តុលាការ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

រហូតមកដល់​ពេលនេះ​មានតែ​មនុស្ស​៣​នាក់​ប៉ុណ្ណោះ ដែល​តុលាការ​សម្រេច​ចោទប្រកាន់​និង​នាំយកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្នុង​សំណុំរឿង​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។ ទាក់ទង​នឹង​បញ្ហា​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច ព្រមទាំង​តុលា​ការរក​យុត្តិធម៌​សម្រាប់​ពួកគាត់​។ ពេលនេះ​តំណាងរាស្ត្រ​រងគ្រោះ​ទាំង​២​រូប​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ ហើយ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក៏​ស្នើ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ការស៊ើបអង្កេត ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​លុបបំបាត់​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​។

​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក ញ៉យ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​បន្ថែម​ល្បឿន​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​រូបលោក ដោយ​ស្នើ​ឲ្យ​ស្វែងរក​ជនដៃដល់​ពិតប្រាកដ​និង​ជន​ដែល​នៅ​ពី​ក្រោយខ្នង​មក​ផ្តន្ទាទោស​តាមច្បាប់​។ លោក ញ៉យ ចំរើន បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ របួស​របស់លោក​នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ឆ្អឹងជំនីរ​នៅ​ចុក​នៅឡើយ ហើយ​ដើមទ្រូង​និង​ខ្នង​ក៏​នៅ​ឈឺ​ដែរ ដៃ​បាក់​ហើយ​ឆឹ្អ​ង​ក្រោម​ភ្នែក​ក៏​បាក់​។ ចំណែក​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ក៏​មិនទាន់​ជាសះស្បើយ​នៅឡើយ​ដែរ​។

សូមបញ្ជាក់ថា​តាមរយៈ​មេធាវី​របស់ខ្លួន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពីបទ​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ព្រមទាំង​ទាមទារ​សំណង​ជា​ទឹកប្រាក់​ម្នាក់ៗ​១០០​លាន​រៀល​។ មេធាវី​ការពារ​ក្តី​លោក ញ៉យ ចំរើន និង​លោក គង់ សភា គឺ​លោក ជូ​ង ជូ​ងី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ពាក្យបណ្តឹង​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ​។ ដោយសារតែ​តុលាការ​ហាក់ដូច​ជាមាន​ភាពយឺតយ៉ាវ​ក្នុងការ​ស៊ើបអង្កេត​សំណុំ​រឿងនេះ ទើប​តំណាងរាស្ត្រ​រងគ្រោះ​ទាំង​២​រូប​ទទូច​ឲ្យ​តុលាការ​បន្ថែម​ល្បឿន​ក្នុងការ​ស៊ើបអង្កេត​សំណុំរឿង​របស់ខ្លួន និង​ទាមទារ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច ក៏ដូចជា​តុលាការ ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​៕

19986_1012438418819623_2249249443584344562_n 12191403_1012438408819624_3478833075270815918_n