លោក ខៀវ កាញារីទ្ធ៖ កំណើនប្រជាជន កណ្តាលរាជធានី ជាបញ្ហាបង្ក ឲ្យមានភ្លៀងលិចខ្លាំង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានអះអាងថា ការកើនឡើងនៃចំនួនប្រជាពលរដ្ឋ មករស់នៅកណ្តាលរាជធានីភ្នំពេញ បានបង្កឲ្យទឹកលិចរាជធានី នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ថ្លែងក្នុងសិក្ខាសាលា បណ្តុះបណ្តាលស្តីពី ប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នាសណ្ឋាគារហ៊ីម៉ាវ៉ារី លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា មុនឆ្នាំ១៩៧០ នៅរាជធានីភ្នំពេញ មានប្រជាជនរស់នៅជិត ៦០ម៉ឺននាក់ បច្ចុប្បន្ន មាន២លាននាក់។ ពីដើមផ្ទះមិនឲ្យធ្វើខ្ពស់លើសពីវត្តភ្នំទេ អីចឹងផ្ទះមិនលើសពី ៦ជាន់ទេ ប៉ុន្តែឥឡូវផ្ទះ ១ជាន់ ២ជាន់ មានតិចណាស់ គឺមានតែពី ៨, ១០ ទៅ ១៥ជាន់។

លោកបានបន្តថា «ក្នុង ១ជាន់មនុស្សនៅប៉ុន្មាន? ហើយម្នាក់ប្រើទឹកប៉ុន្មាន? ហើយពេលភ្លៀងធ្លាក់ទៀត អីចឹងវាលិច។ ប៉ុន្តែអ្នកខ្លះថា ពីមុនហេតុអ្វីមិនលិច? វាមិនលិចដោយសារមនុស្សរស់នៅកណ្តាលក្រុងវាតិច ឥឡូវមនុស្សនៅក្នុងកណ្តាលក្រុងវាច្រើន»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ពីដើមភ្លៀវធ្លាក់ខ្លាំង ឬតិចគេគិតពីបរិមាណទឹកភ្លៀង។ ក្នុង១ម៉ោងកម្ពស់ទឹកភ្លៀង វាប៉ុន្មាន? ឥឡូវនេះ ការប្រែប្រួលបរិស្ថាន ទើបនៅភ្នំពេញពេលភ្លៀងម្តងៗច្រើនហួស ការលិចលង់តែងតែមាន ការនិយាយបែបនេះ មិនកាន់ជើងការមិនធ្វើផ្លូវ ធ្វើលូរនោះទេ ប៉ុន្តែ អ្នកសារព័ត៌មាន ត្រូវតែយល់ពីចំណុចនេះ នៅពេលសរសេរព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កន្លងមកដំបូងបំផុតមានជនបរទេសម្នាក់ បានលើកឡើងថា ការលុបបឹងកក់បានជាបណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំង លិចរាជធានីភ្នំពេញ ប៉ុន្តែតាមពិតបឹងកក់ មិនមែនជាកន្លែងស្តុក ទឹកនោះទេ ហើយប្រព័ន្ធលូរ ក៏មិនបានធ្វើបាញ់ទៅកាន់បឹងកក់ដែរ អីចឹងបឹងកក់មិនមែន ជាកន្លែងស្តុកទឹកទេ ដូច្នេះហើយ អ្នកដែលមិនដឹងចេះតែនាំគ្នានិយាយទៅ។

យ៉ាងណាគេមិនអាចទំនាក់ទំនង សុំប្រតិកម្មពីលោក តឹក សុវណ្ណារ៉ា ប្រធានអង្គការ NGO Forum បាននោះទេ ជុំវិញការលើកឡើងរបស់លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងរួមសហការជាមួយប្រព័ន្ធព័ត៌មាន ដើម្បីផ្តល់ដំណឹងស្តីពីបញ្ហា នៃការប្រែប្រួលអាកាសធាតុ, លើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយកម្មវិធីព័ត៌មានស្តីពី ការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកជំនាញលើការងារប្រែប្រួលអាកាសធាតុចែករំលឹកបទពិសោធន៍ និងចំណេះដឹងដល់គ្នា៕

លោក ខៀវ កាញារីទ្ធ៖ កំណើនប្រជាជន កណ្តាលរាជធានី ជាបញ្ហាបង្ក ឲ្យមានភ្លៀងលិចខ្លាំង

លោក ខៀវ កាញារីទ្ធ៖ កំណើនប្រជាជន កណ្តាលរាជធានី ជាបញ្ហាបង្ក ឲ្យមានភ្លៀងលិចខ្លាំង

លោក ខៀវ កាញារីទ្ធ៖ កំណើនប្រជាជន កណ្តាលរាជធានី ជាបញ្ហាបង្ក ឲ្យមានភ្លៀងលិចខ្លាំង

លោក ខៀវ កាញារីទ្ធ៖ កំណើនប្រជាជន កណ្តាលរាជធានី ជាបញ្ហាបង្ក ឲ្យមានភ្លៀងលិចខ្លាំង