សុពលភាព ហាមមិនឲ្យជួលដីនោះបន្តទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជិតខាងទៀតឡើយ។

៤. អភិបាលខេត្ត ត្រូវចាត់ឲ្យមានការពិនិត្យឯកសារ ឬកិច្ចសន្យា ដែលប្រជាពលរដ្ឋខ្មែរបានជួលដីនៅតាមតំបន់ព្រំ ដែន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាងនាពេលកន្លងមក ដើម្បីណែនាំឲ្យប្រជាពលរដ្ឋខ្មែរអនុវត្តតាមស្មារតី ចំណុចទី២ និងចំណុចទី៣ខាងលើ។

៥. ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធត្រូវដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តសមស្រប ដើម្បី ជួយជំរុញការបង្កបង្កើនផល និងការដាំដុះដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដែលមានជាការ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរ ជួលដីឲ្ យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាង៕

រាជរដ្ឋាភិបាល ចេញសារាចរ ហាមប្រជាពលរដ្ឋ មិនឲ្យលក់ និងជួល ដីស្រែ ចំការ និងទីលំនៅ តាមព្រំដែន ឲ្យពលរដ្ឋប្រទេសជិតខាង