នាយករដ្ឋមន្រ្តីរុស្ស៊ី នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ លោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបំណងដើម្បីពង្រឹង និងពង្រីកបន្លែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទំាងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ច លោក ឌីមីទ្រី មេដវេដេវ នឹងជួបពិភាក្សាការងារ ផ្លូវការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងធ្វើអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួនផងដែរ។

ឯកសារ ដែលនឹងចុះហត្ថលេខារួមមាន៖

ទី១.កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មរវាងអង្គភាព ស៊ីបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី, ទី២.កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៣.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៤.កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី, ទី៥.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុក និងទី៦.លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម។

សូមបញ្ជាក់ថាក្រៅ ជួបពិភាក្សាការងារផ្លូវការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន លោក ឌីមីទ្រី មេដវេដេវ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបផងដែរ៕

នាយករដ្ឋមន្រ្តីរុស្ស៊ី នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា នាចុងសប្តាហ៍នេះ

នាយករដ្ឋមន្រ្តីរុស្ស៊ី នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា នាចុងសប្តាហ៍នេះ