រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក​ផ្កាយ​៣ រុន រ័ត្ន​វាសនា ដែលជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក រុន រ័ត្ន​វាសនា បាន​ពង្រាយ​កម្លាំង​លើផ្លូវ​ជាតិ​លេខ​៨ ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​បំពាន​ទៅលើ​តួនាទី​របស់​ក្រសួង​សាធារណការ​ថែមទៀត​។ ដោយហេតុថា នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ មាន​តួនាទី​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម ប៉ុន្តែ​គេ​បែរជា​ទៅ​ត្រួតពិនិត្យ​ប​ចេ្ច​ក​ទេស​យានយន្ត​និង​ឯកសារ​រថយន្ត​ទៅវិញ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ផ្កាយ​៣ រុន រ័ត្ន​វាសនា បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​លោក​ផ្កាយ​៣​រូបនេះ បាន​ទិញ​រថយន្ត​ម៉ា​ស្តា​អត់​ពន្ធ​ជាច្រើន​គ្រឿង​យកមកប្រើ​ប្រាស់​នៅក្នុង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​។ បញ្ហា​នេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ត្រួតពិនិត្យ​រថយន្ត​ដែល​ប្រើប្រាស់​នៅក្នុង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ​ជាបន្ទាន់​។ ជាងនេះទៅទៀត​គេ​មិនដឹងថា មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ឬ​អគ្គស្នងការ​នគរបាល​ជាតិ ឬក៏​អត់​នោះទេ​បានជា​លោក​ផ្កាយ​៣ រុន រ័ត្ន​វាសនា ទិញ​រថយន្ត​ម៉ា​ស្ដា​អត់​ពន្ធ​ជាច្រើន​គ្រឿង​មកប្រើប្រាស់​ក្នុង​អង្គភាព ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

គួរ​រំលឹក​ដែរ​ថា​កន្លងមក​លោក រុន រ័ត្ន​វាសនា ធ្លាប់​ធ្វើជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បានត្រឹមតែ​៧​ខែ​ប៉ុណ្ណោះ​ក៏ត្រូវ​របូត​តំណែង​វិញ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​លោក រុន រ័ត្ន​វាសនា ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងពេក​ទើប​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​ក្រាស់ៗ​រួមគ្នា​ប្តឹងទៅ​ថ្នាក់លើ​ឲ្យ​ដកហូត​តំណែង លោក រុន រ័ត្ន​វាសនា ភ្លាមៗ​។ ឥឡូវនេះ​នៅពេលដែល​កាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​បានតែ​ជាង​៩​ខែ ស្រាប់តែ​លោក រុន រ័ត្ន​វាសនា ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើអាក្រក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដូច​កាលពីមុន​ទៀតហើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​គួរ​ចាត់វិធានការ​លើ​លោក​ផ្កាយ​៣ រុន រ័ត្ន​វាសនា ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

ក្លឹប-អ្នកកាសែត-កម្ពុជា-5លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ